(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែឧសភានេះ ក្លឹបអ្នកកាសែតកម្ពុជា (កអក) បានអំពាវនាវដល់សមាជិក សមាជិកា រួមទាំងអ្នកសារព័ត៌មានទាំងអស់ ចូលរួមស្វែងរកជំនួយជួយដល់ លោក ថត ភារៈ អ្នកយកព័ត៌មានស្ថានីយ៍ទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ ប្រចាំខេត្តស្វាយរៀង ដែលបានរងគ្រោះដោយសារខ្យល់កន្រ្តាក់ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។

បើតាមសេចក្ដីប្រកាសរបស់ ក្លឹបអ្នកកាសែតកម្ពុជា (កអក) ក្នុងការជួបនូវគ្រោះមហន្តរាយនេះ ផ្ទះមួយខ្នងរបស់ លោក ថត ភារៈ ត្រូវបានខ្យល់កន្ត្រាក់ គួចបំបាក់បណ្តាលឲ្យខ្ទេចខ្ទីទាំងស្រុងតែម្តង ហើយបច្ចុប្បន្ននេះ លោក និងក្រុមគ្រួសារ កំពុងប្រឈមការលំបាកទាំងជីវភាព និង ខ្វះជម្រកស្នាក់នៅទៀតផង។

ក.អ.ក ក៏បានចូលរួមសោកស្តាយ និង រំលែកការលំបាករបស់ក្រុមគ្រួសារ លោក ថត ភារៈ ហើយអំពាវនាវដល់សមាជិក សមាជិកា និង អ្នកសារព័ត៌មានទាំងអស់ មេត្តាចូលរួមចែករំលែកជាសម្ភារៈ និង ថវិកា តាមលទ្ធភាពរៀងៗខ្លួន ដើម្បីជួយដល់លោក ថត ភារៈ និង ក្រុមគ្រួសារ ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈដូចគ្នា។

សូមរម្លឹកថា បាតុភូតខ្យល់កន្រ្តាក់លាយភ្លៀង នៅខេត្តស្វាយរៀង កាលពីថ្ងៃទី០៥ ខែឧសភា កន្លងទៅ មិនត្រឹមតែផ្ទះរបស់លោក ថត ភារៈ ប៉ុណ្ណោះទេដែលត្រូវរងគ្រោះ នៅមានផ្ទះប្រជាពលរដ្ឋ ចំនួន១៥៣ខ្នងទៀត និង របួសមនុស្សម្នាក់ ព្រមទាំងរន្ទះបាញ់គោងាប់មួយក្បាល និងក្របី២ក្បាលទៀតផងដែរ៕

 

 

ក.អ.ក អំពាវនាវរកជំនួយជួយគ្រួសារអ្នកកាសែតម្នាក់ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់