(ភ្នំពេញ)៖ សម្ដេច ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍្ត នេះ បានថ្លែងសរសើរដល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ  សំអាល់ ដែលបានធ្វើសំណើរប្រគល់តួនាទីទៅឲ្យក្រសួងដទៃ។ តែយ៉ាងណា ទន្ទឹមនឹងការសរសើរចំពោះរដ្ឋមន្រ្តីក្រសួងបរិស្ថាន សម្ដេច ហ៊ុន សែន ក៏បានផ្ដល់អនុសាសន៍ឲ្យរដ្ឋមន្រ្តីគ្រប់ក្រសួងទាំងអស់បញ្ឈប់ការឱបយកការងារខុសជំនាញរបស់ខ្លួន។ 

ថ្លែងនៅក្នុងពិធី​សម្ពោធអគារថ្មីរបស់ក្រសួងបរិស្ថានដែលមានទីតាំងនៅជិតកោះពេជ្រ​ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍​​កោតសរសើរ​ចំពោះរដ្ឋមន្រ្តីវ័យក្មេង នៃក្រសួ​ងបរិស្ថាន លោក សាយ សំអាល់ ដែល​ជាកូនប្រុស​របស់​សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ថា​ជា​រដ្ឋមន្រ្តី​ដំបូង​​ដែលបានស្នើដល់​ប្រមុខរាជរដ្ឋាភិបាលរដ្ឋាភិបាលសុំផ្ទេរការងារមួយចំនួន​ទៅឲ្យ​ក្រសួងផ្សេង​។  បើតាមសម្ដេច ហ៊ុន សែន ​ ​ លោក សាយ សំអាល់ បាន​​សុំ​បែងចែកការងារ​ឲ្យ​ដាច់ពីគ្នាគឺ​ដីសម្រាប់អភិរក្សប្រគល់មក​​ក្រសួង​បរិស្ថាន ចំណែក​ដីសម្រាប់​ដាំដុះការ​អភិវឌ្ឍ គឺប្រគល់ទៅ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់និងនេ​សា​ទវិ​ញ​​។​

តែយ៉ាងណា សម្តេច ហ៊ុន សែន ក្នុងពិធី​សម្ពោធអគារថ្មីរបស់ក្រសួងបរិស្ថាន នៅព្រឹកនេះ ក៏បានថ្លែងអំពាវនាវដល់រដ្ឋមន្រ្តីគ្រប់ក្រសួងទាំងអស់ ឲ្យបញ្ឈប់ការឱបយកការងារខុសជំនាញ ហើយដំណើរការផ្ទេរ និងប្រតិភូមិកម្មទៅថ្នាក់ក្រោមជាតិ ក៏មិននៅស្រម៉េមស្រម៉ាមទៀតផងដែរ។

សូមបញ្ជាក់ថា នៅក្នុងពិធីសម្ពោធ​អគារ​ក្រសួងបរិស្ថាននៅព្រឹកនេះ រដ្ឋមន្រ្តីបរិស្ថាន លោក សាយ សំអាល់ បាន​ថ្លែងនៅចំពោះមុខនាយករដ្ឋមន្រ្តីថា ថ្នាក់ដឹកនាំក្រសួង​ថ្លែងអំណរគុណ​ដល់រដ្ឋាភិបាល​ក្នុងការផ្តល់ទីតាំង​ក្រសួង​នៅ​ចន្លោះ​ស្ពាននាគ​និងស្ពាន​តន្រ្តី​កោះពេជ្រ ដោយ​លោក​ចាត់ទុក​ថា​នេះ​ជា”​ទីតាំងដ៏ល្អនៅកណ្តាលរាជធានីភ្នំពេញ”។​ លោក​បន្តថា​ដើម្បីជាការតបស្នង​នឹង​ការផ្តល់ទីតាំងនេះ ក្រសួ​ងបរិស្ថាន​បានស្នើ​សុំនាយករដ្ឋមន្រ្តីដាក់ឈ្មោះអគារ​ថា​”អគារមរតកតេជោ”។

សូមជម្រាបថា «អគារមរតកតេជោ» ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៦,៨០០ម៉ែត្រក្រឡា មានទីតាំងចន្លោះស្ពាននាគ និងស្ពានតន្ត្រីកោះពេជ្រ ​តាមបណ្តោយច្រាំងទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ អគារនេះ មានទទឹង ២៦ម៉ែត្រ និងបណ្តោយ ១១០ម៉ែត្រ មានកម្ពស់ ៣៩ម៉ែត្រ ស្មើនិង ៦ជាន់ ត្រូវបានចំណាយពេលសាងសង់ ១៨ខែ។ «អគារមរតកតេជោ» បានចំណាយថវិកាសាងសង់ជិត ៨លានដុល្លារ (៧,៩៩៨,៧៥០) ក្នុងនោះថវិកា ៥លានដុល្លារ បានមកពីការដោះដូរទីតាំងអគារចាស់ នៃក្រសួងបរិស្ថាន និងថវិកាជិត ៣លានដុល្លារទៀត ជាថវិការបស់រាជរដ្ឋាភិបាល។

ក្រសួង​បរិស្ថាន​នឹងត្រូវ​ប្តូរ​ឈ្មោះ​ទៅ​ជា ​ក្រសួងធនធាន​ធម្មជាតិ​ និង​បរិស្ថាន​វិញ ដើម្បីឲ្យសមស្របនឹងទំហំការងារ​ ក្រោយពីរដ្ឋមន្រ្តីវ័យក្មេង នៃក្រសួងមួយនេះ បាន​ស្នើសុំ​ផ្ទេរ​ ការ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច ទៅ​ក្រសួងកសិកម្ម ហើយផ្ទេរការងារ​គ្រប់​តំបន់អភិរក្ស និង​ការពារនានា មកក្រសួង​បរិស្ថានវិញ៕

 

ទន្ទឹមនឹងការសរសើរដល់រដ្ឋមន្រ្តី ក្រសួងបរិស្ថានចេះផ្ទេរការងារឲ្យក្រសួងដទៃ សម្ដេច ហ៊ុន សែន ផ្ដល់អនុសាសន៍ឲ្យរដ្ឋមន្រ្តីទាំងអស់បញ្ឈប់ការឱបយកការងារខុសជំនាញ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់