(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យល់ព្រមទទួលដោះស្រាយជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋចំនួនពីរភូមិ ក្នុងស្រុកមេមុត ខេត្តត្បូងឃ្មុំ បន្ទាប់ពីពួកគេបានជួបជុំគ្នាយកញត្តិទៅដាក់នៅក្រសួង នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ។

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋចំនួនជាង១០០នាក់ តំណាងឲ្យប្រជាពលរដ្ឋ៥២៤នាក់ មកពីភូមិខ្នងក្រពើលិច និងភូមិខ្នងក្រពើកើត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រមូលផ្ដុំគ្នាយកញត្តិទៅដាក់នៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សង្កាត់បឹងត្របែក ខណ្ឌចំកាមន ជុំវិញរឿងរ៉ាវជម្លោះដីធ្លីរ៉ាំរ៉ៃ ដែលបានកើតឡើងជាយូរមកហើយនៅក្នុងរង្វង់ដីចំនួន២៩ហិកតា តែមិនទាន់ដោះស្រាយចេញ ហើយប្រជាពលរដ្ឋថាខាងអាជ្ញាធរខេត្តបានដកហូតយក។

ក្រុមប្រជាពលរដ្ឋទាំងនោះ បានយល់ព្រមត្រឡប់ទៅលំនៅដ្ឋានវិញ ក្រោយពីពួកគេបានដាក់ញត្តិជូនក្រសួងរួចមក។ មន្រ្តីក្រសួងរៀបចំដែនដី ឲ្យដឹងថា ខាងក្រសួងនឹងជូនដំណឹងទៅកាន់ប្រជាពលរដ្ឋវិញ នៅល្ងាចថ្ងៃដដែលនេះ អំពីដំណោះស្រាយបញ្ហារបស់ពួកគាត់ ហើយក្រសួងបានយល់ព្រមយកមកដោះស្រាយ​ជូនពួកគាត់ ពីព្រោះក្រសួងមានសមត្ថកិច្ចលើកិច្ចការងារនេះ។

គួរបញ្ជាក់ថា ខណ:ដែលប្រជាពលរដ្ឋ យកញត្តិមកតវ៉ា និងប្រមូលផ្តុំនៅខាងមុខក្រសួងនោះ គេសង្កេតឃើញថា មានវត្តមានថ្នាក់ដឹកនាំមួយចំនួន នៅក្នុងគណ:កម្មការទទួលញត្តិ និងពាក្យបណ្តឹងរបស់អ្នកតវ៉ា ដឹកនាំដោយលោក សេង ឡូត អគ្គនាយករដ្ឋបាលចេញមកទទួលញត្តិពីពួកគាត់។

នៅចំពោះមុខប្រជាពលរដ្ឋទាំងនោះ លោក សេង ឡូត បានប្រាប់ថា បើសិនប្រជាពលរដ្ឋ នៅតែធ្វើដំណើរយកញត្តិ ទៅដាក់នៅរដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្រ្តីនោះ ខាងក្រសួងនឹងមិនទទួលញត្តិនោះឡើយ តែក្រោយការពិចារណា និងពិភាក្សាគ្នារួចមក ក្រុមប្រជាពលរដ្ឋទាំងនេះ បានយល់ព្រមមិនធ្វើការដង្ហែក្បួនទៅកាន់រដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្រ្តីនោះទេ៕

 

 

 

 

 

ក្រសួងដែនដី ព្រមទទួលដោះស្រាយជម្លោះដីធ្លី របស់ប្រជាពលរដ្ឋចំនួនពីរភូមិ ក្រោយដាក់ញត្តិ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់