(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ នៅថ្ងៃច័ន្ទនេះ បានថ្កោលទោសចំពោះការចាប់ខ្លួន លោក អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប កាលពីយប់រំលងអាធាត្រចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។

តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន គណបក្សសង្រ្គោះជាតិ លើកឡើងថា ការចាប់ខ្លួនលោក អ៊ុំ សំអាន គឺជាទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត ដែលបានធានាដោយច្បាប់ និងរដ្ឋធម្មនុញនៃព្រះរាជាចក្រកម្ពុជា។

សេចក្ដីថ្លែងការណ៍ បន្តថា មាត្រា៨០ នៃរដ្ឋធម្មនុញនៃព្រះរាជាចក្រកម្ពុជា បានចែងថា “តំណាងរាស្រ្តមានអភ័យឯកសិទ្ធិសភា។ តំណាងរាស្រ្តរូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬ ឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង”។

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ៖

គណបក្សសង្រ្គោះជាតិ ថ្កោល

សូមបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅវេលាម៉ោងប្រមាណជាង១២យប់រំលងអាធាត្រចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ​នៅ​ម្តុំផ្សារ​កណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេល​លោក​ចុះដកលុយនៅទូរ ATM របស់ធនាគារកាណាឌីយ៉ា។

ការចាប់ខ្លួននេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មណ្ឌលខេត្តសៀមរាប ​បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកបានចាកចេញទៅអាមេរិក កាលពីពាក់កណ្តាលឆ្នាំ២០១៥។

សមត្ថកិច្ចជាន់ខ្ពស់បានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ដូចករណីលោក ហុង សុខហួរ ដែរ។ ជាមួយគ្នានេះ អ្នកនាំពាក្យ​រដ្ឋសភាចាត់ទុក​ការ​​ចាប់ខ្លួន​តំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិមណ្ឌលសៀមរាប​ លោក អ៊ុំ សំអាន ជាករណីដូច​គ្នា​នឹង​ករណី​អតីតព្រឹទ្ធសភាគណបក្ស​សម រង្ស៊ី លោក ហុង សុខហួរ ដោយ​លោក​ចាត់​ទុក​ថា​នេះ​ជា “បទល្មើសជាក់ស្តែង”៕

 

CNRP៖ ការចាប់ខ្លួនលោក អ៊ុំ សំអាន គឺជាទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធអ្នកតំណាងរាស្រ្ត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់