លោក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ផងនោះ បានក្រើនរំលឹកដល់អ្នកបើកបររថយន្តថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីបានកំណត់ថា អ្នកបើកបរគ្មានប័ណ្ណបើកបរ និងគ្មានប័ណ្ណ សម្គាល់យានយន្តត្រូវជាប់ពន្ធធនាគារពី ៦ថ្ងៃ ទៅ ១ខែ និងពិន័យជាប្រាក់ប្រមាណ ១០ម៉ឺន ទៅ ៨០ម៉ឺនរៀល។

អ្នកនាំពាក្យអគ្គស្នងការរងនគរបាលជាតិ​ លោក គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍បែបនេះ ខណៈនាវេលាម៉ោង១០ព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ បានបើកសន្និសីទព័ត៌មាន ប្រព្រឹត្តទៅនៅអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញលទ្ធផលប្រតិបត្តិការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល ៧ថ្ងៃ និងលទ្ធផលកិច្ចប្រជុំ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ដែលបានធ្វើឡើង កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦។

អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានថ្លែងប្រាប់អ្នកព័ត៌មាននៅក្រោយ កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៧ ខែមករា ម្សិលមិញថា «សម្រាប់ការផាកពិន័យអ្នកបើកបររថយន្ត ក្នុងករណីអ្នកបើកបរមិនមានប័ណ្ណបើកបរ (ពាក់មី) គឺត្រូវជាប់ពន្ធធនាគារពី ៦ថ្ងៃដល់ ១ខែ និងពិន័យជាប្រាក់ពី១សែនរៀល ដល់ ៨សែនរៀល។ ចំណែកម្ចាស់រថយន្ត ដែលរថយន្ត របស់ខ្លួនគ្មានប័ណ្ណសម្គាល់ គឺត្រូវផាកពិន័យជាប់ពន្ធនាគារពី ៦ថ្ងៃ ទៅ១ខែ និងពិន័យប្រមាណពី១០ម៉ឺន ទៅ ៨០ម៉ឺនរៀលផងដែរ»។

តែយ៉ាងណា ដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ ចំពោះការធ្វើប័ណ្ណបើកបរម៉ូតូ ដែលជាការតម្រូវតាមច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីនោះ សម្តេច ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ បានប្រកាសសម្រេចលុបចោល ពោលអនុញ្ញាតឲ្យ អ្នកបើកបរម៉ូតូមានកម្លាំងចាប់ពី 125CC ចុះក្រោម មិនចាំបាច់ធ្វើប័ណ្ណបើកបរនោះឡើយ។

ជារួម ប័ណ្ណសម្គាល់ម៉ូតូ ឬ ទោចក្រយានយន្ត នៅតែមានការផាកពិន័យដដែល តែមិនមានទោសទណ្ឌនោះទេ។ ក្នុងករណីប្រជាពលរដ្ឋមិនចង់ប្រើប្រាស់ ប័ណ្ណសម្គាល់យានយន្តច្បាប់ដើម គឺអាចប្រើប្រាស់ច្បាប់ថតចម្លងបានដោយមាន ការបញ្ជាក់ពីអាជ្ញាធរក្នុងមូលដ្ឋាន។ ការបញ្ជាក់នេះ មានរយៈពេល ០៣ថ្ងៃ ហើយតម្លៃសេវាតែ ១.០០០រៀលប៉ុណ្ណោះ ក្នុងមួយសន្លឹក។

ចំពោះបញ្ហាគ្រោះថ្នាក់ លោក គៀត ច័ន្ទថារិទ្ធ ក្នុងសន្និសីទព័ត៌មាន ព្រឹកនេះ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាដើម្បីជៀសវាងកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយថាហេតុ និងដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរ៕

អ្នកនាំពាក្យ៖ អ្នកបើករថយន្ត គ្មានប័ណ្ណបើកបរ និង គ្មានប័ណ្ណសម្គាល់ ត្រូវជាប់ពន្ធធនាគារពី ៦ថ្ងៃដល់១ខែ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់