(ភ្នំពេញ)៖ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំងអំពើពុករលួយ (ACU) ឲ្យដឹង នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦នេះ ថា អង្គភាព បាន​ឃាត់​ខ្លួន​ឯក​អគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​ លោក ស៊ុត ឌីណា មក​សាកសួរ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​អំពើ​ពុករលួយ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ​បានបញ្ជាក់ នៅថ្ងៃច័ន្ទ ទី០៤ ខែមេសា នេះ ថា ​លោក ស៊ុត ឌីណា ត្រូវបាននាំពីក្រសួងការបរទេសកម្ពុជា មក​សាកសួរ នៅ​ម៉ោង​ប្រមាណ​៨ព្រឹកនេះ​​ ក្រោយពី​លោក​ត្រឡប់​​មក​ពីប្រទេ​សកូរ៉េខាងត្បូងមក​ដល់កម្ពុជា​កាល​ពីយប់ថ្ងៃអាទិត្យ។​ លោក​ត្រូវឃាត់ខ្លួនមកសាកសួរពាក់​​ព័ន្ធ​នឹង​អំពើ​ពុករលួយ តាម​បណ្តឹង​មួយចំនួន។​ ទោះ​ជា​យ៉ាងណា លោកទេសរដ្ឋមន្ត្រី បដិសេធមិន​អត្ថាធិប្បាយលម្អិតលើការចោទប្រកាន់​​អំពើពុករលួយនេះ។​​

​កាលពីថ្ងៃទី​១៤ ខែមីនា លោក ស៊ុត ឌីណា​ បានផ្ញើ​សារមួយតាមរយៈ​Facebook ​របស់​​នាយករដ្ឋមន្រ្តី​ មេត្តា​ពិនិត្យ​និងផ្តល់យុត្តិធម៌ដល់រូបលោក ដោយ​លោកថា​លោក​​កំពុង​ត្រូវបាន​គេ​មូលបង្កាច់​និង​មានចេតនា​ទម្លាក់​​លោក​ចេញពីតំណែង​។​ ​លោកមានប្រសាសន៍ថា៖ “ហេតុអី រយៈពេលពីរឆ្នាំដែលខ្ញុំបាទបំពេញមុខងារជាឯកអគ្គរាជទូត នៅសាធារណរដ្ឋកូរ៉េ ដែលខ្ញុំបាទបានលះបង់គ្រប់យ៉ាង ដើម្បីរាជរដ្ឋាភិបាល ដើម្បីគណបក្សប្រជាជនកម្ពុជា បែរជាត្រូវទទួលរងនូវការរៀបចំសេណារីយ៉ូមូលបង្កាច់ បង្ខូចនិងមានការចាត់បញ្ជូនក្រុមមនុស្សមកធ្វើសវនកម្មពីរបីដង

លោក ស៊ុត ឌីណា បានបញ្ជាក់ក្នុងសារទៅនាយករដ្ឋមន្រ្តី​ថា៖ “បើខ្ញុំបាទមិនមានជំហររឹងមាំទេ គឺមិនអាចយកឈ្នះលើសមរភូមិការងាររដ្ឋបាល ការទូត និង នយោបាយដ៏ក្តៅនេះបានឡើយ។ មន្រ្តីដែលបញ្ជូនមកក្រោយៗនេះ គឺគ្មានមនសិការការងារ គ្មានភាពលះបង់ឬស្អាតស្អំ ក្នុងឋានៈជាមន្រ្តីបម្រើ​ពលករ និងពលរដ្ឋខ្មែរទេ គេគិតតែប្រមូលផ្តុំក្បាលគ្នារកគ្រប់ឧបាយកលប្តឹង មូលបង្កាច់និងបង្ខូចកេរ្ត៍ឈ្មោះខ្ញុំបាទ ដើម្បីកំចាត់ខ្ញុំបាទចេញពីតួនាទីដែលបម្រើរាស្រ្តនិងបាំងផលប្រយោជន៍ពួកគេនិងពួកនៅពីក្រោយខ្នង”។

លោក ស៊ុត ឌីណា ធ្លាប់​​បានប្រាប់សារព័ត៌មានក្នុងស្រុកថា លោក​ចង់​ផ្ញើសារនេះទៅកាន់​មន្រ្តីពាក់​ព័ន្ធ​មួយ​ចំនួន​ដែល​លោក​ថា​ចង់​ឲ្យ​ចេះធ្វើការជាមួយបញ្ញវន្តនិង​តាមបរិបទនៃ​កំណែ​ទម្រង់ស៊ីជម្រៅ​​​។​ លោក​មានប្រសាសន៍ថា​៖ “ខ្ញុំសរសេរ​ហ្នឹង​ក្នុងន័យ​ចង់​ឲ្យ​មន្រ្តី​ដែល​មក​បុក​រុក​ហ្នឹង ដឹងឭ។ ចង់​ឲ្យ​មន្រ្តីមួយចំនួន​ពាក់​ព័ន្ធហ្នឹង​ចេះ​ធ្វើ​ការ​ជាមួយ​បញ្ញវ័ន្ត​ ក្នុងបរិបទកំណែ​ទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​លុបបំបាត់អំពើ​ពុក​រលួយ​ មន្រ្តី​អសកម្ម កុំឲ្យគាត់នាំ​គ្នា​បង្ក​បរិយាកាស​ធ្វើ​ឲ្យ​ពិបាក​”។ លោក​បដិសេធ​មិន​អត្ថាធិប្បាយលម្អិត​លើ​បញ្ហា​ដែល​​លោក​ជួបប្រទះ។​

លោក ស៊ុត ឌីណា ​បន្ត​ថា​មូលហេតុ​ដែល​​លោក​សរសេរ​ជាសាធារណៈ​បែប​នេះ ដោយ​ថា​ចង់ឲ្យ​មានតម្លាភាពនិង​ឲ្យ​សាធារណជ​នបានដឹងពីបញ្ហានេះ​។ លោក​បញ្ជាក់​ថា​​លោក​មិន​បារម្ភពីការបាត់បង់តំណែង​ ដោយ​សារ​ការសរសេរ​សារបែបនេះ​នោះទេ។​

សូមបញ្ជាក់​ថា​ លោក ស៊ុត ឌីណា គឺអតីតប្រធានចលនានិស្សិតដែលគាំទ្រសម្តេចក្រុមព្រះ ហើយធ្លាប់ដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែពេលនេះលោកបានធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា៕

 

ACU ឃាត់ខ្លួនឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ពាក់ព័ន្ធអំពើពុករលួយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់