កុំ​ចេះ​តែ​ហាន​ វាយ​ជន​សង្ស័យ​ប្រយ័ត្ន​មាន​ទោស​

170

ជា​ញឹក​ញាប់​ជន​សង្ស័យ​មួយ​ចំនួន​ ដែល​គេ​ចោទ​ថា​ចោរ​​នៅ​តាម​ដង​ផ្លូវ ឬ​ក្នុង​ផ្សារ​ជាដើម​នោះ​តែង​តែ​ត្រូវ​បាន​មហាជន​ចោម​រោម​វាយ​ដំ​​ ដោយ​ពុំ​ទាំង​បាន​សាក​សួរ​ឲ្យ​បាន​ច្បាស់​ផង។​ តើ​ការ​ប្រើ​ហិង្សា​លើ​ជន​សង្ស័យ​មាន​ទោស​ដែរ​ឬ​ទេ?

ការវាយជនសង្ស័យ​ក្រៅប្រព័ន្ធតុលាការ (រូបភាពបរទេស)

លោក​មេធាវី ហុង គឹមសួន ដែល​ជា​​សមាជិក​ នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា មានប្រសាសន៍​ថា ​អ្នក​ប្រើ​ហិង្សា លើ​ជន​សង្ស័យ​​អាច​ប្រឈម​នឹង​​ទោស​ទណ្ឌ​ទាក់ទង​នឹង​អំពើ​​ហិង្សា​ដោយ​ចេត​នា​តាម​ក្រម​ព្រហ្មទណ្ឌ។​ លោក​បញ្ជាក់​ថាជន​សង្ស័យ ក៏ដូច​ជា​ជន​ទូទៅ​ដែរ គឺ​គាត់​ត្រូវ​បាន​ការ​ពារ​ដោយ​ច្បាប់។ លោក​បន្តថា ពេល​ឃើញ​បុគ្គល​ណា​ម្នាក់​ប្រព្រឹត្ត​នូវ​បទ​ល្មើស​ពល​រដ្ឋ​អាច​មាន​សិទ្ធ​ត្រឹម​តែ​​ឃាត់​ខ្លួន​បុគ្គល​នោះ​ ដើម្បី​ប្រ​គល់​ជូន​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​តែ​ប៉ុណ្ណោះ ដោយ​​មិន​អាច​​ប្រើ​ហិង្សា ឬ​ឃុំ​ឃាំង​ជន​សង្ស័យ​​បាន​នោះ​ទេ។​

 «បើ​បុគ្គល​នោះ​បាញ់​គេ​ស្លាប់ កាប់​គេ​ស្លាប់​ ឬ​វាយ​គេ​ឲ្យ​រង​របួស​ ប្រជាពលរដ្ឋ​សាមញ្ញ​​ដទៃ​ទៀត​មាន​សិទ្ធិ​នាំគ្នា​ចាប់​ ជន​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ហ្នឹង​បាន​ តែ​មិន​ចាប់​យក​មក​វាយ​ដំ​ច្រំ​ធាក់​ទេ​ហើយ​ក៏​មិនមែន​ចាប់​យក​ទៅ​ឃុំឃាំង​ដោយ​មិន​បញ្ជូន​ទៅ​ឲ្យ​សមត្ថកិច្ច​ទេ…អ្នក​ដែល​ទប់​កំហឹង​មិនបាន ​(វាយ​ជនសង្ស័យ)​ក្លាយ​ជា​ជន​ល្មើស​វិញ​»។ លោក​ គឹមសួន បញ្ជាក់។​

ក្នុង​ក្រម​ព្រហ្មទណ្ឌ ត្រង់​​មាត្រា​២១៧ ចែង​ថា ​អំពើ​ហិង្សា​​ប្រព្រឹត្ត​ដោយ​ចេតនា​លើ​អ្នក​ដទៃ​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី ​ពីរ​លាន​ទៅ​ប្រាំមួយ​លាន​រៀល៕​​​​​

banner