(កំពង់ស្ពឺ)៖ ​ នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ តំណាងប្រជាពលរដ្ឋទាំង២នាក់ ដែលត្រូវតុលាការខេត្តកំពង់ស្ពឺ ឃុំខ្លួនពាក់ព័ន្ធទំនាស់ដីធ្លី ត្រូវបានធានាឲ្យនៅក្រៅឃុំហើយ បន្ទាប់​ពី​មាន​ការអន្តរាគមន៍​ពី​សម្តេច​ហ៊ុន សែន។

តាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ខេត្តកំពង់ស្ពឺ ឲ្យដឹងថា តំណាងប្រជាពលរដ្ឋទាំង២នាក់ ដែលត្រូវបានតុលាការខេត្តកំពង់ស្ពឺ ឃុំខ្លួនពាក់ព័ន្ធនឹងទំនាស់ដីធ្លីនោះ ត្រូវបានធានាឲ្យនៅក្រៅឃុំ និងមានសេរីភាពវិញហើយ នៅម៉ោង១១យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន បញ្ជាឲ្យកូនប្រុស២នាក់ របស់សម្តេចចេញដំណើរបន្ទាន់ទាំងយប់ ដើម្បីដោះស្រាយបញ្ហានេះ។

តែយ៉ាងណា មន្ត្រីជាន់ខ្ពស់ខេត្តកំពង់ស្ពឺ បញ្ជាក់ថា ការធានាឲ្យនៅក្រៅឃុំនេះ តំណាងប្រជាពលរដ្ឋទាំង២នាក់ គឺស្ថិតក្រោមការស៊ើបអង្កេត របស់តុលាការដដែល។

សូមបញ្ជាក់ថា តំណាងប្រជាពលរដ្ឋរងគ្រោះក្នុងទំនាស់ដីធ្លីចំនួន២នាក់ គឺ អ្នកស្រី យូ រ៉ន និងអ្នកស្រី អ៊ីត រុំ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចាប់ខ្លួននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ក្នុងទំនាស់ដីធ្លីស្ថិតនៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រុមប្រជាពលរដ្ឋអះអាងថា ពួកគាត់រងគ្រោះដោយសារអាជ្ញាធរ ឃុបឃិតគ្នាឈូសឆាយរំលោភ យកដីធ្លីរបស់ពួកគាត់។ ហើយឈានដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ក្រុមប្រជាពលរដ្ឋរងគ្រោះទាំងនោះ បានធ្វើដំណើរមកដាក់ញាត្តិ នៅមុខវិមានរដ្ឋសភាជាតិ ដើម្បីស្វែងរកអន្តរាគមន៍ ដោះលែងតំណាងរបស់ពួកគេ។

ភ្លាមៗ ក្រោយពីទទួលដំណឹងនៃការឃុំខ្លួន តំណាងប្រជាពលរដ្ឋទាំង២នាក់ ខាងលើ សម្តេច ហ៊ុន សែន នៅរសៀលថ្ងៃម្សិលមិញ បានបញ្ជាឲ្យកូនប្រុស២នាក់ របស់សម្តេច ធ្វើដំណើរជាបន្ទាន់ ទៅកាន់ខេត្តកំពង់ស្ពឺ ដើម្បីជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែលត្រូវបានតុលាការខេត្តកំពង់ស្ពឺឃុំខ្លួន ពាក់ព័ន្ធទំនាស់ដីធ្លីនេះ។ ជាមួយគ្នានោះ ប្រមុខរដ្ឋាភិបាល បានបញ្ជាទៅកាន់អភិបាលខេត្តកំពង់ស្ពឺ ដើម្បីធ្វើការជាមួយតុលាការទាំងយប់ ដើម្បីសុំធានាឲ្យនៅក្រៅឃុំ។ និង ក៏បានជម្រុញឲ្យក្រសួងយុត្តិធម៌ ពិនិត្យករណីនេះជាបន្ទាន់។

ជុំវិញករណីនេះដែរ ត្រូវបានលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ បានប្រកាសគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ឲ្យតុលាការខេត្តកំពង់ស្ពឺ អន្តរាគមន៍ ដោះលែងតំណាងប្រជាពលរដ្ឋ២នាក់ ឲ្យមានសេរីភាពឡើងវិញ ក្រោយតុលាការចាប់ឃុំខ្លួនពួកគេ។

លោកបន្តថា “ខ្ញុំបាទ សូមគោរពស្នើសុំ សម្តេច បើកការស៊ើបអង្កេត លើសំណុំរឿងដ៏អយុត្តិធម៌ មួយនេះ ដោយក្តីអនុគ្រោះ” ។ លោក ប៉ាវ ស៊ីណា បានលើកឡើងពីការគាំទ្រនេះ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ព្រោះ លោកក៏ជាជនរងគ្រោះម្នាក់ ក្នុងនោះកាលពីថ្ងៃទី១២ មករា ២០១៦ សមាជិករបស់លោក៥នាក់ ត្រូវ បានរងគ្រោះដោយតុលាការខេត្តកំពង់ស្ពឺចាប់ឃុំខ្លួនផងដែរ។ លោកបន្តថា ខណៈជនល្មើសកំពុងធ្វើសកម្មភាព វាយសំពងទាំងកំរោល ដោយដំបង និងដែកបំពង់ទីប មកលើក្រុមការងាររបស់លោក មិនត្រូវបានមន្រ្តី ប៉ូលីស និងមន្រ្តីតុលាការ ធ្វើការចាប់ខ្លួន ជនទាំងនោះ មកផ្តន្ទាទោសតាមច្បាប់បែរជាមកចាប់ជនរងគ្រោះយកទៅវ៉ៃដំ បន្ថែមនិងឃុំខ្លួនដោយអយុត្តិធម៌ ទៅវិញ៕

 

(Update)៖ តំណាងប្រជាពលរដ្ឋទាំង២នាក់ ដែលត្រូវតុលាការខេត្តកំពង់ស្ពឺ ឃុំខ្លួនពាក់ព័ន្ធទំនាស់ដីធ្លី ត្រូវបានធានាឲ្យនៅក្រៅឃុំហើយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់