(ខេត្តស្ទឹងត្រែង)៖ ​នៅ​ព្រឹក​ថ្ងៃទី​២០​មករា​នេះ អាជ្ញា​ធរមាន​សមត្ថ​​កិច្ច​ចម្រុះ ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ បាន​ទៅដល់​ខេត្តស្ទឹងត្រែង ដោយ​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ឈើ​របស់​ឧកញ៉ា ទ្រី ភាព នៅ​ចំណុច​ជិត​ស្ពាន​សេកុង ក្រុង​ស្ទឹងត្រែង និង​ទីតាំង​វាយ​ថ្ម​មួយកន្លែង​ទៀត នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​

​ក្រុមហ៊ុន ទ្រី ភាព ជាក្រុមហ៊ុនរកស៊ីឈើគ្រប់គ្រងដោយមេការធំឈ្មោះ អ៊ុក គឹមសាន្ត និងមេការនៅស្ទឹងត្រែងមានឈ្មោះ ស្រេង ម៉េង ឈ្មោះ វីដា និងមេការមួយចំនួនទៀត ដោយក្រុមមេការនេះ ក្រៅពីរត់ការដឹកឈើឲ្យក្រុមហ៊ុន ទ្រី ភាព នៅមានដៃជើងរកស៊ីឈើដឹកឈើខុសច្បាប់ អែបជាមួយឈើរបស់ក្រុមហ៊ុន ទ្រីភាព ដើម្បីលួចបន្លំភ្នែកសមត្ថកិច្ច PC 100M3 ដឹកឈើ២ឆ្នាំអត់ទាន់អស់។ ព្រោះឃុបឃិតត្រូវគ្នាមិនហែក PC ទេ ទាល់តែមានរឿងទើបយក PC មកហែក។

ចំណែកនៅវារីអគ្គិសនីសេសាន២ គឺគ្រប់គ្រងដោយ សាន ចយ ដឹកមិនចេះអស់ ទោះការសំអាតបាតអាងចប់យូរហើយក៏ដោយ គឺកាប់ពីកន្លែងផ្សេងយកចូលក្រុមហ៊ុន ហើយទើបដឹកចេញ។

​សូម​រម្លឹកថា គណៈកម្មការ​ជាតិ ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ចុះ​ប្រតិបត្តិការ ចាប់តាំងពី​រសៀល​ថ្ងៃទី​១៨​មករា ដោយ​ពិនិត្យ​ឃ្លាំង​ស្តុក​ឈើ និង​តំបន់​ដីព្រៃ​សម្បទាន​សេដ្ឋកិច្ច ដើម្បី​ត្រួតពិនិត្យ​គំនរ​ឈើ​កាប់ និង​អារ​រួច នៅក្នុង​ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ និង​មណ្ឌលគិរី​។​

​យ៉ាងណាក៏ដោយ រហូតដល់​ពេលនេះ សមត្ថកិច្ច​ជំនាញ មិនទាន់​បញ្ជាក់​ពី​ចំនួន​ឈើ​ល្មើសច្បាប់​ប៉ុន្មាន ដែល​ត្រូវ​ដកហូត ហើយ​ម្ចាស់​ឈើ ពិសេស​ឧកញ៉ា​ពីររូប ដែល​ល្បីឈ្មោះ​ក្នុងការ​រត់ពន្ធ​ឈើ ទៅ​វៀតណាម គឺ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និង​ឧកញ៉ា សឹង សំអុល នៅ​ខេត្ត​ត្បូងឃ្មុំ ថា​តើ​អាជ្ញាធរ​សមត្ថកិច្ច នឹង​ចាត់វិធានការ​បែបណា​នោះទេ​៕

គណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បន្តចុះដល់ខេត្តស្ទឹងត្រែង ត្រួតពិនិត្យឃ្លាំងស្តុកឈើរបស់ឧកញ៉ា ទ្រី ភាព

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់