បើ​និយាយ​ពី​តារាភាពយន្ត​កំពុង​លេចធ្លោ​ក្នុង​សិល្បៈ​ភាពយន្ត​របស់​ប្រទេស​ថៃ​នាពេល​បច្ចុប្បន្ននេះ គេ​ឃើញថា​គ្មាន​នរណា​លេចមុខ​ជាង​តារា​ទាំងបី​ដួង​នេះ​ទេ​។ តារា​ទាំងបី​ដួង​ដែល​យើង​លើក​យកមក​បង្ហាញ​នាពេលនេះ​មានដូចជា​តារា​ជើងចាស់ អែន​ថង ប្រាក់​ស៊ុម (Anne Thongprasom) ឈុំ​ភូ អា​រ៉ា​យ៉ា (Chompoo Araya)​និង តារា​ទើប​រះ​ថ្មី​គឺ​នាង ម៉ិ​វ នី​ត​ថា​ជី​យ៉ា​យឺន​(Mew Nittha Jirayungyurn)​។​
​នេះ​ជា​រឿងរ៉ាវ​របស់​តារា​ស្រី​ទាំងបី​ដែល​ទាក់ទង​នឹង​ការងារ សម្រស់ ស្នេហា និង រឿងរ៉ាវ​ជីវិត​ឯកជន​ពិត​របស់​ពួកគេ​នៅ​ខាងក្រៅ​ឆាក ដែល​អ្នក​អាច​ឈ្វេងយល់​ដូចខាងក្រោម​នេះ ។​
១- តារា​ជើងចាស់ អែន​ថង ប្រាក់​ស៊ុម​
​នាង ប្រាក់​ស៊ុម និង កំលោះ អែ ធី​ន​ផាន់ តាន់​ធិ​និ​រ៉ា​ន់ (Ae Tinpun Thunthinirun) បាន​ស្រឡាញ់គ្នា​បើ​គិត​មកដល់ពេលនេះ​មាន​រយៈពេល ១៤ ឆ្នាំ​មកហើយ ។ ទោះបី មកដល់ពេលនេះ​មិនទាន់មាន​ដំណឹង​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​ពី​ការចូល​រោងការ​ក៏ដោយ ប៉ុន្តែ​សេចក្តីស្នេហា​របស់​អ្នក​ទាំងពីរ​ចាត់ទុកបាន​ថា កំពុង​ស្អិតល្មួត និង រឹងមាំ ។ កន្លងមក​ពួកគេ​មិន​ធ្លាប់មាន​រឿងរ៉ាវ​រកាំរ​កូ​ស​អ្វី​ឡើយ​ក្រៅពី​សេចក្តីស្រឡាញ់​ចំពោះ​គ្នា និង ភាព​ផ្អែមល្ហែម ។
​នាង ប្រាក់​ស៊ុម ធ្លាប់បាន​និយាយថា «​នាង​ខ្ញុំ​សុំ​ប្រាប់​យ៉ាងច្បាស់​ថា ពេលដែល​ខ្ញុំ​ចូលចិត្ត​បរិភោគ​អាហារ​ហាង​ណា​ហើយ​តែង​ចូលចិត្ត​ទីនោះ ជានិច្ច​មិនមែន​មនុស្ស​ឆាប់​ធុញទ្រាន់ ហើយ​ប្រៀបធៀប​សេចក្តីស្នេហា របស់ខ្ញុំ​ដូចគ្នា​គឺ​ស្រឡាញ់​ហើយ​មិន​នឿយណាយ​ឡើយ​។ ពួកយើង​គឺ​ស្មោះ​នឹង​គ្នា​មិនអាច​ធ្វើ​អ្វី​ស្រេច​តែ​នឹកឃើញ​ដាច់ខាត​» ។
​ក្នុង​វិស័យ​សិល្បៈ ប្រាក់​ស៊ុម ជា​អ្នក​រើស​សាច់រឿង​សម្តែង បើ​រឿង​ណា​ពេញចិត្ត​ទើប​សម្តែង ហើយ​បើ​មិន​ពេញចិត្ត​វិញ​គឺ​សុំ​បដិសេធ​តែម្តង ។ ដោយសារតែ​រើស​ពេក​ទើប​ធ្វើ​ឲ្យ​នាង​សម្តែង​រឿង​ក្នុង​មួយឆ្នាំៗ បានតែ​មួយ​រឿង ឬ ពីរ​រឿង​ប៉ុណ្ណោះ ។
​ក្នុងការ​សម្តែង​តារា​ភា​យន្ត​រូបនេះ​តែង​ត្រូវបាន​គេ​តម្រូវ​ឲ្យ​សម្តែង​ទៅតាម​វ័យ ដែល​មានន័យថា សម្តែង​ទៅតាម​រូបរាង និង វ័យ ។ នាង​និយាយថា «​ខ្ញុំ​មិនអាច​ពេល​ចាស់​ហើយ សម្តែង​ជា​តួ​យុវវ័យ​បានទេ ហើយ​បើ​ចាស់​បន្តិចទៀត​ខ្ញុំ​នឹង​សម្តែង​តួ​ម្តាយ វិញ​ម្តង​» ។​
​នៅពេល​ទំនេរ​ពី​ការងារ ប្រាក់​ស៊ុម ចូលចិត្ត​ហាត់ប្រាណ ក្រៅពីនេះ​ពេល​ភ្ញាក់​ពី​ដំណក​ពេលព្រឹក​នាង​ចូលចិត្ត​ទៅ​ម៉ាស្សា​មុខ ពេល​រសៀល ម៉ាស្សា​ខ្លួន ។ តារា​សម្តែង​រូបនេះ​ធ្លាប់​ប្រាប់ថា ការរក្សា​សម្រស់​បែបនេះ នឹង​ឲ្យ​ស្រស់ស្អាត​បានយូរ ។​
​រៀងរាល់​ព្រឹក ប្រាក់​ស៊ុម ចូលចិត្ត​បរិភោគ​អាហារ​ច្រើនជាង​ពេល​ដទៃទៀត ។ សម្រាប់​ពេល​ថ្ងៃត្រង់​នាង​កាត់បន្ថយ​អាហារ​ប្រភេទ​ម្សៅ ហើយ​បរិភោគ​បន្លែ​វិញ ។ ចំណែក​ពេល​ល្ងាច​នាង​មិន​បរិភោគ​អាហារ​មាន​សារជាតិ​ម្សៅ​តែម្តង ។ ថ្ងៃ​ខ្លះ​បើ​ចង់​បរិភោគ​នំ​ពេល​ល្ងាច​វិញ​គឺ​នាង​ភ្លក្ស​តែមួយ​ចំណិត​ប៉ុណ្ណោះ ។​

២- ឈុំ​ភូ អា​រ៉ា​យ៉ា​
​តារាភាពយន្ត​រូបនេះ​បានប្រកាស​ការភ្ជាប់​ពាក្យ​ជាមួយ​លោក ន​ត វីត​សា​រុត រ៉ុង​ស៊ី​ស៊ី​ង​ផី​ផាត (Nott Witsarut Rungsisingpipat)  ក្នុង​ក្រុមហ៊ុន​ជ្រើសរើស​គូស្រករ​មួយ​ដែល​បាន​ជួល​នាង​ធ្វើជា​តារា​ក្នុង​កម្មវិធី​សម្រាប់​ទាក់ទាញ​អតិថិជន ។ ថ្ងៃ​នោះគេ​បាន​ឲ្យ​នាង​ជ្រើសរើស​គូ​តាម​ក្តី​ស្រមៃ​របស់ខ្លួន​ចង់បាន ។ ពិធីករ​បាន​សួរ​នាង​ថា ចង់បាន​បុរស​ក្នុង​ក្តី​ស្រមៃ​ដែលមាន​រូបរាង​មុខមាត់​បែបណា ? ថ្ងៃនោះ​នាង​បាន​ឆ្លើយថា «​ខ្ញុំ​ចង់បាន​បុរស​ពូកែ​ធ្វើការ និង ចេះ​កិច្ចការ​ក្នុងផ្ទះ​» ។​
​បន្ទាប់ពីនោះ​ពិធីករ​បាន​ជ្រើស​រើ​សបុ​រស​ម្នាក់​ដែលមាន​រូបរាង​ដូច​នាង​ចង់បាន​គឺ​លោក ន​ត ឲ្យ​មក​បង្ហាញ​ក្នុង​ផ្ទាំង​កញ្ចក់​ទូរទស្សន៍​ធំ​មួ​យមក​ឲ្យ​នាង​មើល ។ ចាប់តាំងពី​ពេលនោះ​មក​អ្នក​ទាំងពីរ​ហាក់​មាន​មនោ​ស​ញ្ចេ​ត​ជាមួយគ្នា ហើយ​បាន​សាង​ស្នេហា​បន្តិច​ម្តង​រហូត​ក្លាយជា​ស្នេហា​ក្រៅ​ឆាក​រហូតមក​ដល់ពេលនេះ​តែម្តង ។​
​ក្នុងការ​សម្តែង តារាភាពយន្ត ឈុំ​ភូ តែង​ជ្រើសរើស​តួ​ដែល​ទន់ជ្រាយ និង មិនសូវ​រឹងមាំ ប៉ុន្តែ​សម្រាប់​ជីវិតក្រៅឆាក ពិសេស​សេចក្តីស្នេហា​ជាមួយ​កំលោះ ន​ត វិញ​ឃើញថា​នាង​រឹងមាំ និង ផ្អែមល្ហែម​មើលទៅ​គួរ​ឲ្យ​ច្រណែន ។​
​ឈុំ​ភូ មាន​វិធី​ថែរក្សា​សម្រស់​បែប​ងាយៗ គឺ​ផឹកទឹក​គ្រប់ពេល និង ពិសេស​ជាង​នេះ​នាង​ចូលចិត្ត​បរិភោគ​ផ្លែឈើ​ថែមទៀត ។ ការ​ជើ​ស​រើស​បរិភោគ​បែបនេះ​នាង​ប្រាប់ថា នឹង​ជួយ​ឲ្យ​ស្អាត​បានយូរ​មិន​ងាយ​ចាស់ ។​
​ទោះជា​និយម​ចូលចិត្ត​បរិភោគ​បែបនេះ​ក្តី ប៉ុន្តែ​តារាភាពយន្ត​រូបនេះ​មិន​ចូលចិត្ត​ហាត់ប្រាណ​ទេ ។ នាង​ប្រាប់ថា ការហាត់​ប្រាណ​រង់ចាំ​បន្តិចទៀត ព្រោះ​ពេលនេះ​រូបរាង​នៅ​ស្រស់ស្អាត​មិនទាន់មាន​ភាពចាំបាច់​ទេ ។​
​ឈុំ​ភូ មាន​និស្ស័យ​មួយ​គឺ​រើស​អាហារ ហើយ​បរិភោគ​តែ​អាហារ​ចាំបាច់​ដូចជា​ស្ករ​សូកូឡា ឬ នំ​ខេ​ក ។ នៅពេល​ចង់​បរិភោក​អាហារ​ទាំងនេះ​នាង​នឹង​ចេញទៅ​បរិភោគ​នៅក្រៅ​ផ្ទះ និង មិន​ធ្លាប់​ទិញ​យកមក​ផ្ទះ​ជាដាច់ខាត ។​

៣- តារា​ទើបតែ​រះ​ថ្មី​នាង ម៉ិ​វ នី​ត​ថា​ជី​យ៉ាំ​យឺន​
​នាង​ចូលចិត្ត​ទស្សនា​រឿង​របស់​ខ្លួនឯង​សម្តែង​គ្រប់​រឿង ហើយ​បើ​ថ្ងៃ​ណា​ជាប់រវល់​ការងារ​តែង​មើល​នៅពេល​ក្រោយ​តាម YouTube ។ នាង ចូលចិត្ត​ទទួល​ការកែលម្អ​រាល់​ការសម្តែង​របស់ខ្លួន បើសិន​ឃើញ​ចំណុច​ណា​នៅ​អន់​តែង​កែប្រែ និង ដោះស្រាយ​ភ្លាម ។​
​បើទោះជា​រៀន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ក្នុង​ពិន្ទុ​ខ្ពស់​បែបណា​ក្តី ប៉ុន្តែ ជីវិត​ពិត​នាង​មិនបាន​គិតថា​ការដែល​ខ្លួន​បានមក​ប្រឡូក​វិស័យ​សិល្បៈ​ជោគជ័យ​ដល់​ថ្នាក់​នេះ​មិនមែន​កើតចេញពី​សមត្ថភាព​ដោយផ្ទាល់​ទេ នាង​បែរជា​គិតថា ទេព​កោស​ល្ប​នេះ​បានមកពី​ព្រហ្ម​លិខិត​ច្រើនជាង​ទៅវិញ ។ នាង​បាន​ប្រាប់ថា «​បើ​មិនបាន​ចូល​សិល្បៈ​មកដល់​ថ្ងៃនេះ​ខ្ញុំ​មិនដឹងថា បានការ​ងារ​អ្វី​ទេ​” ។​
​មកដល់ពេលនេះ ម៉ិ​វ មាន​មនុស្ស​យល់ចិត្ត​ហើយ​គឺ​មិត្តភក្តិ​ប្រុស​ដែល​ស្និទ្ធស្នាល​បំផុត ។ ពួកគេ​កំពុង​ស្និទ្ធស្នាល ហើយ​ពេលនេះ​ស្ទើរតែ​ក្លាយជា​ដៃគូ​ស្នេហា​ទៅហើយ ប៉ុន្តែ​គ្រាន់តែ​ពួកគេ​មិន​ព្រមឆ្លើយ​មួយ​ម៉ាត់ ថា «​សង្សារ​» នៅឡើយ ។​
​រឿង​ថែរក្សា​សម្រស់​វិញ ម៉ិ​វ ប្រយ័ត្នប្រយែង​ក្នុងការ​បរិភោគ​អាហារ​ខ្លាំងណាស់ ។ អាហារ​ណា​ដែល​ពេល​បរិភោគ​ទៅ​នាំ​ឲ្យ​ឡើង​ទម្ងន់​នោះ​មិនសូវ​ប៉ះពាល់​ទេ ពិសេស​បង្អែម​នាង​មិន​យក​ភ្នែក​មើល​តែម្តង ។ នាង​ថា​ការឡើង​ទម្ងន់​ងាយ​ទេ ប៉ុន្តែ​ការបញ្ចុះ​វិញ​វា​ពិបាក​ជាង ។​
​ចំពោះ​ការហាត់​ប្រាណ ម៉ិ​វ ប្រាប់ថា មាន​ម្តងម្កាល តែ​យ៉ាង​ក៏​ព្យាយាម​ហាត់​ដែរ ដើម្បី​រូបរាង​ស្អាត និង ថែរក្សា​សម្រស់​បានយូរ​អង្វែង​ដូច​តារាភាពយន្ត​រៀមច្បង​ដទៃទៀត ៕ ដេប៉ូ​

ប្រភព៖ ប្រជាប្រិយ

 

តារា​ស្រី​ថៃ ៣ រូប​ប្រាប់​ពី​ការថែរក្សា​សម្ផស្ស និង ស្នេហា​

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់