(អាមេរិក)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាលជាមួយបងប្អូនពលរដ្ឋខ្មែររស់នៅអាមេរិក ជាង ៥០០នាក់ នៅសណ្ឋាគារ Hyatt Regency Indian Wells ក្នុងទីក្រុង Rancho Mirage រដ្ឋ California។ ក្នុងជំនួបនេះ ក៏មានលើកឡើងផងដែរ ទាក់ទងនឹងនយោបាយ និងសេដ្ឋកិច្ច។

ក្នុងជំនួបសំណេះសំណាលជាមួយបងប្អូនពលរដ្ឋខ្មែររស់នៅអាមេរិក ជាង៥០០នាក់ នៅសណ្ឋាគារ Hyatt Regency Indian Wells ក្នុងទីក្រុង Rancho Mirage រដ្ឋ California សម្ដេច ហ៊ុន សែន បានថ្លែងសារមួយចំនួនទាក់ទងនឹងនយោបាយ សេដ្ឋកិច្ច និងការបង្ហាញជំហរអធិបតេយ្យភាពកម្ពុជា ជាដើម។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានលើកឡើងថា សម្តេចធ្លាប់ធ្វើការជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ៣រូបហើយ តាំងពីប្រធានាធិបតី គ្លីនតុន, ប្រធានាធិបតី ប៉ូស បន្តមកដល់ប្រធានាធិបតីអូបាម៉ា ហើយនៅពេលនេះកម្ពុជា មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក មិនមែនជាកូនជឹងអាមេរិកនោះទេ គឺជាដៃគូសន្ទនា។ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមកសហរដ្ឋអាមេរិក ក្នុងនាមជាប្រមុខរដ្ឋាភិបាល នៃរដ្ឋអធិបតេយ្យមួយ ដែលស្មើមុខស្មើមាត់ជាមួយប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា។ សម្តេច ហ៊ុន សែន បញ្ជាក់ទៀតថា សម្តេចមិនមែនជាកូនជឹងអាមេរិកឡើយ។

ក្រៅពីការបង្ហាញពីជំហរអធិបតេយ្យភាពកម្ពុជា ថាជារដ្ឋឯករាជ្យហើយនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងពីរឿងនយោបាយ ផងដែរ។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ឲ្យចេះរួបរួមគ្នា កុំប្រកាន់បក្សនយោបាយណា។ តែយ៉ាងណា ពេលកំពុងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅអាមេរិកជាង៥០០នាក់ នៅរដ្ឋCalifornia សម្តេច ហ៊ុន សែន បានលើកឡើងថា ប្រសិន​បើ​មាន​ក្រុម​អ្នកតវ៉ា​ប្រឆាំង​រូប​លោក​នៅក្នុង​សហរដ្ឋអាមេរិក​មែន សម្តេច​ ហ៊ុន សែន នឹង​ចុះទៅជួប​សំណេះសំណាល​ជាមួយ​ក្រុម​អ្នកតវ៉ា​ទាំងនោះ ហើយថា​សមត្ថកិច្ចអាមេរិក​ត្រូវ​ការពារ​សុវត្ថិភាព​របស់សម្តេច។

​ពាក់ព័ន្ធនឹង​ការៀប​ចំ​បោះ​ឆ្នោត​​ក្រៅ​ប្រទេសវិញ សម្តេច​​ហ៊ុន សែន​​ លើកឡើងថា ​​កម្ពុជា​​អាច​រៀប​ចំ​បោះ​ឆ្នោត​​ក្រៅ​ប្រទេស​​បាន ​លុះត្រា​​ជា​ការ​បោះឆ្នោត​​ប្រធានា​ធិបតី ​ឬ​ជា​ការ​បោះឆ្នោត​​ឯកត្តនាម។​​ ​សម្តេច ហ៊ុន សែន បានបញ្ជាក់​ថា “កម្ពុជា​អាច​នឹង​ពិចារណា​អំពី​ការរៀបចំ​ការបោះឆ្នោត​ក្រៅប្រទេស​បាន ល្គឹក​វា​ជា​ការបោះឆ្នោត​ប្រធានាធិបតី ឬ​ជា​ការបោះឆ្នោត​ឯកត្តនាម​។ ប៉ុន្តែ​ថា បើ​ជា​ការបោះឆ្នោត​បែប​សមាមាត្រ​ដូច​សព្វថ្ងៃ គឺ​មិន​អាច​​រៀបចំ​ការបោះឆ្នោត​ក្រៅប្រទេស​បាន​ឡើយ​”។ នេះ​បើ​យោងតាម​ប្រភព​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា ឈ្មោះ ៧​មករា​។​

ដោយឡែក ទាក់ទងនឹងសេដ្ឋកិច្ច វិញ សម្តេច ហ៊ុន សែន លើកឡើងថា អាមេរិកជំពាក់បំណុលគេ ច្រើនជាងខ្មែរទៀត, ខ្មែរប្រហែល៣០០ដុល្លារ អាមេរិកជាង៥ម៉ឺនដុល្លារ។ ថ្លែងបែបលេបខាយទៅកាន់សហរដ្ឋអាមេរិក ពីសំណាក់សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងបំពេញបេសកកម្មនៅលើទឹកដីសហរដ្ឋអាមេរិក បានលើកឡើងថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាជំពាក់បំណុលគេ ប្រហែល៣០០ដុល្លារប៉ុណ្ណោះក្នុងម្នាក់ ចំណែកសហរដ្ឋអាមេរិកវិញ ជាប់បំណុលគេរហូតដល់៥២០០០ដុល្លារក្នុងពលរដ្ឋអាមេរិកម្នាក់ៗ ពិតជាច្រើនណាស់។ ក្រៅពីនេះ សម្តេច​ ហ៊ុន សែន នាយក​រដ្ឋ​​មន្ត្រី បាន​ថ្លែង​នៅក្នុង​ពិធី​សំណេះ​​សំ​ណា​ល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​​នៅ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​​ ថា ការអភិវឌ្ឍន៍​សហស្ស​វត្សរ៍ ចង់​យកមក​និយាយ​ទាក់ទង​​ជាមួយ​បញ្ហា​កំណើនសេដ្ឋកិច្ច ជាមួយ​ការកាត់បន្ថយ​ភាពក្រីក្រ​យើង​បាន​ខិតខំ​ទម្លាក់​អត្រា​នៃ​ភាព​​ក្រីក្រ​ឲ្យ​មក​នៅ​កម្រិត​១៦​ភាគរយ ​នៅក្នុង​រយៈពេល​ជាង​១០​ឆ្នាំ ពី​៥៣​ភាគរយ​​ឲ្យ​មក​នៅ​១៦​ភាគរយ ក្នុងពេលដែល​​កំណើនសេដ្ឋកិច្ច គិត​ជា​មធ្យម​ក្នុង​​រយៈពេល​២០​ឆ្នាំ ក្នុង​កំណើនសេដ្ឋកិច្ច​៧,៧​ភាគរយ​។ បើទោះបី​ជាមាន​​ផលប៉ះពាល់​ពី​សេដ្ឋកិច្ច​សហ​​រដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ដែល​ទាញ​ផ្តួល​សេដ្ឋកិច្ច​ជាច្រើន​ឲ្យ​ធ្លាក់ចុះ ក៏ប៉ុន្តែ​កំណើនសេដ្ឋកិច្ច​​កម្ពុជា​នៅតែ​រឹងមាំ​៕

 

ក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិក សម្ដេច ហ៊ុន សែន ថ្លែងសារទាក់ទងនឹងនយោបាយ និងសេដ្ឋកិច្ច

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់