(កណ្តាល)៖ នៅព្រឹកថ្ងៃទី៧ ខែមេសា នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវនាវទៅដល់ម្ចាស់រថយន្តឈ្នួលទាំងអស់ មេត្តាកុំឆ្លៀតដំឡើងថ្លៃនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ការអំពាវនាវរបស់សម្តេច ហ៊ុន សែន បានធ្វើឡើងខណៈអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់មហាកុដ្ឋិ “តេជោរ៉ានីរតនៈ” នៅវត្តប្រជុំនទី ហៅក្រពើហា នៅក្រុងតាខ្មៅ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ថ្លៃសាំងបានចុះហើយ មិនគួរម្ចាស់រថយន្តឈ្នួលតម្លើងថ្លៃធ្វើដំណើរនោះទេ។ សម្តេច បានថ្លែងយ៉ាងដូច្នេះថា “ឥឡូវប្រេងនៅលើទីផ្សារកម្ពុជា ក៏កំពុងតែចុះថ្លៃ ដូច្នេះមិនគួរបង្កើនថ្លៃធ្វើដំណើរក្នុងរយៈពេលនេះ (បុណ្យចូលឆ្នាំ) ដែលភាគច្រើនកម្មករ កម្មការិនីរបស់យើង ដែលមកពីជនបទត្រូវត្រឡប់ទៅវិញ ដើម្បីចូលឆ្នាំ ហើយត្រូវវិលពីស្រុកកំណើតមកកាន់ទីក្រុង ដើម្បីធ្វើការវិញ ហើយឆ្លៀតដំឡើងថ្លៃនោះទេ។ សូមមេត្តាម្ចាស់រថយន្ត ទាំងរថយន្តឈ្នួលធំៗ ទាំងតាក់ស៊ី សូមមេត្តាយោគយល់អំពីបញ្ហានេះ”។

សម្តេច ហ៊ុន សែន បន្តថា ប្រសិនបើថ្ងៃធម្មតារកផលចំណេញបានប៉ុណ្ណា គួរបន្តទទួលប៉ុណ្ណោះដដែល ដើម្បីបង្ហាញពីកាយវិការ នៃការយោគយល់គ្នា។

គួរកត់សម្គាល់ថា ស្ទើរៀងរាល់ឆ្នាំ ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន តែងតែបានអំពាវនាវដល់អ្នកបើកបររថយន្តឈ្នួលនិងក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរទាំងអស់ កុំឲ្យដំឡើងថ្លៃរថយន្តនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។

យ៉ាងណាក៏ដោយ គេតែងសង្កេតឃើញមានការដំឡើងថ្លៃនៅមុន អំឡុងពេល និងក្រោយថ្ងៃចូលឆ្នាំ។ ម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ និងអ្នកបើកបររថយន្តឈ្នួលលើកឡើងថាខ្លួនឡើងថ្លៃព្រោះសមត្ថកិច្ចតាមគោលដៅនីមួយៗ បង្ខំឲ្យបង់ប្រាក់ខុសច្បាប់។ ឯម្ចាស់ក្រុមហ៊ុនខ្លះលើកឡើងថាការឡើងថ្លៃនេះ ដើម្បីទូទាត់ប្រាក់បន្ថែមឲ្យបុគ្គលិកដែលធ្វើនៅថ្ងៃសម្រាកបុណ្យទាន៕

 

ដូចរាល់ឆ្នាំ សម្តេច ហ៊ុន សែន អំពាវនាវដល់ម្ចាស់រថយន្តឈ្នួល កុំឲ្យដំឡើងថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់