នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១ ខែធ្នូ ឆ្នាំ​២០១៥ ការតវ៉ា​របស់​ក្រុមកម្មករ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងបាវិត មិនទាន់ស្រាកស្រាន្តនៅឡើយទេ ដោយព្រឹកនេះ សមត្ថកិច្ច បាន​ប្រើ​ឡានទឹកបាញ់ បំបែក​ក្រុមបាតុករ នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង​ ខណៈដែលពួកគេធ្វើការតវ៉ានិងមានការ​ឈរ​បិទផ្លូវ​។

រហូតមកដល់​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១ ខែធ្នូ ឆ្នាំ​២០១៥ បាតុកម្មនៅតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង បានចាប់ផ្តើមឡើងកំដៅវិញម្តង ដោយមានកម្មកររាប់ពាន់នាក់បាននាំគ្នាជួបជុំតវ៉ា នៅខាងមុខរោងចក្រ ដើម្បីទាមទារដំឡើង ប្រាក់ឈ្នួលបន្ថែម ហើយសមត្ថកិច្ចបានសម្រេចប្រើប្រាស់ រថយន្តបាញ់ទឹក ដើម្បីបង្រ្កាបក្រុមកម្មករ។ នេះបើតាមលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ។

លោក ប៉ាវ ស៊ីណា បាននិយាយថា ស្ថានភាពបាតុកម្ម នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាធេន បានស្ងប់ស្ងាត់ហើយ ប៉ុន្តែពេលនេះ បាតុកម្មនៅតំបន់សេដ្ឋកិច្ចពិសេសសេងតាយ ផ្តើមឡើងដោយកម្មករជាង៩ពាន់នាក់ នៅ៣រោងចក្រ កំពុងមានកំដៅ។

​សូម​រម្លឹកថា ក្រុមកម្មករ​រោងចក្រ បានធ្វើ​ការតវ៉ា ចាប់តាំងពី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ទាមទារ​ឲ្យ​ថៅកែ​តម្លើង​ប្រាក់ខែ​គោល ឬ​ប្រាក់ខែ​អប្បបរមា លើសពី ១៤០ ដុល្លារ នៅ​ឆ្នាំ​២០១៦​។ ក៏ប៉ុន្តែ ការតវ៉ា​នោះ មិន​ត្រូវបាន​ដោះស្រាយ​ទេ ព្រោះ​អាជ្ញាធរ​សមត្ថកិច្ច សំអាងថា រាជរដ្ឋាភិបាល បាន​ប្រជុំ​សម្រេច​រួចហើយ ក្នុងការ​តម្លើង​ប្រាក់ខែ​គោល​ដល់ក​ម្មករ​រោងចក្រ ត្រឹមតែ ១៤០ ដុល្លារ ចាប់ពី​ខែមករា ឆ្នាំ​២០១៦ តទៅ​។​

​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ មាន​កម្មករ​មួយចំនួន បាន​ចូលធ្វើការ​។ តែ​ក៏មាន​កម្មករ​មួយចំនួនទៀត បន្ត​កូដកម្ម​។ ក្នុង​កូដកម្ម​នោះ ក៏មាន​ការ​គប់​ដុំថ្ម បំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​។ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស ៤ នាក់ និង​បញ្ជូន​ទៅកាន់​តុលាការ​។

រហូតមកដល់ពេលនេះ ប៉ូលិស និង​ប៉េអឹម នៅតែបន្ត​ដាក់ពង្រាយ នៅតាម​រោងចក្រ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ​នោះ​ ស្របពេលដែលមានការអំពាវនាវពី សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ឱ្យចាត់វិធានការទៅលើកូដកម្មនេះ៕

កម្មករតវ៉ានៅក្រុងបាវិត នៅតែឡើងកំដៅ ស្របពេលដែលសមត្ថកិច្ច ប្រើឡានបាញ់ទឹកបំបែកក្រុមបាតុករ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់