(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២១០៦នេះ បានប្រកាសជំហរថា កម្ពុជាមិនមាននិន្នាការលំអៀងខ្លាំងទៅមហាអំណាចណាទេ។ ការប្រកាសបែបនេះរបស់លោកឧបនាយករដ្ឋមន្រ្តី ខណៈលោកបាននឹងកំពុងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន (៣ថ្ងៃ) ដោយប្រមុខការទូតកម្ពុជា បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសចិន នាពេលនេះមិនជាប់ពាក់ព័ន្ធបញ្ហាប្រទេសមហាអំណាចនោះទេ។

ជាការឆ្លើយតបនឹងការអញ្ជើញពីភាគីចិន លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២១០៦នេះ បានដឹកនាំប្រតិភូ ចាកចេញពីកម្ពុជា ដើម្បីបើកកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន រយៈពេលបីថ្ងៃ នៅប្រទេសចិន។

យ៉ាងណាក៏ដោយ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន មុនពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសចិន នាពេលនេះមិនជាប់ពាក់ព័ន្ធបញ្ហាប្រទេសមហាអំណាចនោះទេ កម្ពុជាមិនមាននិន្នាការលំអៀងខ្លាំង ទៅរកប្រទេសណាមួយនោះទេ គឺរើសតែមួយគត់ធ្វើយ៉ាងណាឲ្យមានផលប្រយោជន៍ដល់ប្រជាជនកម្ពុជា។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បញ្ជាក់ថាកម្ពុជា និងចិន នឹងបន្តពង្រឹងកិច្ចសហការប្រតិបត្តិការបន្ថែមទៀត ដើម្បីធ្វើឲ្យទំហំពាណិជ្ជកម្ម រវាងប្រទេសចិន និងកម្ពុជា កើនឡើងដល់ ៥០០០លានដុល្លារនៅក្នុងឆ្នាំ២០១៧ ខាងមុខនេះ។

សូមបញ្ជាក់ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង  បានដឹកនាំប្រតិភូ ចាកចេញពីកម្ពុជា នៅម៉ោង៨៖០០ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២១០៦នេះ ដើម្បីចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលកិច្ចប្រជុំនេះ លោក ហោ ណាំហុង គឺជាសហប្រធាន ហើយក៏ជាកិច្ចប្រជុំរៀបចំយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា។ អំឡុងកិច្ចប្រជុំនេះ លោកនឹងជួបជាមួយ លោក យ៉ាង ជាឈី ទីប្រឹក្សារដ្ឋនៃរដ្ឋាភិបាលចិន ហើយអំឡុងពេលស្នាក់នៅប្រទេសចិន លោក ហោ ណាំហុង នឹងជួបលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិនផងដែរ។

ជាការកត់សម្គាល់ ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ខាងលើ ហាក់ដូចជាឆ្លើយតបទៅនឹងអ្នកវិភាគនយោបាយមួយរូប ដែលថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន របស់ប្រមុខការទូតកម្ពុជា នាពេលនេះ អាចជាប់ពាក់ព័ន្ធ និងលើកពិភាក្សាពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ចន ឃែរី មកកាន់ប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ៕

ខណៈធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ប្រមុខការទូតកម្ពុជាប្រកាសជំហរថា មិនមាននិន្នាការលំអៀងទៅមហាអំណាចណាទេ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់