(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ប្រមុខអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញសេចក្តីប្រកាសភ្លាមៗមួយ ដោយធ្វើការបដិសេធចំពោះ ការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ ដោយបានស្រង់សម្តីរបស់លោក​ ចុះផ្សាយខុសពីការពិតទាក់ទង នឹងការសម្រេចរបស់ ACU បើកកញ្ចប់ឯកសារប្រកាសទ្រព្យសម្បត្តិ របស់លោក កឹម សុខា។ 

យោងតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា៖ “សារព័ត៌មានថ្មីៗ ចុះផ្សាយនៅថ្ងៃទី២៤ ខែមីនា នៅម៉ោង១០៖៥៦នាទី ដោយអ្នកសរសេរឈ្មោះ រំដួល ចិត្រា បានសរសេរថា ACU ឲ្យ កឹម សុខា ទៅប្រកាសទ្រព្យសម្បត្តិជាថ្មីម្តងទៀត, ដោយលោកប្រធានអង្គភាពប្រឆាំង អំពើពុករលួយ សម្រេចហែកចោលសំបុត្រប្រកាសទ្រព្យសម្បត្តិរបស់ ឯកឧត្តម កឹម សុខា ចាស់ ហើយតម្រូវឲ្យឯកឧត្តម កឹម សុខា ប្រកាសទ្រព្យសម្បត្តិជាថ្មី”។

ពាក់ព័ន្ធនឹងព័ត៌មាននេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតបដិសេធយ៉ាងដូច្នេះថា “ប្រធាន អ.ប.ព មិនបាននិយាយយ៉ាងដូច្នោះ ឬមានន័យយ៉ាងដូច្នោះសោះ។ ពាក់ព័ន្ធនឹងប្រការនេះ អ.ប.ព សូមបញ្ជាក់ថា ប្រធាន អ.ប.ព បានបញ្ជាក់ ឯកឧត្តម កឹម សុខា បានប្រកាសទ្រព្យសម្បតិ្ត៣លើក ដោយត្រឹមត្រូវតាមពេលវេលាហើយ ប្រធាន អ.ប.ព សម្រេចហែកស្រោមសំបុត្រឯកសារ ប្រកាសទ្រព្យសម្បត្តិទាំង៣នេះ ដើម្បីពិនិត្យពីករណីទ្រព្យសម្បត្តិ តាមនីតិវិធីជាធរមាន”។ ប្រធាន អ.ប.ព គ្មានការនិយាយថា “ហែកចោលសំបុត្រប្រកាសទ្រព្យសម្បត្តិទាំង៣ របស់ឯកឧត្តម កឹម សុខា នោះទេ ហើយក៏មិនបាននិយាយថា នឹងឲ្យឯកឧត្តម កឹម សុខា មកធ្វើលិខិតប្រកាសទ្រព្យសម្បត្តិជាថ្មី ឬថាអង្គភាពនឹងរៀបចំលិខិតនៅថ្ងៃស្អែក ដើម្បីបើកឯកសារប្រកាសទ្រព្យសម្បត្តិថ្មី ដោយស្នើសុំឲ្យឯកឧត្តម កឹម សុខា ប្រកាសទ្រព្យសម្បត្តិម្តងនោះ ក៏គ្មានដែរ”។

សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU )នៅព្រឹកថ្ងៃព្រហស្បតិ៍ ម្សិលមិញ បានប្រកាសនៅក្នុងកិច្ចប្រជុំថា អង្គភាព សម្រេចទទួលយកពាក្យបណ្តឹងក្រុមនិស្សិត ដើម្បីបើកការស៊ើបអង្កេតលើកញ្ចប់ទ្រព្យសម្បត្តិលោក កឹម សុខា បន្ទាប់ពីបានរកឃើញថា សម្លេងនៅក្នុងខែ្សអាត់ដែលបែកធ្លាយ គឺជាសម្លេងលោក កឹម សុខា និង ស្រីមុំ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកខាងលើ មានប្រភព ថា “បន្ទាប់​ពី​ប្រកា​ស​ទទួល​ស្គាល់​​បណ្តឹង​​របស់​​យុវ​ជន​មួយ​ក្រុម​ប្រឆាំង​នឹង​ឯក​ឧត្តម​ កឹម សុខា ​នៅ​ព្រឹក​នេះ លោកប្រធាន​អង្គ​ភាព​ប្រឆាំងអំ​ពើ​ពុក​រលួយ​ បាន​សម្រេច​ហែក​ស្រោមសំបុត្រ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ឯក​ឧត្តម កឹម សុខា ចាស់​ ដើម្បីត្រួតពិនិត្យពីករណីទ្រព្យសម្បត្តិ បន្តនីតិវិធីជាធរមាន” ។

សារព័ត៌មាន នេះ បញ្ជាក់ថា “ការ​សម្រេចរបស់​ACU បែបនេះ ដោយសារតែអង្គភាព​នេះ សម្រេច​បន្តចំណាត់ការរបស់​ខ្លួនទៅលើ​ឯកឧត្តម កឹម សុខា បន្ទាប់ពី​​អង្គ​ភាព​នេះ រក​ឃើញ​ថា សំឡេងខ្សែ​អាត់​ដែលគេ​ផ្សព្វផ្សាយ​នោះ ពិតជា​សំឡេង​ឯកឧត្តម ​កឹម សុខា និងកញ្ញា ស្រីមុំ សាសងស្នេហាជាមួយ​គ្នា​មែន”។

លោក ឱម យ៉ិន​ទៀង បញ្ជាក់​ថា​ កន្លង​មក​​ ឯកឧត្តម កឹម សុខា បានប្រកាស​ទ្រព្យសម្បត្តិ ៣ លើក​រួចមក​ហើយ គឺនៅឆ្នាំ ២០១១ ឆ្នាំ ២០១៣ និងនៅឆ្នាំ ២០១៥។ ក្រោយពីបញ្ចប់ការប្រកាសសម្រេចនេះ លោក ឱម យ៉ិនទៀង មិនបានផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មានឡើយ បើទោះអ្នកសារព័ត៌មានព្យាយាមតាមសួរក៏ដោយ៕ (នេះបើតាមប្រភពដដែល)

 

ACU បដិសេធព័ត៌មាន ថា៖ ហែកចោលសំបុត្រប្រកាសទ្រព្យសម្បត្តិទាំង៣ របស់លោក កឹម សុខា ហើយប្រកាសជាថ្មី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់