អ្នក​ប្រើប្រាស់ smartphone ភាគ​ច្រើន​តែង​ដោត​សាក​ទូរសព្ទ​ខ្លួន​ចោល​ពេល​យប់​ រួច​គេង​លក់ ដល់​ភ្ញាក់​ព្រឹក​ឡើង​ឃើញ​ថ្ម​សាក​ពេញ​បាត់។

សំណួរ​សួរ​ថា តើ​មាន​សុវត្ថិភាព​ដែរ​ទេ​បើ​សិន​ដោត​សាក​ថ្ម​ទូរសព្ទ​ទុក​ចោល​ពេញ​មួយ​យប់​បែប​នេះ? ឆាប់​ខូច​ថ្ម​ដែរ​អត់?

 

 

 

មាន​រឿង​ដែល​ប្រិយមិត្ត​អ្នក​អាន​មិន​ដឹង​ជា​ច្រើន​ជុំវិញ​ប្រធាន​បទ​សាមញ្ញ​បែប​នេះ។ បើ​សិន​អ្នក​ស្វែង​រក​ចម្លើយ​តាម​អ៊ីនធឺណិត​វិញ មាន​ច្រើន​បែប​ច្រើន​យ៉ាង ប៉ុន្តែ​មួយ​ណា​ជា​ការ​ពិត? ចង់​ដឹង​រឿង​ពិត សូម​ដាន​អាន​ដូច​ខាង​ក្រោម៖

លោក Shane Broesky សហ​ស្ថាបនិក​ក្រុមហ៊ុន​កាណាដា​ផលិត​ឧបករណ៍​សាក​ថ្ម Farbe Technik​ បាន​ឲ្យ​ដឹង​ថា “ការ​សាក​ថ្ម​ទុក​ចោល​ពេញ​មួយ​យប់​ គ្មាន​បញ្ហា​ទេ វា​មិន​ប៉ះពាល់​ដល់​ទូរសព្ទ​អ្នក​ឡើយ។ “ទូរសព្ទ​របស់​អ្នក​គឺ​ឆ្លាត​ណាស់។ ពេល​សាក​ថ្ម​ពេញ វា​ដឹង​ថា​ពេល​ណា​ត្រូវ​បញ្ឈប់​ចរន្ត​អគ្គិសនី​មិន​ឲ្យ​ចូល ដើម្បី​ការពារ​មិន​ឲ្យ​ថ្ម​សាក​ហួស​កំណត់”។

“ថ្ម​ប្រភេទ Lithium-ion អាច​មាន​ប្រតិកម្ម​មិន​ប្រក្រតី បើ​សិន​ទូរសព្ទ​របស់​អ្នក​ក្ដៅ ដែល​នាំ​ឲ្យ​មាន​បញ្ហា​ខូចខាត។ បើ​សិន​ទូរសព្ទ​អ្នក​ដាក់​ស្រោម (case) ដែល​មិន​អាច​ឲ្យ​កម្ដៅ​ភាយ​ចេញ​ពេល​សាក​ថ្ម កម្ដៅ​នេះ​នឹង​ធ្វើ​ឲ្យ​ថ្ម​កាន់​តែ​ក្ដៅ បង្ក​ជា​អុកស៊ីតកម្ម​ក្នុង​ថ្ម ដែល​ធ្វើ​ឲ្យ​សមត្ថភាព​ថ្ម​កាន់​តែ​ខ្សោយ និង​មាន​អាយុ​កាល​កាន់​តែ​ខ្លី”។ នេះ​មាន​ការ​ពន្យល់​របស់​លោក Shane។

ដូច្នេះ អ្នក​ត្រូវ​ដោះ​ស្រោម​ទូរសព្ទ​ចេញ ពេល​អ្នក​ត្រូវ​សាក​ថ្ម​ទូរសព្ទ ហើយ​​ដោត​ទុក​ចោល​រហូត។

អ្វី​ជា​វិធី​សាក​ថ្ម​ត្រឹមត្រូវ?

សហ​ស្ថាបនិក​ក្រុមហ៊ុន​ខាង​លើ​បាន​បក​ស្រាយ​ថា “​ការ​សាក​ថ្ម​ប្រភេទ lithium-ion ដ៏​ល្អ​បំផុត គឺ​សាក​ពេល​ថ្ម​សល់​ចន្លោះ ៥០% និង ៨០%។ ចំណុច​នេះ​អាច​ឲ្យ​អ៊ីយ៉ុង​ដែល​សាក​រួច​បន្ត​ដំណើរការ និង​ការ​ពារ​អាយុកាល​របស់​ថ្ម​អ្នក​បាន”។

ឬ​មាន​ន័យ​ថា ការ​ឧស្សាហ៍​ថ្ម​ញឹកញាប់ ធ្វើ​ឲ្យ​សុខភាព​ថ្ម​ល្អ​ប្រើ​បាន​យូរ​ ជា​ជាង​សាក​មួយ​ថ្ងៃ​ម្ដង​ហើយ​ពេញ។ វិធី​នេះ​ហាក់​ដូច​ជា​មិន​សូវ​ស្រណុក ប៉ុន្តែ​ជា​វិធី​សាក​ថ្ម​ទូរសព្ទ​ដ៏​ប្រសើរ​បំផុត បើ​សិន​អ្នក​ចង់​ឲ្យ​អាយុ​កាល​ថ្ម​ទូរសព្ទ​ប្រើ​បាន​យូរ មិន​ឆាប់​អន់​គុណភាព។

អ្វី​ត្រូវ​ជៀសវាង

Shane បន្ត​ថា “បញ្ហា​គំរាម​កំហែង​ធំ​បំផុត​ចំពោះ​ថ្ម​ គឺ​វដ្ដ​នៃ​ការ​សាក​ថ្ម (charge cycle)។ មួយ​វដ្ដ​នៃ​ការ​សាក​ថ្ម គឺ​ជា​ការ​សាក​ថ្ម​ចាប់​ពី​សូន្យ​ ឬ​ក្បែរ​សូន្យ​ភាគរយ រហូត​ដល់​ពេញ។ គ្រប់​ថ្ម​ទូរសព្ទ​ទាំង​អស់ មាន​ចំនួន​កំណត់​ (ប៉ុន្មាន​ដង) វដ្ដ​នៃ​ការ​សាក​ថ្ម មុន​ពេល​ខូច​”។

ជៀសវាង​ការ​សាក​ថ្ម​ពី​០%​ទៅ​ដល់​១០០% តាម​ដែល​អាច​ធ្វើ​ទៅ​បាន បើ​មិន​អ៊ីចឹងទេ ថ្ម​ទូរសព្ទ​នឹង​មាន​អាយុ​កាល​កាន់​តែ​ខ្លី ហើយ​ឆាប់​ខូច។

 

 

 

ប្រើ​ឆ្នាំង​សាក​ហ្ស៊ីន ឬ​មាន​គុណភាព

កត្តា​មួយ​ផ្សេង​ទៀត​ដែល​ត្រូវ​ពិចារណា​ពេល​សាក​ថ្ម​ smartphone គឺ​គុណភាព​នៃ​ឆ្នាំង​សាក ថា​តើ​ឆ្នាំង​សាក​នោះ​ហ្ស៊ីន ឬ​អាយ។

ឆ្នាំង​សាក​អាយ ឬ​ក្លែង​ក្លាយ មាន​តម្លៃ​ថោក តែ​គ្មាន​លក្ខណៈ​តាម​ស្ដង់ដារ ហើយ​ប្រឈម​គ្រោះថ្នាក់​ខ្ពស់។ ជាក់​ស្ដែង កង​ពន្លត់​អគ្គិភ័យ​ក្រុង​ឡុងដុង បាន​ចេញ​របាយការណ៍​កាល​ពី​ឆ្នាំ​មុន ដោយ​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការ​ឆេះ ឬ​រលាក បន្ទាប់​ពី​ឧប្បត្តិហេតុ​មួយ​ចំនួន​បង្ក​ឡើង​ដោយ​ឆ្នាំង​សាក iPhone ក្លែងក្លាយ។

សរុប

អ្នក​អាច​សាក​ថ្ម​ទូរសព្ទ​ទុក​ចោល​ពេញ​មួយ​យប់ ដោយ​គ្មាន​គ្រោះ​ថ្នាក់ បើ​សិន​ប្រើ​ឆ្នាំង​សាក​ហ្ស៊ីន និង​គ្មាន​ស្រោម​សំបក​ដែល​ធ្វើ​ឲ្យ​ទូរសព្ទ​កាន់​តែ​ក្ដៅ។ សូម​ចងចាំ​ចំណុច​ខាង​ក្រោម​នេះ៖

– ប្រើ​ឆ្នាំ​សាក​ហ្ស៊ីន ឬ​ឆ្នាំង​សាក​ជំនួស​ដែល​មាន​គុណភាព​ខ្ពស់ (តម្លៃ​ថ្លៃ​គួរសម)

– កុំ​ទុក​ឲ្យ​ទូរសព្ទ​ក្ដៅ​ខ្លាំង ពេល​សាក​ថ្ម (ពិនិត្យ​ស្រោម​ទូរសព្ទ ឬ​ទុក​លើ​កន្លែង​ក្ដៅ)

– ដើម្បី​សមត្ថភាព​ថ្ម​រក្សា​បាន​យូរ ព្យាយាម​សាក​ថ្ម​រវាង ៥០% និង ៨០%

– ជៀសវាង​ប្រើ​ទូរសព្ទ​ដល់​អស់​ថ្ម ហើយ​សាក​ពី០% ដល់​១០០%​ពេញ ញឹកញាប់​ពេក៕

ប្រភព៖ Sabay

អ្នក​ជំនាញ​បំភ្លឺ​រឿង “ដោត​សាក​ថ្ម​ទូរសព្ទ​ចោល​រហូត​ពេញ​មួយ​យប់ ​ត្រឹមត្រូវ​ដែរ​អត់?”

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់