(​ស៊ី​រី​)៖ យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Daily Mail ឲ្យដឹងថា ក្រុម​ឧទ្ទាម ISIS បាន​គំរាម​វាយប្រហារ​ចក្រភព​អង់គ្លេស បន្តទៀត ​ក្រោយពេល​ប្រកាស​ទទួលស្គាល់​ថា ការវាយប្រហារ​នៅ​កណ្ដាល​ទីក្រុង​ព្រុច​សែ​ល ជា​ទង្វើ​របស់​ខ្លួន​ និងចាត់ទុកថា​ជាការសងសឹក។​ 

​សារព័ត៌មាន Daily Mail ចុះផ្សាយនៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ឲ្យដឹងថា ក្រុម​ឧទ្ទាម ISIS បាន​គំរាម​វាយប្រហារ​ចក្រភព​អង់គ្លេស ក្រោម​ពាក្យស្លោក​ថា “ទុក្ខវេទនា និង​ភាពជូរចត់​កាន់តែ​ច្រើន​ជាង​មុខ​” ដែល​ការ​គំរាម​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពេល​ប្រកាស​ទទួលស្គាល់​ថា ការវាយប្រហារ​នៅ​កណ្ដាល​ទីក្រុង​ព្រុច​សែ​ល ជា​ទង្វើ​របស់​ខ្លួន​។​

​ក្រុម ISIS ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការវាយប្រហារ​នៅ​កណ្ដាល​ទីក្រុង​ព្រុច​សែ​ល ប្រទេស​ប៊ែលហ្សិក គឺជា​ការ​សងសឹក ដល់​ប្រទេស​មួយ​នេះ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​ប៊ែលហ្សិក ចាប់​បញ្ជូន​សកម្ម​យុទ្ធ ISIS ដែល​មានឈ្មោះ​ថា Salah Abdeslam ជា​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​វាយប្រហារ​កណ្ដាល​ទីក្រុង​បារី​ស កាល​ពី​កន្លងទៅ​។​

​ក្រោយពី​កើតមាន​ករណី​វាយប្រហារ​ដ៏​សាហាវ​នេះ កងកម្លាំង​ពិសេស​ប៊ែលហ្សិក ចាប់ផ្ដើម​ធ្វើ​ការឆែកឆេ​តាម​លំនៅដ្ឋាន​ជា​ច្រើន​ជុំវិញ​ទីក្រុង​ព្រុច​សែ​ល ដោយ​បាន​រកឃើញ​គ្រាប់បែក និង​ឧបករណ៍​ផលិត​គ្រាប់បែក​ជាច្រើន ក្នុងនោះ​ក៏​មាន​ទង់ជាតិ​របស់ ISIS ផងដែរ ហើយ​ភ្នាក់ងារ​សម្ងាត់​ប៊ែលហ្សិក ក៏​បាន​បញ្ជាក់ថា ករណី​បំផ្ទុះ​គ្រាប់បែក​នេះ​គ៏មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជន​សង្ស័យ Salah Abdeslam ផងដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​មីនា​ម្សិលមិញ​នេះ មាន​ករណី​បំផ្ទុះ​គ្រាប់​ចំនួន​៣​ដង ដោយ​ពីរដង​នៅ​ក្នុង​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​ព្រុច​សែ​ល និង​ប៉ុន្មាន​នាទី​ក្រោយមក​ក៏​មាន​ករណី​ផ្ទុះ​មួយទៀត​នៅ​ចំណត​រថភ្លើង​ក្រោម​ដី ដោយ​បាន​សម្លាប់​មនុស្ស ៣៤​នាក់ និង​របួស​ជាង​១០០​នាក់​។

ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន​កណ្ដាល​ទីក្រុង​ព្រុច​សែ​ល ប្រទេស​ប៊ែលហ្សិក ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ក្រុម​កម្លាំង​ជំនាញ​ចេញ​ប្រតិបត្តិ​ការឆែកឆេ និង​ស៊ើបអង្កេត​នៅ​ជុំវិញ​ទីក្រុង​ព្រុច​សែ​ល នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន BBC នៅ​មុន​នេះ​បន្ដិច នា​ថ្ងៃ​ទី​២៣ ខែ​មីនា​។​

​ប៉ូលិស​បាន​បញ្ជាក់ថា ជនសង្ស័យ​ម្នាក់​ក្នុងចំណោម ៣​នាក់ ដែល​ត្រូវបាន​ថត​ដោយ​កាមេរ៉ា CCTV ក្នុង​អាកាសយានដ្ឋាន មានឈ្មោះ​ថា Najim Laachraoui ត្រូវបាន​ចាប់ខ្លួន និង​កំពុងតែធ្វើការ​ស៊ើបសួរ ខណៈ​ដែល​ជនសង្ស័យ​ពីរ​នាក់​ទៀត ត្រូវបាន​គេ​ដឹងថា ជា​បងប្អូន​នឹង​គ្នា មានឈ្មោះ​ថា Khalid និង Brahim el-Bakraoui​។

សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា​ នៅយប់មិញនេះ បានផ្ញើសាររំលែកទុក្ខជូនចំពោះលោក Charles Michel នាយករដ្ឋមន្រ្តី នៃប្រទេសប៊ែលហ្សិក និងបានសម្ដែងទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារជនរងគ្រោះដែលបាត់បង់អាយុជីវិត នៅក្នុងការវាយប្រហារភេរវកម្ម ចំនួន២កន្លែង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦៕

ISIS គំរាមវាយប្រហារចក្រភពអង់គ្លេស ក្រោយពេលសងសឹកប៊ែលហ្សិក បានសម្រេច

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់