តំណាង​សហគមន៍​បឹងកក់​ នៅ​ព្រឹកនេះ​ បាន​ប្រមូល​ផ្ដុំ​គ្នា​ដាក់​ញត្តិ​ទៅកាន់​អង្គការ​សហ​ប្រជាជាតិ​ និង​ស្ថាន​ទូត​មួយចំនួន​ទៀត​ ដើម្បី​ស្នើ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ដោះលែង​អ្នកស្រី​ ទេព​ វន្នី​ និង​ចូលរួម​ក្នុង​សវនាការ​កាត់​ក្ដី​អ្នកស្រី​ ដែលនឹង​ប្រព្រឹត្តិ​ទៅនាពេល​ខាងមុខ​។ ការដាក់​ញត្តិ​នេះ​ធ្វើ​ឡើង​តែមុន​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ ដែល​សាលា​ឧទ្ធរណ៍​នឹង​បើកសវនាការ​កាត់​ក្ដី​លើ​បណ្ដឹង​ជំទាស់​ អ្នកស្រី​ទេព​ វន្នី​ ដែលត្រូវបាន​សាលា​ដំបូង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ​កន្លះ។

ក្រោយ​ពីបាន​ដាក់​ញត្តិ​ទៅកាន់​ទី​ស្នាក់​ការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ហើយ​ អ្នកតំណាង​សហគមន៍​បឹងកក់​ បាន​ដាក់​ញត្តិ​បន្ត​ទៅកាន់​ស្ថាន​ទូត​ចំនួន​ប្រាំ​បន្ថែម​ទៀត​ រួមមាន​ ស្ថាន​ទូត​ជប៉ុន​ អាល្លឺម៉ង់​ អាមេរិក​ អង់គ្លេស​ និង​បារាំង​ នៅ​ព្រឹក​ថ្ងៃ​អង្គារ៍​នេះ​។

បើ​តាម​អ្នក​ស្រី​ បូវ​ សោភា​ តំណាង​សហគមន៍​ដែលមាន​ជម្លោះ​នេះ​ បានលើក​ឡើង​ថា​ ការដាក់​ញត្តិ​ទៅកាន់​អង្គការ​អន្តរ​ជាតិក៏​ដូចជា​ស្ថាន​ទូត​នានា​ គឺជា​ការ​អំពាវនាវ​ឲ្យ​ពួកគេ​ចូលរួម​ក្នុង​សវនាការ​កាត់​ក្ដី​តំណាង​សហគមន៍​បឹងកក់​មួយរូប​ដែល​កំពុង​ជាប់​ឃុំ​ គឺ​អ្នកស្រី​ ទេព​វន្នី​ នៅ​ថ្ងៃទី​២៧​ កក្កដា​ខាងមុខនេះ​។ អ្នក​ស្រី​រំពឹង​ថា​ ការដាក់​ញត្តិ​នេះ អាច​អញ្ជើញ​ស្ថាន​ទូត​ និង​ដៃគូរ​អភិវឌ្ឍ​របស់​កម្ពុជា​ មានវត្តមាន​ក្នុង​សវនាការ​ ដើម្បី​ថ្លឹង​ថ្លែង​ថា​ ការកាត់​ក្ដី​ទៅ​លើ​អ្នក​ស្រី​ ទេព​វន្នី​ មាន​យុត្តិធម៌​ឬយ៉ាងណា​។ គួរប​ញ្ជាក់​ថា​ សវនាការ​នេះ​ គឺសាលា​ឧទ្ធរណ៍​នឹងកាត់​ក្ដី​លើ​បណ្ដឹង​ជំទាស់​ ដែល​អ្នកស្រី​ទេព​ វន្នី​ត្រូវ​បាន​សាលា​ដំបូង​កាត់ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​រយៈ​ពេល​២ឆ្នាំ​កន្លះ​ និង​ពិន័យ​ជាប្រាក់​។

មូលហេតុ​ដែល​ក្រុម​តំណាង​សហគមន៍​ធ្វើ​ការដាក់​ញត្តិ​ទៅកាន់​ស្ថាន​ទូត​ទាំង​ប្រាំ​ គឺ​ដោយសារ​តែ​ស្ថានទូត​ទាំងនោះ​ជា​ដៃគូរ​អភិវឌ្ឍ​របស់​កម្ពុជា​ តួយ៉ាង​ដូចជា​ជប៉ុន​បាន​ផ្ដល់​ជំនួយ​យ៉ាងច្រើន​មកកាន់​កម្ពុជា​។ ហើយ​អ្វីដែល​អង្គការ​សហ​ប្រជាជាតិ​ និង​ស្ថានទូត​នានា​អាច​ធ្វើបាន​ គឺ​ជួយ​ដឹងលឺ​ថា​ តុលាការ​បច្ចុប្បន្ន​មាន​សភាព​បែបណា​ ហើយបាន​ធ្វើ​ការ​បម្រើ​ប្រជា​ពលរដ្ឋ​បាន​ កម្រឹត​ណា​។ នេះបើ​តាម​ការ​ថ្លែង​ពី​តំណាង​សហគមន៍​បឹងកក់​ដដែល​។media

គួរ​រំលឹកដែល​ថា​ ក្រុម​តំណាង​សហគមន៍​ដដែល​នេះ​ធ្លាប់​បាន​ដាក់​ញ្ញត្តិ​ទៅកាន់​សភា​អឺរ៉ុប​និង​ធនាគារ​ពិភព​លោក​ កាលពី​ថ្ងៃ​ទី​១៩​ កក្កដា​ កន្លង​ទៅ​ ម្ដង​រួចមក​ហើយ​ ដើម្បី​សុំ​កិច្ច​អន្តរាគម​ដោះលែង​អ្នកស្រី​ ទេព​ វន្នី​។ អ្នក​ស្រី​ទេព​ វន្នី​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ២០១៧​ សម្រេច​ផ្ដន្ទា​ទោសឲ្យ​ជាប់​ពន្ធ​នាគារ​ និង​ពិន័យ​ប្រាក់ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោសលើ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ ដែល​ប្រព្រឹត្ត​នៅ​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣​។

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Oeun Sophea

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner

មតិយោបល់