(ភ្នំពេញ)៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅប្រទេសអេក្វាឌ័រ និងប្រទេសជប៉ុន ដែលធ្វើឲ្យបាត់បង់ជីវិតមនុស្ស និងរងរបួសរាប់រយនាក់ ព្រមទាំងខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។

យោងតាមសារលិខិតរបស់សម្ដេច ហ៊ុន សែន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ផ្ញើរជូនលោក ស៊ិនហ្ស៊ូ អាបេ នាយករដ្ឋមន្ដ្រីនៃប្រទេសជប៉ុន និងលោក រ៉ាហ្វាអែល កូរ៉េអា ដែលកាដូ ប្រធានាធិបតីនៃសាធារណរដ្ឋអេក្វាឌ័រ  មានខ្លឹមសារស្រដៀងគ្នាថា “ខ្ញុំមានសេចក្ដីក្រៀមក្រំ យ៉ាងខ្លាំង ដោយបានទទួល ព័ត៌មាន អំពីការកើនឡើងនៃចំនួនអ្នកស្លាប់និងរងរបួល ព្រមទាំងការខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ ដែលបណ្ដាលមកពីការរញ្ជួយដីដ៏ខ្លាំងបានកើតឡើងនៅតំបន់តាមបណ្ដោយឆ្នេរសមុទ្រនៃប្រទេសអេក្វាឌ័រ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦នេះ”។

លិខិតបន្តថា “ខ្ញុំសូមសំដែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះឯកឧត្តម និងប្រជាជនជប៉ុន ជាពិសេសជនរងគ្រោះ និងសមាជិក គ្រួសារអ្នកស្លាប់ចំពោះការបាត់បង់ ដ៏សោកសង្រេង និងសេចក្ដីឈឺចាប់ដ៏ធំធេង ដែលបង្កឡើងដោយគ្រោះមហន្ដរាយធម្មជាតិនេះ”។

សូមបញ្ជាក់ថា ប្រទេសជប៉ុន មានករណីរញ្ជួយដី ក្នុងកម្រិត៦,១រិចទ័រ បានវាយប្រហារនៅតំបន់ឆ្នេរសមុទ្រ Mie ស្ថិតក្នុងតំបន់ Kansai នៅកោះ ហ៊នស៊ូ (Honshu)។ មានរលករញ្ជួយ ដែលមានជម្រៅ ១០គីឡូម៉ែត្រ និងមានកម្រិត៣៣,៤ដឺក្រេ នៃរយៈទទឹង ភាគខាងជើង និងប្រវែងប្រមាណ១៣៦,៤ដឺក្រ រយៈបណ្តោយ ប៉ែកខាងកើត ក្នុងនោះធ្វើឲ្យមនុស្សស្លាប់ និងរបួសជាង១ពាន់នាក់។ ចំណែកនៅប្រទេសអេក្វាឌ័រ យ៉ាងហោចណាស់ អ្នកស្លាប់កើនដល់ ២៣៣នាក់ ក្នុងគ្រោះធម្មជាតិរញ្ជួយដី៕

 

 

នាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមរំលែកទុក្ខអ្នកស្លាប់ដោយរញ្ជួយដី នៅអេក្វាឌ័រនិងជប៉ុន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់