កសិករថ្ងូរ ពេលល្ហុងធ្លាក់ថ្លៃខ្លាំង!

173

ល្ហុង ដែល​ធ្លាប់តែ​មានតម្លៃ​ពី ៧០០ ទៅ ៨០០ រៀល ក្នុង​មួយ​គីឡូក្រាម កាលពី​ឆ្នាំ​កន្លងទៅ បាន​ធ្លាក់​ថ្លៃ​មក​ត្រឹមតែ ៧៥ រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម នាពេល​បច្ចុប្បន្ន​។ លោក ហុង ណា​រ៉េត អ្នក​ដាំ​ល្ហុង​នៅក្នុង​ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្តាល ឲ្យ​ដឹងថា បច្ចុប្បន្ន​តម្លៃ​ល្ហុង បាន​ធ្លាក់​ថ្លៃ​ហួស​ពី​ការរំពឹងទុក​របស់លោក​។ កសិករ​ដែល​ដាំ​ល្ហុង​ជាង ១៥០០ ដើម​រូបនេះ ត្អូញត្អែរ​យ៉ាងនេះ​ថា​៖« ទិន្នផល បាន​ច្រើន​ហើយ តែ​តម្លៃថោក​ពេក​តែម្តង​។ ឆ្នាំនេះ ពិបាក​ចំណេញ​ណាស់ ឲ្យ​តែ​បាន​រួចខ្លួន វា​គ្រាន់បើ​ហើយ​»​។​


​ដោយសារតែ​តម្លៃ​ល្ហុង​ធ្លាក់​ថ្លៃ​ខ្លាំងពេក​នេះ ធ្វើ​ឲ្យ​កសិករ​មួយចំនួន ក៏​កំពុងតែ​បារម្ភ​ពី​បំណុល​នៅ​ធនាគារ​ផងដែរ ពីព្រោះ​តែមាន​កសិករ​ខ្លះ​បាន​ខ្ចីលុយ​ពី​ធនាគារ សម្រាប់​ធ្វើជា​ដើមទុន​។
​ជាមួយគ្នានេះ ឈ្មួញ ដែល​ប្រមូល​ទិញ​ល្ហុង​ពី​កសិករ​ទៅ​លក់​ឲ្យ​អាជីវករ​នៅតាម​ផ្សារ ក៏​មិន​សប្បាយចិត្ត​ដែរ នៅពេលដែល​ល្ហុង​ធ្លាក់​ថ្លៃ​។ លោក រ៉ា ឈ្មួយ​កណ្តាល ដែល​តែង​ទិញ​ល្ហុង​នៅក្នុង​ស្រុក​ល្វាឯម និយាយថា រាល់​ឆ្នាំ​លោក​ដឹក​ល្ហុង​ទៅ​បោះ​ឲ្យ​អាជីវករ​មួយ​ឡានៗ បាន​ប្រាក់​ពី​៦ ទៅ ៧ លាន​រៀល តែ​ឥឡូវ លោក​ដឹក​ល្ហុង​មួយ​ឡាន​លក់​បានតែ​ជាង ១ លាន​រៀល ព្រោះ​ល្ហុង​ចុះថោក​ខ្លាំង​។ លោក រ៉ា ក៏​ឲ្យ​ដឹង​ដែរ​ថា នៅ​ឆ្នាំនេះ អាជីវករ​ទទួល​ទិញ​ល្ហុង​បន្ត​ពី​លោក​មួយចំនួន ក៏បាន​ឈប់​ទទួល​ទិញ​ពី​ខ្លួន ដោយសារ​អាជីវក​រទាំង​នោះ​មាន​ឈ្មួយ​កណ្តាល​ថ្មី ដែល​លក់​ល្ហុង​ថោក​ជាង​លោក​ទៅទៀត​។​
​មូលហេតុ​ចម្បង​ដែល​ល្ហុង​នៅពេលនេះ​ធ្លាក់​ថ្លៃ​ខ្លាំង ដោយសារតែ​ឈ្មួញ​នាំចូល​ល្ហុង​ច្រើន​ពី​ប្រទេសជិតខាង ដូចជា វៀតណាម និង​ថៃ ជាដើម និង​មាន​តម្លៃថោក​។

banner