(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជា បានបន្ត​​លើកឡើង​​ពី​អត្ថ​ប្រយោជន៍​​នៃ​​ការប្រើប្រាស់ប្រាក់​រៀល​​ ខ្មែរ ដោយបង្ហាញកង្វល់ថា ការប្រើប្រាស់រូបិយប័ណ្ណលើសពីមួយនៅក្នុងសេដ្ឋកិច្ច បានបង្កើនចំណាយប្រតិបត្តិការ ទាំងពេលវេលា និងប្រាក់កាស។ 

កាលពី​ពេល​ថ្មីៗ​នេះ ​ធនាគារជាតិ​នៃ​កម្ពុជា បានលើកឡើង​ពី​អត្ថប្រយោជន៍​នៃ​​ប្រាក់​រៀល ​ថា “ការ​ប្រើ​ប្រាស់​​ប្រាក់រៀល​លើកកម្ពស់​មោទនភាព​ជាតិ និង​សាមគ្គីភាព​ជាតិ”​​​។ ជាថ្មី​ម្តងទៀត នៅ​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​មីនា​ ឆ្នាំ២០១៦ ធនាគារជាតិ​នៃ​កម្ពុជា បន្តលើកឡើងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀល ខ្មែរ ក្រោមខ្លឹមសារ ថា “ប្រាក់រៀលចូលរួមចំណែកកាត់បន្ថយចំណាយប្រតិបត្តិការ” ។

ធនាគារជាតិនៃកម្ពុជា បានសរសេរនៅលើទំព័រFacebook របស់ខ្លួន ថា ការប្រើប្រាស់រូបិយប័ណ្ណលើសពីមួយនៅក្នុងសេដ្ឋកិច្ច បានបង្កើនចំណាយប្រតិបត្តិការ ទាំងពេលវេលានិងប្រាក់កាស។ ទំនិញ និងសេវា អាចនឹងត្រូវបានគិតថ្លៃជារូបិយប័ណ្ណផ្សេងៗគ្នា អាស្រ័យលើ៖ ក) ប្រភពដើមនៃទំនិញនិងសេវាទាំងនោះ (ផលិតក្នុងស្រុកឬនាំចូល) ខ) ទំហំប្រតិបត្តិការ (តូបឬធំ) គ) ប្រភេទទីផ្សារ (ប្រពៃណីឬទំនើប)។

ប្រភពបន្តថា ដោយសារតែប្រាក់រៀល និងដុល្លារអាមេរិកចរាចរទន្ទឹមគ្នា អ្នកទិញប្រឈមនឹងការខាតបង់អាស្រ័យលើក្រដាសប្រាក់ ដែលកាន់។ អត្រាប្តូរប្រាក់ ត្រូវបានកំណត់ដោយអ្នកលក់ ដោយមិនផ្អែកលើអត្រាទីផ្សារ និង មានទំនោរផ្តល់អត្ថប្រយោជន៍ដល់អ្នក លក់។ ធនាគារជាតិនៃកម្ពុជា បានលើកជាឧទាហរណ៍ ថា អ្នកទិញត្រូវប្តូរប្រាក់មុននឹងទូរទាត់ឲ្យអ្នកលក់ ដែលធ្វើឲ្យខាតទាំងពេលវេលានិងប្រាក់កាស។ អ្នកលក់ ក៏ខាត ទាំងពេលវេលា និងប្រាក់កាសផងដែរ នៅពេលដែលពួកគេកំណត់ថ្លៃទំនិញជារូបិយប័ណ្ណផ្សេងៗគ្នា។

ធនាគារជាតិ បានបន្ថែមថា អ្នកលក់ប្រឈមនឹងផលលំបាក ចំពោះការធ្វើកិច្ចបញ្ជិកាគណនេយ្យ នៅពេលរូបិយវត្ថុ ឬ រូបិយប័ណ្ណ  ដែលទទួលបានខុសពីរូបិយវត្ថុ ឬ រូបិយប័ណ្ណ ដែលប្រើប្រាស់ក្នុងប្រព័ន្ធគណនេយ្យ។ ទាំងអ្នកលក់ និង អ្នកទិញ សុទ្ធតែប្រឈមហានិភ័យអត្រាប្តូរប្រាក់ នៅពេលដែលតម្លៃ នៃរូបិយវត្ថុ ឬរូបិយប័ណ្ណប្រែប្រួល។

ការប្រើប្រាស់រូបិយវត្ថុជាតិតែមួយ លើការទូទាត់ប្រតិបត្តិការនៅក្នុងសេដ្ឋកិច្ចជាតិ នឹងអាច ជួយកាត់បន្ថយចំណាយច្រើនសម្រាប់អ្នកលក់ និងអ្នកទិញ។ លើសពីនេះ ការប្រើប្រាស់រូបិយវត្ថុជាតិ នឹងអាចជួយបង្កើនប្រតិបត្តិការ  សេដ្ឋកិច្ចឲ្យកាន់តែច្រើន ដោយសារភាពងាយស្រួល ឆាប់រហ័ស និង មានប្រសិទ្ធភាព នៅពេលដែលភាគីទាំងពីរមិនចាំបាច់ ត្រូវខ្វល់ ពីប្រភេទរូបិយវត្ថុ ឬរូបិយប័ណ្ណក្នុងការទូទាត់ ឬគម្លាតអត្រាប្តូរប្រាក់។

នៅកម្ពុជា ដោយសារតែដុល្លាររូបនីយកម្ម មានកម្រិតខ្ពស់ ហើយរូបិយប័ណ្ណបរទេសចរាចរ ដោយសេរី (ប្រការនេះ លើសពីដែនសមត្ថកិច្ចរបស់ធនាគារជាតិ នៃកម្ពុជា ) អាចនាំឲ្យមានអតិផរណាខ្ពស់ នឹងផ្តល់ផលប៉ៈពាល់ អវិជ្ជមាន ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនផងដែរ នៅពេលទំនិញកាន់តែឡើងថ្លៃ។ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ខ្លួនមិនអាចកំណត់ពីចំនួនប្រាក់ដុល្លារអាមេរិក និងរូបិយប័ណ្ណផ្សេងៗទៀតដែលកំពុងចរាចរ នៅក្នុងសេដ្ឋកិច្ចបានទេ។ ដូច្នេះប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយរូបិយវត្ថុ ដើម្បីរក្សាស្ថិរភាពថ្លៃ ក៏ត្រូវបានកំហិតផងដែរ។

សូម​រម្លឹកថា កន្លងមក អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា លោក​ ជា ចាន់តូ ធ្លាប់បាន​លើកឡើង​ថា សព្វថ្ងៃនេះ និន្នាការ​នៃ​ការប្រើប្រាស់​ប្រាក់រៀល កំពុងតែ​មាន​ការកើនឡើង យ៉ាង​ទូលំទូលាយ សម្រាប់​សកម្មភាព​សេដ្ឋកិច្ច ពិសេស​ពង្រីក និង​លើកកម្ពស់​ការប្រើប្រាស់​ទៅ​ដល់​ក្រសួង ស្ថាប័ន​របស់​រដ្ឋ និង​ប្រជាជន​តាម​តំបន់​ជនបទ​នៅ​ទូទាំង​ប្រទេស​។ លោក ជម្រុញឲ្យ​បណ្តាគ្រឹះស្ថាន​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ទាំងអស់ ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន ជា​ប្រាក់​រៀល​បន្ថែមទៀត ដើម្បី​រួមចំណែក​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់រៀល ឲ្យ​កាន់តែ​ទូលំទូលាយ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​៕

 

 

ធនាគារជាតិនៃកម្ពុជា បន្តលើកឡើងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀល ខ្មែរ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់