ទំរាំតែរួចទោសយូរណាស់ ! ផ្ដន្ទាទោស​ក្រុម​ចោរ​រ​ប្លន់​កក្រើក​រាជធានី ដាក់​ពន្ធនាគារ​ម្នាក់​ៗ​ពី​១១៥​ដល់​១៩០​ឆ្នាំ

146

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​សៀ​ល​ថ្ងៃ​ទី​២៥ កក្កដា ២០១៧ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​ក្រុម​ចោរប្លន់​កក្រើក​រាជធានី​ចំនួន​៦​នាក់ បន្ថែម​៦​បទល្មើស​បន្ថែម​ទៀត បន្ទាប់​ពី​បាន​ផ្តន្ទាទោស​រួច​ចំនួន​៣​សំណុំរឿង​មក​ហើយ​។

ជនជាប់ចោទ​ទាំង​៦​នាក់ ១.​ឈ្មោះ ហ្សេ​ត ម៉ា​ន់​រ៉ូ​ហ្សេ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ឥ​ស្លា​ម សម្រេច​បន្ថែម​ទោស​កំណត់​១១៧​ឆ្នាំ លើ​សំណុំរឿង​ប្លន់​សម្លាប់​ជន​រង​គ្រោះ​ទាំង​៦​សំណុំរឿង ក្រោម​ការ​ចោទប្រកាន់​ពី​បទ​លួច​ដោយ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស ដោយ​មរណៈភាព​នៃ​ជន​រង​គ្រោះ បទ កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ បទ​មិន​រាងចាល​ក្នុង​ការ​ប្រព្រឹត្ត​បទ​ម​ជ្ឈឹ​ម បន្ទាប់​ពី​ផ្ដន្ទាទោស​រួច​។

២.​ឈ្មោះ ប៉ែន ចំណាប់ ហៅ​ពី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ​។ ៣.​ឈ្មោះ ហ៊ី​ម សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ ៤.​ឈ្មោះ អេ​ង អា​រី​ហ្វី​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវ​បាន​ប្រកាស​បន្ថែម​ទោស​ម្នាក់​ៗ១២៣​ឆ្នាំ​។ ៥.​ឈ្មោះ ញ៉ែ​ម កន្និដ្ឋា ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ ៦.​ឈ្មោះ ពេជ្រ សូ​ណែ​ក ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ ត្រូវ​បាន​ផ្ដន្ទាទោស​បន្ថែម​១០៩​ឆ្នាំ​។ អង្គហេតុ​ដែល​ធ្វើ​ឲ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ លើកយក​មក​ផ្តន្ទាទោស​ក្រុម​ចោរប្លន់​ដ៏​ល្បីល្បាញ​ទាំង​៦​នាក់​នេះ រួម​មាន ១.​អំពើ​ប្លន់​នៅ​ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក នៅ​ថ្ងៃ​ទី​១១ ធ្នូ ២០១៥ បាញ់​សម្លាប់​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​។ ២.​នៅ​ខែសីហា ឆ្នាំ​២០១៥ នៅ​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា បាញ់​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​។

៣.​នៅ​អំឡុង​ខែតុលា ឆ្នាំ ២០១៥ មាន​ករណី​បាញ់​ជន​រង​គ្រោះ​ចំ​ចង្កេះ​ប្លន់​យក​ម៉ូតូ​នៅ​ស្ពាន​លី​យ៉ុ​ង​ផាត់​។ ៤.​នៅ​ខែកញ្ញា និង​តុលា ឆ្នាំ​២០១៥ បាន​បាញ់​ប្លន់​យក​ម៉ូតូ​ម៉ាក MSX និង​ម៉ូតូ​ស្កូ​ពី​។ ៥.​នៅ​ថ្ងៃ​ទី​១០ ធ្នូ ២០១៥ នៅ​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី បាញ់​ជន​រង​គ្រោះ​ឈ្មោះ សេង សំ​អូន ប្លន់​យក​ម៉ូតូ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ពិការ​អចិន្ត្រៃយ៍ ហើយ​សមត្ថកិច្ច​បាន​តាម​ប្រមាញ់​ក្រុម​ចោរប្លន់​នេះ ដោយ​បាញ់ ចោរ​២​នាក់ និង​ចាប់ខ្លួន​បន្ថែម​៦​នាក់​ទៀត  ៦.​ប្លន់​នៅ​ផ្លូវ​លេខ​៥២៨ សង្កាត់​បឹង​កក់ ខណ្ឌដូនពេញ​។ អ្វី​ដែល​គួរ​កត់សម្គាល់ ក្នុង​សវនាការ​នោះ ក្រុម​ចោរប្លន់​វ័យក្មេង​ប្រកបដោយ​បទ​ពិសោធន៍​បាន​ឆ្លើយ​បដិសេធ​ថា ពួក​គេ​មិន​ដែល​ស្គាល់គ្នា​ទេ ហើយ​ថែម​ទាំង​មិន​បាន​ប្លន់​ជន​រង​គ្រោះ​គ្រប់​រឿង​ទាំងអស់​។

ដូច្នេះ​ក្នុង​៩​សំណុំរឿង​ដែល​តុលាការ​បាន​ផ្ដន្ទាទោស​នេះ ជន​ត្រូវ​ចោទ​ទាំង​៦​នាក់ រួម​មានឈ្មោះ ១.​ឈ្មោះ ហ្សេ​ត ម៉ា​ន់​រ៉ូ​ហ្សេ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ឥ​ស្លា​ម ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​១៩០​ឆ្នាំ​។ ឈ្មោះ ប៉ែន ចំណាប់ ហៅ​ពី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ៣.​ឈ្មោះ ហ៊ី​ម សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ ៤.​ឈ្មោះ អេ​ង អា​រី​ហ្វី​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ម្នាក់​ៗ​សរុប​ចំនួន​១៨៨​ឆ្នាំ​។ ៥.​ឈ្មោះ ញ៉ែ​ម កន្និដ្ឋា ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ ៦.​ឈ្មោះ ពេជ្រ សូ​ណែ​ក ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ ត្រូវ​ផ្ដន្ទាទោស​ម្នាក់​ៗ​ចំនួន​សរុប​១១៥​ឆ្នាំ​៕

banner