(ភ្នំពេញ)៖ លោកស្រី Rhona Smith អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ស្នើឲ្យរដ្ឋាភិបាលកម្ពុជាដាក់បញ្ចូលមេរៀនស្តីពីសិទ្ធិមនុស្សនៅក្នុង​កម្ម​វិធី​អប់រំ ដើម្បីធ្វើឲ្យការគោរពសិទ្ធិមនុស្សមានប្រសិទ្ធិភាព។

លោកស្រី Rhona Smith បាន​លើក​ឡើងបែបនេះ នៅក្នុងរបាយការណ៍មួយ ខណៈលោកស្រីបញ្ចប់ទស្សនៈកិច្ចលើកទី២​នៅ​កម្ពុជា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។

លោកស្រី បានលើកឡើងថា ការដោះស្រាយបញ្ហាសិទ្ធិមនុស្សត្រូវមានការ​ប្រាស័យទាក់ទងកាន់តែទូលាយឡើង និងមានការពង្រឹង​ការអប់រំក្នុងន័យទូលាយ​បំផុត។ ​លោកស្រីមានប្រសាសន៍ថា “វាតម្រូវឲ្យមានសិទ្ធិមនុស្ស​ដាក់​បញ្ចូលក្នុងកម្ម​វិធី​សិក្សា​នៅតាម​សាលា ដើម្បីចូលរួម​ចំណែកឲ្យ​កាន់​តែ​មានប្រសិទ្ធិភាពថែមទៀត​ដល់​ការ​យល់​ដឹង និង​ទទួលបាននូវ​សិទ្ធិមនុស្ស​ដែល​កម្ពុជាបានទទួលយកមកអនុវត្តរួចហើយនោះ”។​

បើតាមលោកស្រី Rhona Smith គឺរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា បាន​ស្នើឲ្យ​លោកស្រី​ជួយ​ពិនិត្យ​ឡើងវិញ​នូវ​កម្ម​វិធី​សិក្សា​ដើម្បី​ធានា​ឲ្យ​មានការ​ដាក់​បញ្ចូលនូវធាតុនានានៃការ​អប់រំ​សិទ្ធិមនុស្ស។

សូមបញ្ជាក់ថា លោកស្រី Rhona Smith បានចាប់ផ្តើមបំពេញទស្សនកិច្ចជាលើកទី២​ រយៈពេល១០ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ទី៣១ ខែមីនា កន្លងមកនេះ ក្នុងនោះ លោកស្រីបានជួបប្រជុំជាមួយ សមាជិកជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ព្រមទាំងសមាជិករដ្ឋសភា។ លោកស្រីក៏បានជួបផងដែរ ជាមួយតំណាងសង្គមស៊ីវិល ក្រុម អ.ស.ប ប្រចាំប្រទេសកម្ពុជា និងសហគមន៍ថែមទៀត។ ក្រៅពីនោះ លោកស្រី បានធ្វើទស្សនកិច្ច នៅតាមបណ្តាខេត្ត របស់កម្ពុជាមួយចំនួនទៀត ដើម្បីប្រមូលព័ត៌មានជាក់ស្ដែងដោយផ្ទាល់។

លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងជាប្រធានស្ដីទីក្រុមតំណាងរាស្ដ្រមតិភាគតិច នៃរដ្ឋសភា កាលពីរសៀលថ្ងៃទី៣០ ខែមីនា បានជួបប្រជុំពិភាក្សាការងារជាមួយ លោកស្រី Rhona Smith នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ ដែលក្នុងជំនួបពិភាក្សាការងារនោះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីស្ថានភាពសិទ្ធិមនុស្ស ដំណើរការលទ្ធិប្រជាធិបតេយ្យ និងស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្ន ជាពិសេសនៅមុនពេលបោះឆ្នោត៕

 

 

 

 

អ្នករាយការណ៍ពិសេស អ.ស.ប ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ដាក់មេរៀនសិទ្ធិមនុស្សចូលក្នុងកម្មវិធីអប់រំ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់