(សៀមរាប)៖ យោងតាមបទបង្ហាញរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងជំនួបពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី១៦ ខែកុម្ភៈម្សិលមិញ ស្តីពី​ការងារ​រៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំថ្មី ឆ្នាំ២០១៦នេះ ឲ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងឆ្នាំនេះ នឹងមានរៀបចំជា២៤កម្មវិធីធំៗ ក្នុងនោះមានបញ្ចូលកម្មវិធីថ្មីមួយចំនួន។

កម្មវិធីទាំងនោះរួមមានដូចជា៖ ពិធីសាសនា កម្មវិធីភូមិខ្ញុំ និម្មិតភូមិ របាំប្រពៃណីបុរាណ កម្មវិធីល្បែងប្រជាប្រិយ គុនល្បុក្កតោ ពិព័រណ៍សិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ជាដើម។ អ្វីដែលថ្មីសម្រាប់កម្មវិធីអង្គរសង្ក្រាន្តឆ្នាំថ្មីនេះមានដូចជា ការសម្តែងល្ខោនបាសាក់រឿងនាងទិព្វសង្វារ កម្មវិធីវិចិត្រករឯក ដែលតាំងពិព័រណ៍រូបគំនូរ ដើម្បីប្រកួតប្រជែងជាលក្ខណៈមិត្តភាព និងសួនកុមារជាដើម។

ក្រៅពីកម្មវិធីខាងលើ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ មាន​ល្បែង​ប្រជាប្រិយ​ប្រមាណ​ជិត​៣០​ល្បែង នឹង​លើកយក​ទៅ​លេង​នៅ​ទីតាំង​ចំនួន​១១។ ល្បែង​ទាំងនោះ​មាន៖ ​បោះអង្គញ់ ខ្លាស៊ីគោ ថាស​ភ្ជាប់​និស្ស័យ ប្រណាំង​កង់​យឺត ស្បែកជើង​រួម​មិត្ត ខាំ​ប៉ិកួៈ ចាប់កូនខ្លែង អុក ឬ​ចត្រង្គ ចោល​ឈូង លាក់កន្សែង រាវ​បង្កង ស្តេចចង់​ឬ​អៀវ សី ទាញព្រ័ត្រ វាយក្អម លោត​បាវ ដណ្តើម​ស្លឹកឈើ ធុង​រត់ប្រណាំង ចងជើង​រត់ប្រណាំង ស្វា​ដណ្តើម​ទី ទំពាំង​ឫស្សី ហោរា​ទស្សន៍​ទាយ ខួង មួយ​រកាំ​ពីរ​កាំ និង​ល្បែង​ពាំ​ពង​ទា​ជាដើម។

សូមរម្លឹកថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្តបាន​ប្រារព្ធ​ធ្វើ​ឡើង​ចំនួន​៣​លើក​រួច​មក​ហើយ​ដោយទទួល​បាន​ជោគជ័យ​យ៉ាងខ្លាំង​ និង​ទទួល​បានការ​គាំទ្រ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ។ ជាក់ស្តែង​កាលពីឆ្នាំ​២០១៥ ការ​នាំ​មក​នូវ​កេរ្តិ៍ឈ្មោះ​កម្ពុជា​ចូល​ទៅ​ក្នុង​កំណត់​ត្រា​ពិភពលោក បន្ថែម​ទៀត​នូវ​ស្នាដៃ​ចំនួន​២​ជា​ប្រវត្តិសាស្ត្រ នោះ​គឺ​នំអន្សម​យក្ស​របស់​កម្ពុជា ដែល​មាន​ទម្ងន់​ដល់​ទៅ​ជាង​៤​តោន និង​ការ​បំបែក​ឯតទគ្គ​កម្ម​នៃ​ការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្ស៊​ន ដែល​ជា​ការ​រាំ​ជា​ក្រុម​របស់​យុវជន​កម្ពុជា​ចំនួន​២០១៥​នាក់ ។

ព្រឹត្តិការណ៍​នោះ​ទទួល​បាន​អ្នកទេសចរ​ជាតិប្រមាណ​១​លាន​នាក់​, រួម​ទាំង​អ្នកទេសចរ​អន្តរជាតិ​ប្រមាណ ២៧.០០០​នាក់ ខណៈ​ដែល​ការ​រំពឹង​ទុក​ប្រមាណ​តែ​៥០​ម៉ឺន​នាក់ និង​បាន​នាំ​មក​ប្រាក់​ចំណូល​សម្រាប់​ខេត្តសៀមរាប​ប្រមាណ​ជិត​៧០​លាន​ដុល្លារ​អាមេ​រិ​ក។

សម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៥៩ ឈានចូល២៥៦០ ឆ្នាំនេះ លោក​រដ្ឋមន្ត្រី ថោ​ង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មាន​សុទិដ្ឋិនិយម​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ នឹង​មាន​អ្នកចូលរួម​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ កាន់តែ​ច្រើន​ឡើង​ទ្វេ​ដង។ លោក​បង្ហាញ​ការ​គាំទ្រ​ពេញទំហឹង​ចំពោះ​ការ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ និង​ចូលរួម​សហការ​យ៉ាង​សកម្ម និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​ឲ្យ​ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ៕

ក្នុងចំណោមកម្មវិធីធំៗ តើព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងមានបញ្ចូលល្បែងកម្សាន្តប្រជាប្រិយខ្មែរអ្វីខ្លះ?

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់