កំពង់ឆ្នាំង ៖ ស្ពាន​ឆ្លង​អូរ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ស្រែ​ចាន ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស ដែល​ជា​ស្ពានឈើ​ចាស់​ទ្រុឌទ្រោម មិន​អាច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​បាន ក្រោយ​ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ និង​លោក​អភិបាលស្រុក បាន​ដាក់​សំណើរ​ជា​បន្តបន្ទាប់ នៅ​ពេល​ថ្មី​ៗ​នេះ ខាង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង បាន​ចុះ​ធ្វើការ​សាងសង់​តាម​សំណើរ​ប្រជាពលរដ្ឋ ដើម្បី​សម្រួលការ​ធ្វើរ​ដំណើរ​របស់​ពួក​គាត់​ក្នុង​តំបន់​នោះ សម្រាប់​ដឹក​ជញ្ជូន​ស្រូវ​អង្ករ និង​សម្ភារៈ​ផ្សេង​ៗ ។

 

យោងតាមអាជ្ញាធរ​ភូមិ និង​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្រែ​ចាន ឃុំ​ទួល​ខ្ពស់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ពាន​ឆ្លងកាត់​អូរ​មួយ​កន្លែង​ខាងលើ​នេះ កាល​ដើម​ឡើយ​ជា​ស្ពានឈើ​ទ្រុឌទ្រោម ដែល​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ប្រជាពលរដ្ឋ​បាន​រុះ​យក​ឈើ​ពី​វិហារ​ចាស់ មក​កសាង​បាន​ស្ពានឈើ​សម្រាប់​ឆ្លងកាត់ តែ​ក្រោយមក​ច្រើន​ឆ្នាំ​ស្ពានឈើ​មួយ​នេះ ក៏​បាន​ចាស់​បាក់​ទ្រុឌទ្រោម មិន​អាច​ឲ្យ​បើកបរ​គោ​យន្ត រថយន្ត​ដឹក​ជញ្ជូន​សម្ភារ​ផ្សេង​ៗ ឆ្លងកាត់​បាន ពេល​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ស្ពាន​លិច​ទឹក សិស្ស​ទៅ​រៀន​មិនកើត  ដោយសារ​បញ្ហា​នេះ​ហើយ ទើប​អាជ្ញាធរ​ភូមិ​ឃុំ ស្រុក​បាន​ដាក់​សំណើរ​ទៅ​អាជ្ញាធរ​ខេត្ត។ បន្ទាប់ពីដាក់សំណើររួចមក​ខាង​មន្ទីរ​សាធារណការ​ក៏បានចុះ​មក​សាងសង់​ស្ពាន​នៅ​ទី​នេះ ។ ក្នុង​នាម​ពួក​គាត់​ជា​អាជ្ញាធរ​ភូមិ និង​ប្រជាពលរដ្ឋ ពិតជា​សប្បាយ​រីករាយ​ក្រៃ​លែង និង​សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញា​ខេត្ត​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត និង​រាជរដ្ឋាភិបាល​ដែល​បាន​យកចិត្តទុកដាក់​កសាង​ស្ពាន​មួយ​កន្លែង​នេះ សម្រាប់​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ដែល​ត្រូវ​ឆ្លងកាត់​ស្ពាន​នេះ​ជា​រាងរាល់ថ្ងៃ ពិសេស​សិស្សសាលា ។

Screenshot_1 Screenshot_2

តាម​ការ​ឲ្យ​ដឹង​ពី​លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង​បានដឹង​ថា ៖ ស្ពាន​នោះ​ពិតជា​ចាស់​ទ្រុឌទ្រោម​មិន​អាច​ធ្វើ​ដំណើរ​បាន​មែន ក្រោយ​ពី​ទទួល​សំណើរ​របស់​អាជ្ញាធរ​មូលដ្ឋាន ក្រសួង​សាធារណការ​បាន​ដាក់​គម្រោង​កសាង​ស្ពាន​នៅ​តំបន់​នេះ មាន​ពីរ​កន្លែង​គឺ ស្ពាន​ស្រែ​ចាន និង​ស្ពាន រលុង ស្ថិត​ក្នុងភូមិ​ឃុំ​ខាងលើ​នេះ  ដោយ​ឲ្យ​ខាង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ជា​អ្នក​អនុវត្ត​គម្រោង ដោយ​កសាង​ជា “​ដា​ឡូ​” ដែល​ភាសា​ខ្មែរ​ហៅ​លូ​ជ្រុង ឬ​លូ​ប្រអប់ មាន​បណ្តោយ​ប្រវែង​៧​ម៉ែត្រ និង​ទទឹង​ប្រវែង ៦.៧៥​ម៉ែត្រ សាងសង់​ពី​បេតុង​សុទ្ធ ស្ពាន​ទាំង​ពីរ​នេះ​មាន​ទំហំ​ប៉ុន​ៗ​គ្នា ហើយ​គ្រោង​បញ្ជ​ប់​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ៕

អ្នកស្រុកទឹកផុសនឹងទទួលបានស្ពានថ្មីក្រោយស្ពានចាស់ទ្រុឌទ្រោម

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

leymas

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់