ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសហូរឈាម ស្រោចខ្លួន ខណៈរូបគេ និងប្រពន្ធ ជិះម៉ូតូបត់ឆ្លងផ្លូវ ហើយបានវ៉ាក់ជា មួយម៉ូតូមួយគ្រឿងទៀត ជិះដោយបុរសម្នាក់ ធ្វើឲ្យបុរសម្នាក់នោះជេរប្រមាថ និងយកមួកសុវត្ថិភាព វាយក្បាល បណ្តាលឲ្យបែក បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់ភ្លាមៗ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២២និង០៥នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ នៅចំណុច ខាងជើងស្ពានអាកាស ៧មករា តាមបណ្តោយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ។

ជនរងគ្រោះឈ្មោះ ថន វាសនា ភេទប្រុស អាយុ ២០ឆ្នាំ ជាអ្នកប្រដាល់នៅសមាគម ឬក្លឹបនាគមានជ័យ និងប្រពន្ធឈ្មោះ វ៉ាន់ សុធី អាយុ ២៣ឆ្នាំ អ្នកទាំងពីរស្នាក់នៅម្តុំផ្សារសូរិយា ។

តាមការរៀបរាប់ ពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូមួយគ្រឿង ម៉ាកស្កូបពី ពណ៌ខៀវ លាយស ពាក់ស្លាកលេខភ្នំពេញ 1CV-6548 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ហើយបានឆ្លងមកផ្លូវលេខ៥៩៨  បត់ទៅត្បូង ក្នុងបំណងទៅលេងផ្ទះប្អូន ភ្លាមៗនោះ ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូ ម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប 1C-7257 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ហើយបានវ៉ាក់គ្នាបន្តិច បន្ទាប់មកបុរសដែលជិះម៉ូតូវ៉េវ ក៏បានស្រែកជេរប្រមាថ ដោយឃើញដូចនេះ ជនរងគ្រោះឈ្មោះ វ៉ាន់ សុធី ក៏បានសុំទោសផងដែរ ។ បន្ទាប់មកទៀត ជនបង្កបានទាញមួក សុវត្ថិភាព វាយទៅលើឈ្មោះ ថន វាសនា ត្រូវក្បាល បណ្តាលឲ្យបែកក្បាល និងហូរឈាមស្រោចខ្លួន  ទើបបង្កឲ្យ មានការភ្ញាក់ផ្អើល ដល់អ្នកដំណើរនាំគ្នាឈប់រោមមើល និងសមត្ថកិច្ចដែលឈរជើង នៅគោលដៅ ក្រោមស្ពាន អាកាស ៧ មករា ចុះធ្វើការឃាត់ខ្លួនបានភ្លាមៗតែម្តង ។

ក្រោយពេលកើតហេតុជនបង្ក និងជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនាំទៅធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លា ដើម្បីសាកសួរបន្ត ។

គួរបញ្ជាក់ថា ទាក់ទិននឹងករណីខាងនេះ ភាគីទាំងសងខាងមិនបានជិះម៉ូតូប៉ះ ឬបុកគ្នានោះទេ គឺគ្រាន់តែជិះវ៉ាក់គ្នា បន្តិចសោះ បុរសដែលជាជនដៃដល់ បានជេរប្រមាថ និងយកមួកមកវាយតែម្តង ៕


ប្រភព ៖  ដើមអម្ពិល

ខឹងគេជិះម៉ូតូវ៉ាក់គ្នា បុរសម្នាក់ ជេរប្រមាថ និងយកមួកវាយ បណ្តាលឲ្យ បុរសម្នាក់ទៀត របួសហូរឈាម ស្រោចខ្លួន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់