គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំជាលើកចុងក្រោយរបស់ខ្លួន ដើម្បីសម្រេចជ្រើសតំណែងអគ្គលេខាធិការថ្មី ១រូប  និង អគ្គលេខាធិការរង ៤រូប ឲ្យជួយប្រតិបត្តិការងារ។

ដូចការគ្រោងទុក នៅម៉ោងប្រមាណ ៩៖៣៥នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ សមាជិកទាំង ៩រូប របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាលើកចុងក្រោយរបស់ខ្លួន ដើម្បីសម្រេចជ្រើសតំណែងអគ្គលេខាធិការថ្មី ១រូប  និង អគ្គលេខាធិការរង ៤រូប ឲ្យជួយប្រតិបត្តិការងារ។

សូមបញ្ជាក់ថា បេក្ខភាពចុងក្រោយដែលត្រូវពិនិត្យលក្ខណៈសម្បត្តិជ្រើសរើសជាអគ្គលេខាធិការ និង អគ្គលេខាធិការរង នាព្រឹកថ្ងៃទី១៥ ខែមករានេះ មានចំនួន ១៥ រូប ចម្រាញ់ និង ជម្រុះចេញពីបេក្ខភាព ១២៤រូប ដែលបានដាក់ពាក្យប្រកួតប្រជែង។ បេក្ខភាព នៃតំណែងអគ្គលេខាធិការ គ.ជ.ប ៣រូបចុងក្រោយនេះរួមមាន៖ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប, លោក ហេង  មណីចិន្តា ប្រធានអង្គការពុទ្ធសាសនា  ដើម្បីអភិវឌ្ឍន៍ និង លោក យ៉ា ណាវុធ នាយកអង្គការខារ៉ាមកម្ពុជា។

ដោយឡែកបេក្ខភាព  នៃតំណែងអគ្គលេខាធិការរង គ.ជ.ប ១២រូប រួមមាន៖ លោក ម៉ៅ សុភារិទ្ធ ជាមេធាវី, លោក សំ សុគង់ ជា មេធាវី, លោក គឹម  ឈន បុគ្គលិកអង្គការខុមហ្រ្វែល, លោក សោម សូរីដា មន្រ្តី គ.ជ.ប, លោក ម៉ុក ដារ៉ា សាស្រ្តាចារ្យច្បាប់ និង ជំនួយការច្បាប់អង្គ ការនិកហ្វិច, លោក នី ចរិយា បុគ្គលិកសមាគមការពារសិទ្ធិមនុស្ស, លោក តាន់ ប៊ុនវីរៈ មន្រ្តីរាជការក្រសួង ហិរញ្ញវត្ថុ, លោក ណេ  ហ្សូនី មន្រ្តីកម្មវិធីជាន់ខ្ពស់ នៃអង្គការ NDI, លោក សុកុលៈ ទីប៉ោ អគ្គលេខាធិការរង គ.ជ.ប, លោក រស់  សូ និពន្ធនាយក Cia  News, លោក យ៉ត ប៊ុននី បុគ្គលិកអង្គការ Pact Cambodia និងអ្នកស្រី លឹម ច័ន្ទលីដា ក្រុមប្រឹក្សាគណៈ មេធាវី។

គួររម្លឹកថា ថ្មីៗនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសជ្រើសរើស តំណែងអគ្គលេខាធិការថ្មី ១រូប  និង អគ្គលេខាធិការរង ៤រូប ដើម្បីចូលធ្វើការក្នុងអង្គភាពឯករាជ្យ មួយនេះ។

ក្នុងនោះ លោក ទេព នីថា ជាប្រធានបទក្ដៅគគុកជាងគេ ក្នុងចំណោមបេក្ខភាពតំណែងអគ្គលេខាធិការ គ.ជ.ប បីរូបចុងក្រោយ។ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ថា (ERA) កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយជម្រុញឲ្យ គ.ជ.ប ថ្មី ត្រូវមានអគ្គលេខាធិការថ្មី នោះគឺ ត្រូវជ្រើសយកបេក្ខភាពថ្មីមកធ្វើជាអគ្គលេខាធិការជំនួសលោក ទេព នីថា ដោយលើកឡើងថា ដើម្បីទទួលបានការទុកចិត្តពីសាធារណៈជន។

យ៉ាងណាក៏ដោយ តាម​គម្រោង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)  នឹង​ប្រកាស​លទ្ធផល​នៃ​កិច្ចប្រជុំ​សម្រេច​ជ្រើសរើស​អគ្គលេខាធិការ ១ រូប និង​អគ្គលេខាធិការរង គជប ៤ រូប នៅ​ថ្ងៃទី​១៥​ ខែមករា ឆ្នាំ​២០១៦នេះ៕

គ.ជ.ប ប្រជុំជ្រើសរើសបេក្ខភាពអគ្គលេខាធិការ១រូប និង អគ្គលេខាធិការរង៤រូប ចុងក្រោយ នៅព្រឹកនេះ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់