គណបក្សយុវជនកម្ពុជា អំពាវនាវដល់ពលរដ្ឋខ្មែរគ្រប់រូប ថែរក្សានូវភាពស្ងៀមស្ងាត់ និងរក្សានូវសណ្តាប់ធ្នាប់ ឲ្យបានខ្ពស់បំផុតនៅ ថ្ងៃទី១៥ ១៦ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខ ជាថ្ងៃដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន ចូលរូមកិច្ចប្រជុំពិសេសនៅ សហរដ្ឋអាម៉េរិក ខណៈយុវជនមួយចំនួន ប្រកាសធ្វើបាតុកម្មនៅលើទឹកដី មហាអំណាចមួយនេះ។នេះបើយោងតាមសេចក្តីអំពាវនាវរបស់គណបក្សយុវជនកម្ពុជា ចុះថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៦។

សេចក្តីអំពាវនាវ របស់គណបក្សយុវជនកម្ពុជាដដែលបានឲ្យដឹងថា គណបក្សយុវជនកម្ពុជា បានសង្កេតឃើញមាន គណបក្សនយោបាយចំនួនពីរ កំពុងប្រើបងប្អូនជាឈ្នាន់ ដើម្បីចង់យកឈ្នះចាញ់រៀងៗខ្លួន គណបក្សទាំងពីរនោះ មានដូចជាគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដោយហេតុអ្នកគាំទ្របក្សនីមួយៗ ប្រកាសធ្វើបាតុកម្មឆ្លើយឆ្លងគ្នាជារឿយៗ តាមបណ្តាញសង្គមហ្វេសបុក ដើមចមនៃការបាតុកម្មនោះ គឺប្រឆាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបំពេញបេសកកម្មនៅ សហរដ្ឋអាមេរិក ដូច្នេះសកម្មភាពបែបនេះ វាមិនបានឆ្លុះបញ្ចាំង ពីសាមគ្គីភាពរវាងខ្មែរនឹងខ្មែរនោះឡើយ។
គណបក្សយុវជនកម្ពុជា សូមអំពាវនាវសារជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ទាំងក្នុងនិងក្រៅប្រទេស មេត្តាកុំបណ្តោយ ឲ្យខ្លួនក្លាយជាចលករ របស់គណបក្សណាមួយឲ្យសោះ។ សូមបងប្អូនគាំទ្រ លើគោលនយោបាយបក្ស កុំគាំទ្រលើបុគ្គល ពីព្រោះវាជាហេតុធ្វើឲ្យ មានការប្រកាន់បក្សពួក ហើយនឹងធ្លាក់ក្នុងសភាពចលាចល ក្នុងសង្គមជាក់មិនខានឡើយ។ គណបក្សយុវជនខ្មែរ មិនចង់ឃើញខ្មែរ បង្អូរឈាមដាក់គ្នានឹងគ្នានោះឡើយ។

សូមជម្រាបថា ការអំពាវនាវរបស់គណបក្សយុវជនកម្ពុជាបែបនេះ គឺស្របពេលដែលពលរដ្ឋខ្មែរនៅអាមេរិក បានប្រកាសធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុន សែន ដែលនឹងទៅចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន នៅទឹកដីសហរដ្ឋអាមេរិក។ភ្លាមៗបន្ទាប់ពីការប្រកាសគម្រោងធ្វើបាតុកម្មប្រឆាំងសម្តេចនាយករដ្ឋមន្ត្រីនោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចនោះ បានប្រកាសថា បើសិនជាមានការធ្វើបាតុកម្មនៅអាមេរិកប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋនៅអាមេរិកមែននោះ សិទ្ធិនៃការធ្វើបាតុកម្មនៅក្នុងប្រទេសកម្ពុជាគឺមានដូចគ្នា។ពាក់ព័ន្ធនឹងបញ្ហានេះដែរ បើតាមអ្នកនំាពាក្យគណបក្សសង្គ្រោះជាតិបានប្រកាសឲ្យដឹងថា បើសិនជាមានការធ្វើបាតុកម្មនៅអាមេរិកមែននោះ គឺមិនពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិនោះទេ។បើទោះបីជាបែបនេះក្តី ក៏ខាងគណបក្សកាន់អំនាចមិនទាន់ជឿរចំពោះការលើកឡើងរបស់គណបក្សសង្គ្រោះជាតិនោះដែរ។

សូមបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក បារ៉ាក់ អូបាម៉ា បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្ររាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន សហរដ្ឋអាម៉េរិក ពីថ្ងៃ១៥-១៦ កុម្ភៈ ឆ្នាំ២០១៦ នៅសានីលែន ទីក្រុងរ៉េនចុ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

សេចក្តីជូនព័ត៌មានខាងលើ បានឲ្យដឹងទៀតថា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋាភិបាលកម្ពុជា ទៅចូលរួមនៅក្នុងកិច្ចប្រជុំនោះ ដែលអមដំណើរដោយ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស, ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃហិរញ្ញវត្ថុ និងលោក ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា។
12745998_1557179011263131_6858057610589591938_n

គណបក្សយុវជនកម្ពុជា អំពាវនាវកុំឲ្យយុវជនខ្មែរក្លាយជាចលករ របស់គណបក្សណាមួយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់