(អាមេរិក)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា កិច្ចប្រជុំកំពូលពិសេសរវាងអាស៊ាន-អាមេរិក បានចាប់ផ្តើមហើយ ជាមួយនឹងស្មារតីសាមគ្គីភាព។

កិច្ចប្រជុំនេះបានចាប់ផ្តើម នៅល្ងាចថ្ងៃចន្ទ ម៉ោងនៅសហរដ្ឋអាមេរិក តែនៅកម្ពុជាវិញត្រូវ នឹងព្រឹកថ្ងៃអង្គារ៍ ដែលបញ្ហានេះជាការលំបាកតែមួយគត់ របស់មេដឹកនាំអាស៊ាន ដោយសារខុសម៉ោងគ្នារហូតដល់១៥ម៉ោង។

Facebook Page សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចប្រជុំកំពូលពិសេសរវាងអាស៊ានជាមួយ សហរដ្ឋអាមេរិកបានចាប់ផ្ដើមជាមួយស្មារតីសាមគ្គីភាព។ ការលំបាកតែមួយគត់របស់មេដឹកនាំអាស៊ាន គឺការខុសម៉ោងគ្នាដែលមានរហូតដល់១៥ម៉ោង។ នៅកន្លែងប្រជុំទើបល្ងាច ថ្ងៃចន្ទ ឯនៅកម្ពុជាព្រឹកថ្ងៃអង្គារ៍ទៅហើយ តែការលំបាកនេះវាមិនលំបាកដូចការចរចារមិនត្រូវគ្នានោះដែរ»។

យ៉ាងណាក៏ដោយ ស្របពេលនៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក កំពុងដំណើរការ ក៏មានពលរដ្ឋប្រទេសមួយចំនួននៃសមាជិកអាស៊ានដែលមានវត្តមាននៅទីនោះ បានធ្វើបាតុកម្ម ដើម្បីប្រឆាំងមេដឹកនាំរបស់ខ្លួន ក្នុងនោះក៏មានកម្ពុជា ផងដែរ។

សេចក្ដីរាយការណ៍ពីអ្នកសារព័ត៌មានខ្មែរដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក  ដើម្បីយកព័ត៌មានក្នុងកិច្ចប្រជុំនោះ ឲ្យដឹងថា កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក បានចាប់ផ្តើមនៅព្រឹកនេះ ចំណែកការធ្វើបាតុកម្មវិញមានលក្ខណៈស្ងប់ស្ងាត់ និងមានការការពារយ៉ាងតឹងរឹងល្អ និងសុវត្ថិភាពបំផុតពីសំណាក់អាជ្ញាធរអាមេរិក មិនដូចការធ្វើបាតុកម្មនៅប្រទេសតំបន់អាស៊ានមួយចំនួននោះទេ។

សេចក្ដីរាយការណ៍ពីសហរដ្ឋអាមេរិក បន្តទៀតថា ការធ្វើបាតុកម្មនោះមានការចូលរួមជាច្រើនប្រទេសមាន៖ ថៃ, ឡាវ, ភូមា ប្រមូលផ្តុំគ្នា ស្ថិតនៅក្បែរកន្លែងកិច្ចប្រជុំ, ហើយក៏មានការធ្វើបាតុកម្មពីពលរដ្ឋអាមេរិក ប្រឆាំងអាមេរិកផងដែរ។

ក្រៅពីនេះ ក្នុងចំណោមបាតុកម្មពីសំណាក់ពលរដ្ឋ ថៃ, ឡាវ, ភូមា និងពលរដ្ឋអាមេរិក ខាងលើ ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងរាប់រយនាក់នៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃអង្គារនេះ ក៏បានធ្វើបាតុកម្មប្រមាណជា៥ម៉ោងនៅក្នុងទីក្រុងកាលីហ្វញ៉ា ប្រឆាំងនឹងការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយលើកឡើងថារដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការតវ៉ានេះជាសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋនៅទីនោះ។

សូមបញ្ជាក់ថា កាលពីម្សិលមិញ សម្ដេច ហ៊ុន សែន ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងSunnylands នៅRancho Mirageដើម្បីចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន បានថ្លែងក្នុងពេលសំណេះសំណាលជាមួយពលរដ្ឋខ្មែរថាប្រសិនបើបាតុកម្មមានមែន សម្ដេចនឹងចុះជួបជាមួយក្រុមបាតុករសួរនាំពួកគេ ប្រសិនបើអ្នកបើករថយន្តរបស់អាមេរិក បើកកាត់កន្លែង ដែលបាតុករនាំគ្នាធ្វើបាតុកម្ម។ តែយ៉ាងណាសម្ដេចហ៊ុន សែន បង្ហាញជំនឿចិត្តថាអាជ្ញាធរអាមេរិកនឹងការពារសុវត្ថិភាពជូនរូបលោក៕

កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ចាប់ផ្ដើមនៅព្រឹកនេះ ខណៈពលរដ្ឋប្រទេសមួយចំនួននៃសមាជិកអាស៊ានធ្វើបាតុកម្មប្រឆាំងមេដឹកនាំខ្លួន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់