លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងគេចខ្លួននៅក្រៅប្រទេស នៅឡើយនោះ នៅលើ​បណ្ដាញ​សង្គម​ហ្វ៊េ​សប៊ុក​របស់​លោក​នា​រាត្រី​ថ្ងៃ​ទី២៥ ខែធ្នូ ឆ្នាំ២០១៥​ បានលើកឡើងនូវ៣ចំណុច ថាការផ្តល់​សម្បទាន រយៈពេល ៩៩ ឆ្នាំ លើ​ផ្ទៃដី​កម្ពុជា​រាប់​ម៉ឺន​ហិកតា ក្នុង​ខេត្ត​រតនគីរី ឲ្យទៅ​កងទ័ព​ប្រទេស​វៀតណា​ម គឺជា​កំហុស​មួយ​ធ្ងន់​ណាស់ ចំពោះ​ជាតិ ពី​ព្រោះ​ទង្វើរ​នេះ​នាំមក​នូវ​គ្រោះថ្នាក់ និង​ផលវិបាក​មួយចំនួន​ដល់​កម្ពុជា​។

ខណៈកំពុងមានវត្តមាននៅ​ក្រៅប្រទេស ដើម្បី​គេច​ចេញពី​ដី​កា​តាម​ចាប់ខ្លួនរបស់​តុលាការកម្ពុជានៅឡើយនោះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បន្ត​រិះគន់​រដ្ឋាភិបាលជាថ្មីទៀត ពី​ភាពមិនច្បាស់លាស់​នៃ​ការកំណត់​ខ្សែ​បន្ទាត់​ព្រំដែន ជាមួយ​ប្រទេស​វៀតណាម​។​

​លោក សម រង្ស៊ី បាន​សរសេរ​លើ​បណ្តាញ​សង្គម​ផ្លូវការរបស់លោក នា​ថ្ងៃ​ទី​២៥ ​ខែ​ធ្នូ ម្សិលមិញ​នេះថា ការផ្តល់​សម្បទានរយៈពេល៩៩ ឆ្នាំ លើ​ផ្ទៃរាប់​ម៉ឺន​ហិកតា ក្នុង​ខេត្ត​រតនគីរី ជាប់​ព្រំប្រទល់​ដែន​កម្ពុជា​-​វៀតណាម លោក​ថា​ឲ្យទៅ​កងទ័ព​ប្រទេស​វៀតណា​ម ជា​កំហុស​មួយ​ធ្ងន់​ណាស់ចំពោះ​ប្រទេសជាតិ។​

​មេ​បក្ស​ប្រឆាំង​រូបនោះ បានលើកឡើងនូវបីចំណុចដែលជាកំហុស​ដ៏​ធ្ងន់ធ្ងរ​ចំពោះជាតិ។ ទាំង៣ចំណុចនោះ រួមមាន៖ ១. បញ្ហា​កំណត់​បន្ទាត់​ព្រំដែន ឲ្យបាន​ត្រឹមត្រូវ និង​យុត្តិធ៌ម​ចំពោះ​ប្រទេស​កម្ពុជា ក្នុង​តំបន់​មួយ ដែល​ប្រទេស​វៀតណាម​គ្រប់គ្រង​រួចទៅហើយ​។ ២. គ្រោះថ្នាក់​ដល់​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព នៃ​ប្រទេស​កម្ពុជា​។ និង៣. ការកេងប្រវ័ញ្ច និង​ការបំផ្លាញ​ធនធានធម្មជាតិ (​មាន​ព្រៃឈើ​ជា​ដើម​) របស់​ប្រទេស​កម្ពុជា ពី​សំណាក់​ប្រទេសជិតខាង​។ លោក ថា មួយឆ្នាំៗ សម្បទាន​ព្រៃឈើ ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យទៅ​ក្រុមហ៊ុន​បរទេស ផ្តល់​ឲ្យ​ប្រទេស​កម្ពុជា​មក​វិញ នូវ​ប្រាក់ចំណូល​មិន​ដល់ ១០​លាន ដុល្លារ​ផង តែ​ប្រទេស​វៀតណាម ទទួលបាន​ប្រាក់​ចំណេញ​ពី​អាជីវកម្ម​ព្រៃឈើ​នេះ រហូតដល់​ទៅ ៨០០ លាន ដុល្លារ​។

ជាការកត់សម្គាល់ ការលើកឡើងយ៉ាងដូច្នេះ របស់លោក សម រង្ស៊ី ស្របពេលដែល នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ នេះ រដ្ឋាភិបាលកម្ពុជា-វៀតណាម កំពុងរៀបចំពិធីសម្ពោធបង្គោលព្រំដែននៅខេត្តជាប់គ្នាចំនួន២ នៅថ្ងៃតែមួយ ក្រោមអធិបតីភាព នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ដោយតាមគម្រោង នៅពេលព្រឹក សម្ពោធច្រកអន្តរជាតិ អូរយ៉ាដាវ ខេត្តរតនគិរី និងពេលរសៀល នៅបង្គោលព្រំដែនមួយទៀត នៅច្រកអន្តរជាតិភ្នំដិន ខេត្តតាកែវ។

ទោះជា​យ៉ាងណា ការលើកឡើងដដែលៗ ពីគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាមនេះ ជារឿយៗ តែងត្រូវគណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​គ្រប់គ្រង​អំណាច ធ្លាប់​ប្រកាស​ច្រាន​ចោល​ច្រើនដង ទៅ​នឹង​ការចោទប្រកាន់​នានាដែលថា ការបោះបង្គោល​ព្រំដែន ជាមួយ​វៀតណាមធ្វើឲ្យ​កម្ពុជា​បាត់បង់​ទឹកដី ។​

​ជាងនេះទៅទៀត មន្ត្រី​សំខាន់ៗរបស់​បក្ស​ប្រឆាំង ដែល​សកម្ម​ក្នុង​ការរិះគន់​បញ្ហា​ព្រំដែន ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជា​ឲ្យ​តាម​ចាប់ខ្លួន និង​ខ្លះទៀត​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​។ ដូច​ជា​តំណាងរាស្ត្រ លោក អ៊ុំ សំអាន កំពុង​គេចខ្លួន​នៅ​ក្រៅប្រទេស សមាជិក​ព្រឹទ្ធសភា​លោក ហុង សុខ​ហួរ កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​សជាដើម​៕

 

 

៣ចំណុច លោកសម រង្ស៊ី ថា ការផ្តល់សម្បទានរយៈពេល ៩៩ ឆ្នាំ ឲ្យទៅកងទ័ពប្រទេសវៀតណាម ជាកំហុសមួយធ្ងន់ណាស់ ចំពោះជាតិ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់