បន្ទាប់ពីធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីពុលស្រា នៅខេត្តក្រចេះ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ បាន ជាថ្មីម្ដងទៀត ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានចេញសារព្រមាន និង ហាមមិនឲ្យផឹកស្រាស ឫស្រាថ្នាំ ព្រោះថាមានកម្រិតជាតិពុលខ្ពស់។

សារព្រមានរបស់ក្រសួងសុខាភិបាល នេះ បានដាក់ចំណងជើងថា «ស្រាស ឬ ស្រាថ្នាំ ដែលផលិតនៅក្នុងតំបន់ យើងនេះ មានកម្រិត ជាតិពុលខ្ពស់»។ សារព្រមានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ បានធ្វើឡើងក្នុងបំណង ដាស់តឿន និងក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសឲ្យឈប់ផឹកស្រាស ឬ ស្រាថ្នាំ។

សារព្រមានរបស់ក្រសួងសុខាភិបាល រួមមាន៖ «កុំឲ្យផឹកស្រាស ឬស្រាថ្នាំទាំងនោះ», «បើនៅតែផឹក អ្នកនឹងឈឺ ឬស្លាប់»។

ក្នុងសារនេះ ក្រសួងក៏បានណែនាំផងដែរថា បើប្រជាពលរដ្ឋរងគ្រោះដោយស្រាស សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬ មន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់។ បន្ថែមលើនេះ ក្រសួងសុខាភិបាល បង្ហាញលេខទូរស័ព្ទពីរប្រព័ន្ធ សម្រាប់ព័ត៌បន្ថែម រួមមាន ០១២ ៩២៤ ០០៩ និង ០១២​ ៦០១ ១៥២។

គួរកត់សម្គាល់ថា សារព្រមានរបស់ក្រសួងសុខាភិបាល នេះ បានធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋនៅខេត្ត ក្រចេះ កន្លងមកនេះ បានឈឺ និងស្លាប់ជាបន្តបន្ទាប់ ដោយសារកាពុលស្រាស។

ទាំងមន្ទីសុខាភិបាលខេត្ត ក្រចេះ និងក្រសួងសុខាភិបាល ធ្លាប់ចេញសេចក្ដីប្រកាសរបស់ខ្លួនម្ដងរួចមកហើយ ដោយអំពាវនាវឲ្យបញ្ឈប់ការពិសាស្រាគ្មានការត្រួតពិនិត្យ និងបញ្ជៀសការបរិភោគសាច់សត្វឈឺឬ ងាប់ ដោយបញ្ជាក់ថា បើមិនដូច្នោះទេ នឹងបណ្តាលឲ្យឈឺ និងវិវត្តដល់ការស្លាប់។

បន្ថែមលើនេះ ប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ក្នុងកិច្ចប្រជុំ ស្តីពី “ការផ្សព្វផ្សាយទស្សនទានសីលធម៌សាសនា ដើម្បីសុខដុមនីយកម្ម នៅកម្ពុជា ក្នុងទិវាសកម្មភាពសាសនា ដើម្បីកុមារ” នៅព្រឹកថ្ងៃម្សិលមិញ បានប្រកាសអំពាវនាវស្រដៀងគ្នានោះដែរ ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការទទួលទានម្ហូបអាហារ ដើម្បីជៀសវាងករណីពុលចំណីអាហារ និងពុលស្រា កើតឡើងទៀត។

សូមរម្លឹកថា ប្រជាពលរដ្ឋនៅខេត្តក្រចេះ ក្នុងឃុំនិងស្រុកផ្សេងគ្នា ១៩០នាក់ បានពុលស្រាស និងស្លាប់រហូតដល់ ២១នាក់ គិត ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥មក។ ករណីដូចគ្នានេះ ក៏មានកើតដែរ នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ដោយបុរសពីរនាក់បានស្លាប់ និងម្នាក់ទៀតសង្គ្រោះបន្ទាន់៕

12366055_1532727767041589_1735804066702665468_o

ជាថ្មីម្ដងទៀត ក្រសួងសុខាភិបាល ចេញសារព្រមាន និង ហាមមិនឲ្យផឹកស្រាស ឫថ្នាំ ព្រោះមានកម្រិតជាតិពុលខ្ពស់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់