(ភ្នំពេញ)៖ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានប្រកាស​ឲ្យ​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និង​ចាងហ្វាង​កាសែត ទស្សនា​វ​ដ្តី គេហទំព័រ​ទាំងអស់ ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ផ្លូវ​រថភ្លើងខ្សែទី២ (ភ្នំពេញព្រះសីហនុ) ជា​ស្នា​ព្រះហស្ត​របស់​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ​។​

​យោងតាមលិខិតរបស់ក្រសួងព័ត៌មាន បញ្ជាក់ថា “កន្លងមក​មាន​បណ្តាញ​សារព័ត៌មាន​មួយចំនួន បាន​ផ្សាយ​ព័ត៌មាន​ខុសឆ្គង​ដោយ​អ​ចេតនា​ ថា ផ្លូវ​រថភ្លើង​ខ្សែ​ទី​២ ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ បាន​កសាងឡើង​ក្នុងសម័យ​អ​ណា​និគម​និយម​បារាំង”​។

ក្នុងលិខិតដដែលបន្ថែមថា “បញ្ហា​នេះ ក្រសួង​ព័ត៌មាន​សូមបញ្ជាក់ថា ខ្សែ​រថភ្លើង​ខ្សែ​ទី​២ ជា​ស្នា​ព្រះហស្ត​របស់​ព្រះ​បរម​រតន​កោដ្ឋ​ដែល​បាន​កសាងឡើង​នៅ​ក្នុងសម័យ​សង្គមរាស្ត្រនិយម ពុំមែន​កសាងឡើង​នៅក្នុង​សម័យ​អ​ណា​និគម​និយម​បារាំង​ឡើយ ហើយ​ក្នុង​អាណត្តិ​ទី​៥​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​ ​ហ៊ុន សែន ផ្លូវ​រថភ្លើង​ខ្សែ​ទី​២នេះ ​ត្រូវបាន​ស្តារ​ឲ្យ​ដំណើរការ​ឡើងវិញ​”។​

សូមបញ្ជាក់ថា តាមរយៈលិខិតចុះកាលបរិច្ឆេទទី២២ ខែមេសា ឆ្នាំ២០១៦ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះអង្គ​សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់​ឲ្យ​សម្តេចចៅហ្វា​វាំង គង់សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង ធ្វើលិខិតផ្ញើជូន​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ អំពី​ផ្លូវដែក​កម្ពុជា ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ ដែលជា​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៃ​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ គឺត្រូវបានកសាងក្នុងសម័យ​សង្គមរាស្ត្រនិយម មិនមែននៅក្នុង​សម័យ​អាណានិគម​បារាំង​ នោះទេ។

យោងតាមឯកសារប្រវត្តិការកសាងផ្លូវដែក ជាស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋ នាសម័យសង្គមរាស្ត្រនិយម ចន្លោះឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៦៩ បង្ហាញថា ផ្លូវរថភ្លើងពីភ្នំពេញឆ្ពោះទៅកាន់ក្រុងព្រះសីហនុ មានប្រវែង ២៦៦គីឡូម៉ែត្រ សាងសង់ក្រោមស្នាព្រះហស្តរបស់ព្រះអង្គជាព្រះប្រមុខរដ្ឋសាងសង់ ស្ថាបនាដោយការធ្វើហត្ថកម្មផង និងដោយវិស្វកម្មគ្រឿងចក្រផង ដែលមាន៣ដំណាក់កាល៖ ទី១) កំណាត់ផ្លូវពីភ្នំពេញ-តាកែវ សាងសង់ចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៦ មានប្រវែង ៧៥គីឡូម៉ែត្រ, ទី២) កំណាត់ផ្លូវពីតាកែវ-កែប-កំពត សាងសង់ចន្លោះឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៦៧ មានប្រវែង ៩២គីឡូម៉ែត្រ។ និង ទី៣) កំណាត់ផ្លូវពីកំពត-ស្ថានីយ៍ខេត្តព្រះសីហនុ និងដល់កំពង់ផែព្រះសីហនុ សាងសង់ចន្លោះឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៩ មានប្រវែង ៩៩គីឡូម៉ែត្រ។

ចំណែកឯផ្លូវរថភ្លើងខ្សែទី១ ពីភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត ជាប់ព្រំដែនកម្ពុជា-ថៃ ដែលមាន ប្រវែង ៣៨៥,០៥គីឡូម៉ែត្រ ត្រូវបានសាងសង់ក្នុងសម័យអាណានិគមនិយមបារាំងសែស  ដែលមាន៣ដំណាក់កាល ដូចគ្នា៖ ទី១) កំណាត់ផ្លូវពីភ្នំពេញ-ពោធិ៍សាត់ សាងសង់ចន្លោះឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៣១ មានប្រវែង ១៦៦គីឡូម៉ែត្រ, ទី២) កំណាត់ផ្លូវពីពោធិ៍សាត់-មង្គលបូរី សាងសង់ចន្លោះឆ្នាំ១៩៣១ ដល់ឆ្នាំ១៩៣៣ មានប្រវែង ១៦៤គីឡូម៉ែត្រ, និង ទី៣) កំណាត់ផ្លូវពីមង្គលបូរី-ប៉ោយប៉ែត សាងសង់ចន្លោះឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៤២ មានប្រវែង ៥៥,០៥គីឡូម៉ែត្រ ៕

 

 

 

 

ក្រសួងព័ត៌មាន ស្នើដល់បណ្តាញសារព័ត៌មាន ផ្សព្វផ្សាយអំពីផ្លូវរថភ្លើងខ្សែទី២ ជាស្នាព្រះហស្តព្រះបរមរតនកោដ្ឋ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់