(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានដាក់ពាក្យបណ្ដឹងប្តឹងម្ចាស់គណនី Facebook ឈ្មោះ Chham Chhany ពីបទបរិហាកេរ្តិ៍សាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសគ្រួសារ។

ពាក្យបណ្តឹងរបស់លោក​ ហ៊ុន ម៉ាណែត នេះ ធ្វើឡើងដោយប្ដឹងទៅកាន់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។ ពាក្យបណ្ដឹងនេះ បានហៅការបង្ហោះនៅលើគណនី Facebook ឈ្មោះ Chham Chhany ថាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសលោក​ ហ៊ុន ម៉ាណែត និងក្រុមគ្រួសារ។

យោងតាមពាក្យបណ្តឹងរបស់លោក​ ហ៊ុន ម៉ាណែត ឲ្យដឹងថា សាររបស់ម្ចាស់ Facebook ឈ្មោះ Chham Chhany មានចំណងជើងថា៖ «ឧក្រិដ្ឋជនព្រៃឈើកាច់កុងគ្នា ព្រោះចង់កាន់កាប់តំបន់កាប់ឈើ បានផលត្រកូលហ៊ុន»។ ម្ចាស់ Facebook ដដែលបានសរសេរថា «សឹង សំអុល មាន ប៊ុន រ៉ានី ជាខ្នងបង្អែក ចំណែក លឹម ប៊ុណ្ណា មាន ហ៊ុន ម៉ាណែត នៅពីក្រោយ ចឹងហើយបានជាសមត្ថកិច្ចដែលចុះទៅពិនិត្យកន្លែងស្តុកឈើរបស់ លឹម ប៊ុណ្ណា និយាយថាជាឈើស្របច្បាប់។ តាមពត៌មានបានឲ្យដឹងថា របាយការណ៍របស់សមត្ថកិច្ចបានបញ្ចេញមកបែបនេះ គឺបន្ទាប់ពីសមត្ថកិច្ចបានទទួលបញ្ជាពី ប៊ុន រ៉ានី ហ៊ុនសែន ឲ្យសម្រួលដល់ការងាររកស៊ីរបស់ឧកញ៉ាទាំងពីរ»។ បើតាមសារដដែល «ប្រភពបានបញ្ជាក់ថា ដើមឡើយប្រហែលជា ប៊ុន រ៉ានីហ៊ុនសែន មិនដឹងថាឧកញ៉ា ខ្នា មានទំនាក់ទំនងជាមួយ ហ៊ុន ម៉ាណែត ទេ បានជាខ្ចីដៃសម្តេចកំចាត់ឧកញ៉ា ខ្នា ទុកកន្លែងឲ្យឧកញ៉ា សឹង សំអុល កាប់ឈើ តែក្រោយពីឧកញ៉ា ខ្នា សុំអន្តរាគមន៍ពី ហ៊ុន ម៉ាណែត ក៏អ្វីៗបានប្រែប្រួលទៅគឺ ” ឈើស្របច្បាប់ ” បានន័យថាឧកញ៉ាទាំងពីរនៅតែមានឱកាសកាប់ឈើដដែល សំខាន់ឲ្យតែមានសំណែនសែនឲ្យ ប៊ុន រ៉ានី និង ហ៊ុន ម៉ាណែត (ស៊ីគ្រប់គ្រាន់ តែបើមិនគ្រប់ទេ គុក គុក គុក)»។

យ៉ាងណាក៏ដោយ សំណេរនៅលើម្ចាស់គណនី Facebook ខាងលើ យោងតាមពាក្យបណ្ដឹងរបស់លោក ហ៊ុន ម៉ាណែត ចាត់ទុកការផ្សព្វផ្សាយអត្ថបទខាងលើ និងអត្ថបទមួយចំនួនទៀតពីសំណាក់ម្ចាស់គណនី Facebook ឈ្មោះ Chham Chhany ជាការប្រឌិតខុសពីការពិតទាំងស្រុង ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់លោក និងក្រុមគ្រួសារ។ លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២២ មករា ក៏បានសរសេរនៅលើទំព័រហ្វេសបុករបស់លោក ថា៖ នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ ប្រជា​ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការបញ្ចេញមតិ​របស់ខ្លួន​។ ប៉ុន្តែ​បុគ្គល​នី​មួយៗ​ក៍​ត្រូវ​មាន​ការទទួលខុសត្រូវ​ចំពោះ​ការប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ផង​ដែរ ដោយ​ការប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ត្រូវ​គោរព​យ៉ាង​ហោច​ណាស់​គោលការណ៍​សំខាន់​ពីរ​៖ ទី​១) ការបញ្ចេញ​មតិ​ត្រូវ​ស្ថិត​ក្នុង​ព្រំដែន​ដែល​ច្បាប់​អនុញ្ញាតិ (​ដូចជា​មិន​អាច​ប្រមាថ​ជីវិត​អ្នកដ៍ទៃ​តាម​ការ​គំរាម​សម្លាប់ ឬ​ញុះញង់​បង្ករ​ហឹង្សា​ក្នុងសង្គម ។​ល​។​) និង ទី​២) ការបញ្ចេញ​មតិ​មិនត្រូវ​រំលោភ​ទៅ​លើ​សិទ្ធិ​របស់​អ្នកដ៍ទៃ ក្នុង​ការរស់នៅ​ប្រកប​ដោយ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ (​ដូចជា​ចោទប្រកាន់ មួលបង្កាច់​ដោយ​គ្មាន​ការពិត​ទៅ​លើ​បុគ្គល​ដ៍ទៃ​)​។ ក្នុងករណី​ដែល​ការប្រើប្រាស់​សិទ្ធិសេរីភាព​បញ្ចេញ​មតិ​​របស់​បុគ្គល​ណាមួយ មិន​គោរព​តាម​គោលការណ៍​ទាំងពីរ​ខាងលើ បុគ្គល​នោះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​៕

ខាងក្រោមនេះ ជាពាក្យបណ្ដឹងរបស់លោក ហ៊ុន ម៉ាណែត និងខ្លឹមសារពាកព័ន្ធមួយចំនួន៖

1 2 3

 

កូនប្រុសច្បងរបស់សម្ដេចហ៊ុន សែន ដាក់ពាក្យប្តឹងម្ចាស់ហ្វេសប៊ុកម្នាក់ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសគ្រួសារ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់