(ភ្នំពេញ)៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ឲ្យដឹងថាក្រុមការងារបង្រ្កាប និងទប់ស្កាត់បទល្មើសព្រៃឈើ បានបញ្ជូនសំណុំរឿងក្រុមហ៊ុនចំនួន៤ ទៅតុលាការ ទាក់ទងនឹងភាពមិនប្រក្រតីនៃការស្តុកទុកឈើរបស់ក្រុមហ៊ុនទាំងនោះ ដោយអះអាងថាព្រះរាជអាជ្ញានឹងស៊ើបអង្កេតករណីទាំងនេះ ជាបន្តទៀត។ 

ការសម្រេចបញ្ជូនសំណុំរឿងទៅតុលាការ ទាក់ទងនឹងភាពមិនប្រក្រតីនៃការស្តុកទុកឈើ នាពេលនេះ បន្ទាប់ពីគណៈ​កម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានចុះត្រួតពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីទៅលើក្រុមហ៊ុនចំនួន៤ កាលពីថ្ងៃម្សិលមិញ។

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យដឹងថា នៅថ្ងៃទី៨ ខែមីនា ម្សិលមិញ គណៈ​កម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានចំណាយរយៈពេលមួយថ្ងៃរហូតដល់យប់ ចុះត្រួតពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីទៅលើក្រុមហ៊ុនចំនួន៤ គឺក្រុមហ៊ុនយូនីគ្រីន ក្រុមហ៊ុនម៉ាស្ទឺរខេសាន់ ក្រុមហ៊ុនដាយថាន់ និងក្រុមហ៊ុនកសិកម្មខ្មែរអង្គរ។ លោកបន្តថា ក្រុមការងារជំនាញបានរកឃើញភាពមិនប្រក្រតីនៃការស្តុកទុកឈើរបស់ក្រុមហ៊ុនទាំង៤នោះ ហើយសម្រេចបញ្ជូនសំណុំរឿងទាំងនោះទៅតុលាការ។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក សៅ សុខា បាន​បញ្ជាឲ្យ​ប្រមូល​ឈើ​ទុក​មួយកន្លែង​ឲ្យ​បាន​ឆាប់​​និង​រៀប​ចំ​ឈើ​ទាំងនោះ​ឲ្យ​​បាន​ត្រឹម​ត្រូវ។

លោក អេង ហ៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុក ដោយដកស្រង់សម្តីរបស់​លោក សៅ សុខា ថា៖ “យើងជំរុញឲ្យ​ជំនាញបន្ថែមកម្លាំងខិតខំវាស់វែងឲ្យ​រួចរាល់ទីតាំងទាំងនេះ ហើយធ្វើការញែកឈើស្រប​ច្បាប់និងឈើល្មើសច្បាប់ឲ្យ​ហើយទាំងអស់”។ ទំព័រហ្វេសប៊ុក​បន្ត​ថា​ លោក សៅ សុខា បានបញ្ជាឲ្យ​ប្រមូលឈើទាំងអស់រក្សាទុកកន្លែងសុវត្ថិភាពការពារភ្លើងឆេះ និង​កុំឲ្យ​បាត់បង់​។

នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦នេះ គណៈ​កម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដឹកនាំដោយលោក​ សៅ សុខា ជាប្រធាន បាននឹងកំពុងដឹកនាំក្រុម​ការងារចុះត្រួតពិនិត្យជាក់ស្តែងកន្លែងស្តុកឈើរបស់​ក្រុមហ៊ុនប៊ិញហ្វឿក ក្រុមហ៊ុន​ដាយណាមនិងក្រុមហ៊ុនឆាយណាឌីណាម៉ិច​ និងបន្ត​ចុះទៅខេត្តក្រចេះ​និង​ខេត្តស្ទឹងត្រែង​ បន្ត​ទៀត។​ បើតាម​អ្នកនាំពាក្យ​ លោក អេង ហ៊ី ការ​ចុះបង្រ្កាប​បទល្មើសព្រៃឈើនឹង​ត្រូវ​បញ្ចប់​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២០ ខែមីនា ខាងមុខ ហើយ​ក្រុមការងារ​នឹង​រៀប​ចំ​គោលការណ៍ទៅ​រដ្ឋាភិបាលដើម្បី​ស្នើ​សុំចំណាត់​ការ​លើ​ឈើ​ដែលចាប់បាន​ ដែល​ចំណាត់​ការ​ផ្លូវ​ច្បាប់លើ​ក្រុមហ៊ុន​ប្រព្រឹត្តបទល្មើសព្រៃឈើ​​ ជា​តួនាទី​របស់​តុលាការ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាជាថ្មីឲ្យមន្រ្តីពាក់ព័ន្ធដែលចូលរួមបង្រ្កាបការកាប់បំផ្លាញព្រៃឈើ ឲ្យធ្វើការងាររបស់ខ្លួន ដោយលោកដាក់ការសង្ស័យថាការមិនបង្រ្កាបអាចមកពីមន្រ្តីទាំងនោះ ចូលដៃជាមួយឈ្មួញដឹកឈើ។ គណៈ​កម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ត្រូវបានរដ្ឋាភិបាល សម្រេចបង្កើតឡើងកាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០១៦។ គណៈកម្មការនេះ មានតួនាទី ចុះទប់ស្កាត់និងបង្ក្រាបសកម្មភាពអនាធិបតេយ្យកាប់ព្រៃឈើ ការនាំចេញឈើខុសច្បាប់ និងបទល្មើសព្រៃឈើនានា ស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ ចាប់ជនល្មើសនិងវត្ថុតាងនៃបទល្មើស សហការជាមួយភាគីវៀតណាមនិងឡាវ។ តាមរយៈសេចក្តីសម្រេចនោះ រដ្ឋាភិបាលក៏បានអនុញ្ញាតឲ្យគណៈកម្មការមួយនេះ ប្រើឧទ្ធម្ភាគចក្រយោធាពីរគ្រឿងសម្រាប់ប្រតិបត្តិការរបស់ខ្លួនផងដែរ៕

 

 

ក្រុមការងារបង្រ្កាបនិងទប់ស្កាត់បទល្មើសព្រៃឈើ បញ្ជូនសំណុំរឿងក្រុមហ៊ុនចំនួន៤ ទៅតុលាការ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់