(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសជនដៃដល់៣នាក់ ពាក់ព័ន្ធនឹងការវាយតំណាងរាស្រ្ត ឲ្យជាប់ទោសពន្ធនាគារម្នាក់ៗ ៤ឆ្នាំ ប៉ុន្តែ​​អនុវត្ត​ទោស​តែ​មួយឆ្នាំ​ប៉ុណ្ណោះ ដោយ​ព្យួរទោស​៣ឆ្នាំ។

ក្រៅពី​ជាប់ទោសពន្ធនាគារ ចៅក្រមជំនុំជម្រះ លោក ហេង សុខណា ​ក៏បានបង្គាប់ឲ្យពួកគេ​បង់ប្រាក់ពិន័យ​ចូលរដ្ឋ​ក្នុងម្នាក់៦លានរៀល ​ហើយអ្នកទាំងបី​ត្រូវបង់ប្រាក់ជំងឺចិត្ត​រួមគ្នា​ចំនួន​៤០លានរៀលទៅលោក ញ៉យ ចំរើន និង​៤០លានរៀលទៀត​ទៅ​លោក គង់ សភា។

ជនជាប់ចោទ ដែលតុលាការសម្រេចផ្តន្ទាទោសនេះ រួមមានឈ្មោះ ចាយ សារិទ្ធ អាយុ៣២ឆ្នាំ ឈ្មោះ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ និង ឈ្មោះ សុត វណ្ណនី អាយុ៤៥ឆ្នាំ ដែលជាប់ចោទពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា២១៨ និង មាត្រា៤១១នៃក្រមព្រហ្មទណ្ឌ។ តែយ៉ាងណា លោក​ចៅក្រម​ ហេង​ សុខណា​ បានសម្រេចលើកលែងការចោទប្រកាន់ ក្នុងមាត្រា ៤១១ ដែលចោទពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​​។

សូមរម្លឹកថា លោក ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោក គង់ សភា តំណាងរាស្ត្រមណ្ឌលស្វាយរៀង ត្រូវបានមនុស្សមួយក្រុមប្រើហិង្សា បណ្តាលឲ្យរងរបួសយ៉ាងដំណំ បន្ទាប់ពីមានបាតុកម្មទម្លាក់ លោក កឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៥។

អ្នកតំណាងរាស្រ្តទាំងពីររូប បានប្តឹងអ្នកបង្កហិង្សារលើរូបលោកពីបទ “ប៉ុនប៉ងឃាតកម្មគិតទុកជាមុន” និង “ធ្វើឱ្យខូចខាត ដោយចេតនាមានស្ថានទម្ងន់ទោស” ទាមទារសំណងជំងឺចិត្តម្នាក់ចំនួន ១០០លានរៀល។ រហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ជនជាប់ចោទ៣នាក់ខាងលើ ដែលត្រូវបានសាធារណជនចោទប្រកាន់ថា មានការពាក់ព័ន្ធនឹងករណីវាយតំណាងរាស្រ្តនោះ បានចេញមុខសារភាពចំពោះមុខគណៈកម្មការស៊ើបអង្កេតក្រសួងមហាផ្ទៃ ហើយតុលាការសម្រេចឃុំខ្លួនពួកគេតែម្តង៕

ជនដៃដល់

តុលាការកាត់ទោសជនដៃដល់វាយតំណាងរាស្រ្ត ឲ្យជាប់ពន្ធនាគារ៤ឆ្នាំ តែអនុវត្តទោស១ឆ្នាំ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់