​(ភ្នំពេញ)៖ ទីបំផុត ​តុលាការ​បានសម្រេច​ចោទប្រកាន់​មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដ​ហុកទាំង ៤​រូប និង អគ្គលេខាធិការរង​នៃគ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ..ប​) ១រូប ពីបទ​សូកប៉ាន់​សាក្សី និង បទសមគំនិត​សូកប៉ាន់​សាក្សី បន្ទាប់ពីសាកសួរអស់ជាច្រើនថ្ងៃ។​

លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង លោកស្រី លឹម មុន្នី ជាមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក ត្រូវបានតុលាការចោទពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។

រីឯលោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។ ជាមួយគ្នានេះ លោក សឺន សាលី ជាមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ផងដែរ។

សូមបញ្ជាក់ថា មន្ត្រី​សមាគម​អាដហុក​ទាំង​៤​រូប និង​លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ(ACU) ឃាត់ខ្លួន​សាកសួរ​អស់​រយៈពេល៣​ថ្ងៃមកហើយ ​ជុំវិញ​ករណីបណ្ដឹងរបស់​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី (ហៅ​ស្រីមុំ) និង​ក្រោយពី​អង្គភាព​មួយ​នេះ​បាន​ឃាត់ខ្លួន មេឃុំ​គណបក្សសមរង្ស៊ី លោក ស៊ា​ង ចែត ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការយក​ប្រាក់ ៥០០ដុល្លារ ហើយលោកត្រូវសាលាដំបូង​រាជធានី​ភ្នំពេញ ​សម្រេច​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ពាក់ព័ន្ធ​នឹង​បទ​ចោទ​សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​។

ក្រោយពីលោកព្រះរាជអាជ្ញារង គុជ គឹមឡុង បានសម្រេចចោទប្រកាន់ជាផ្លូវការ នៅថ្ងៃច័ន្ទដដែលនេះ ជនជាប់ចោទទាំងអស់ ត្រូវបានបញ្ជូនបន្តនីតិវិធី ទៅកាន់លោក ជា សុខចាន់ដេត ដែលជាចៅ​ក្រម​ស៊ើប​សួរ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​បន្ត​តាម​នីតិវិធីច្បាប់ ។

យោងតាមមាត្រា៥៤៨ “បទ​សូកប៉ាន់​សាក្សី” ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ៥ឆ្នាំ ទៅ១០ឆ្នាំ រាល់​បុគ្គល​ណា​ដែល​ប្រគល់​ឲ្យ​សាក្សី​ដោយផ្ទាល់ ឬ ប្រយោល នូវ​អំណោយ ជំ​នួន ការសន្យា ឬ អត្ថប្រយោជន៍​អ្វីមួយ ដើម្បី​មិន​ធ្វើ​សាក្សី និង​ផ្ដល់​សក្ខីកម្ម​ភូតកុហក៕

អាដហុក ៣

ទីបំផុតមន្ត្រីអាដហុក ៤រូប, គ.ជ.ប ១រូប និង UN ១រូប ប្រឈមនឹងការជាប់ពន្ឋនាគារពី៥ទៅ១០ឆ្នាំ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់