(សៀមរាប)៖ ឃាតកម្មកាត់ក្បាលសម្លាប់នៅខេត្តសៀមរាបផ្តើមចេញពីរឿងផ្ដាច់ពាក្យការ ដោយជនរងគ្រោះដឹងថាជនសង្ស័យមានប្រពន្ធកូនលែងលះមិនទាន់ដាច់ស្រេច។ នេះបើតាមការបញ្ជាក់ស្រដៀងគ្នាពីអភិបាលខេត្តលោក ឃឹម ប៊ុនសុង និងនាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ក្រោយមានការសាកសួរជនដៃដល់ដែលបានសម្លាប់នារីរងគ្រោះ (សាកសព) ដោយកាត់ក្បាលសម្លាប់នៅខេត្តសៀមរាប លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ឲ្យដឹងភ្លាមៗថា  ឃាតកម្មដែលកាត់ក្បាលនារី នៅផ្ទះសំណាក់ ក្រុងសៀមរាប គឺផ្តើមចេញពីរឿង បុរសជាឃាតកចូលស្តីដណ្តឹងនារីនោះមិនបាន ហើយខឹង, ណាត់គ្នាទៅជួបនៅផ្ទះសំណាក់ សម្លាប់កាត់ក្បាលតែម្តង។

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា៖ ឃាតកមានគ្នា២នាក់ នៅពេលនេះម៉ោងប្រមាណជិត៧យប់នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ឃាតកម្នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បានម្នាក់ទៀតហើយ។ បុរសដែលជាឃាតកនោះមានប្រពន្ធ និងកូន៣-៤នាក់ហើយ។ ព្យាយាមចូលស្តីដណ្តឹងនារីរងគ្រោះ ប៉ុន្តែមិនបាន។ លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា សមត្ថកិច្ចចាប់បាន ខណ:ឃាតកកំពុងដុតក្បាលជនរងគ្រោះ នៅខាងក្រោយផ្ទះ ស្ថិតនៅភូមិព្រៃចាស់ សង្កាត់គោកចក ក្រុងសៀមរាប ពោលជិតព្រលានយន្តហោះ។

ជាមួយគ្នានោះ លោក អ៊ូ សុផល នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងស្រដៀងគ្នានឹងអភិបាលខេត្តដែរ ថា មូលហេតុដែលនាំឲ្យជនដៃដល់សម្លាប់ជនរងគ្រោះនោះ មូលហេតុផ្តើមចេញពីរឿងស្នេហាត្រីកោណ។ លោក អ៊ូ សុផល បានបញ្ជាក់ថា ជនសង្ស័យមានប្រពន្ធរួចហើយតែក្រោយមក មានបញ្ហាជាមួយប្រពន្ធដើម រហូតសុំលែងលះ តែលែងមិនទាន់ដាច់។

បន្ទាប់មកឃាតកក៏មានទំនាក់ទំនង ជាមួយនារីរងគ្រោះ រហូតចូលស្តីដណ្តឹង ហើយឈានទៅដល់ការរៀបចំពិធីមង្គលការ ប៉ុន្តែដំណើរការរៀបចំ អាពាហ៍ពិពាហ៍ទៅមិនរួច ដោយហេតុថា ជនសង្ស័យមិនទាន់លែងប្រពន្ធដាច់ស្រេច។ ក្រោយមានបញ្ហា នារីរងគ្រោះបានចាត់ទុកថា ជនសង្ស័យបោកប្រាស់រហូតឈ្លោះគ្នាយ៉ាងខ្លាំង ហើយជនសង្ស័យក៏រៀបចំផែនការសម្លាប់ នារីរងគ្រោះ រហូតកាត់ក្បាលតែម្តង។

សូមបញ្ជាក់ថា ឃាតកម្មដ៏ឃោឃៅខាងលើ បានកើតឡើងចាប់​តាំង​ពី​ថ្ងៃ​ទី​១១​ ខែ​កុម្ភះ ​ឆ្នាំ​២០១៦ អូសបន្លាយរហូតដល់ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ និងបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ថ្ងៃត្រង់ ទី១៣​ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅផ្លូវផ្សារញ៉ែ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប​ ចំណុចផ្ទះសំណាក់ យីហោប្រាសាទកែវ។

រហូត​ដល់​វេលា​ម៉ោង​១៥និង​២០​នាទី ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ​ម្តាយ​ជន​រងគ្រោះ​ឈ្មោះ ​កេង ធីតា ​មាន​ទីលំនៅ​ភូមិ​បឹងខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ​ខេត្ត​សៀមរាប ​បាន​បំភ្លឺ​ជូន​សមត្ថកិច្ច​ថា​ ជន​រងគ្រោះ​(សាកសព) ​មាន​ឈ្មោះ ​ឡេន សិលា ​អាយុ​២៤​ឆ្នាំ ​រស់​នៅ​ជុំ​គ្នា​បាន​បាត់​ខ្លួន​ដោយ​មិន​ដឹង​មូលហេតុ​រយៈពេល​០២​ថ្ងៃ​ ចាប់​តាំង​ពី​ថ្ងៃ​ទី​១១​ ខែ​កុម្ភះ ​ឆ្នាំ​២០១៦ ​រហូត​ដល់​ថ្ងៃ​កើត​ហេតុ។ ចំណែកជនដៃដល់ មានឈ្មោះ ចាន់ ឆាយយ៉ា ហៅ សំ ភារ៉ាត់ អាយុ៤០ ស្រុកកំណើត នៅខេត្តបាត់ដំបង បច្ចុប្បន្នជននេះត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋានរង់ចាំការសួរបន្ថែម មុននឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការវិនិច្ឆ័យទោស៕

ឃាតកម្មកាត់ក្បាលសម្លាប់នៅខេត្តសៀមរាបផ្តើមចេញពីរឿងផ្ដាច់ពាក្យការ ដោយជនរងគ្រោះដឹងថាជនសង្ស័យមានប្រពន្ធកូនលែងលះមិនទាន់ដាច់ស្រេច

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់