(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ឲ្យដឹងថា ក្រសួងកំពុងអន្តរាគមន៍ជួយពលករខ្មែរ១៥នាក់ ដែលត្រូវអាជ្ញាធរថៃឃាត់ខ្លួន ពីលើទូកនេសាទថៃ២គ្រឿង ហើយពេលនេះពួកគេកំពុងស្ថិតនៅកន្លែងមានសុវត្ថិភាព។ 

សេចក្ដីប្រកាសព័ត៌មានរបស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឲ្យដឹងនៅព្រឹកថ្ងៃពុធនេះ ថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៦ អាជ្ងាធរថៃ បានឃាត់ទូកនេសាទថៃចំនួន២គ្រឿង ឃើញមានពលករខ្មែរ១៥ នាក់ ដែលអាជ្ងាធរថៃសង្ស័យ ជាជនរងគ្រោះ ដោយសារការជួញដូរមនុស្ស ក៏បាននាំយកទៅរក្សាទុក នៅមជ្ឈមណ្ឌលស្តារនិតិសម្បទាជនរងគ្រោះ ដោយការជួញដូរមនុស្សខេត្ត Ranong (រ៉ាក់ណង) ប្រទេសថៃ។ បន្ទាប់ពីបានទទួលព័ត៌មាននេះ លោក ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ ឲ្យចុះសួរសុខទុក្ខ ទំនាក់ទំនងជាមួយអាជ្ងាធរថៃ ជំរុញឲ្យមានការដោះលែងពលករទាំង១៥នាក់ បានឆាប់រហ័ស ហើយនិងទាមទារ សំណងពីក្រុមហ៊ុនទូកនេសាទថៃ ជូនដល់ពលករទាំងអស់។

លោក ជុំ សុន្ទរី បន្តទៀតថា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ស្ថានឯកអគ្គរាជទូត បានទៅសួរសុខទុក្ខពលករទាំង ១៥នាក់ នៅមជ្ឈមណ្ឌលខេត្ត Ranong (រ៉ាក់ណង) និង បានជួបអាជ្ងាធរមូលដ្ឋានរបស់ថៃ ដើម្បីដោះស្រាយ តាមការណែនាំរបស់ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ភាគីថៃ ឆ្លើយតបចំនួន ៣ចំណុច៖ ១) អាជ្ញាធរមូលដ្ឋានថៃ ស្នើសុំឲ្យពលករទាំងអស់ស្នាក់នៅក្នុងមជ្ឈមណ្ឌលមួយរយៈសិន ដើម្បី ធ្វើសាក្សី ក្នុងការចោទប្រកាន់ ក្រុមហ៊ុនទូកនេសាទថៃ ពីបទជួញដូរកម្លាំងពលកម្មមនុស្ស។ ២) នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ តុលាការនឹងកោះហៅសាក្សីទាំងអស់ ទៅផ្តល់ចម្លើយ។ តុលាការអាចពិចារណាអនុញ្ញាតឲ្យ ពលករចាកចេញពីថៃ ក្នុងករណីទទួលបានចម្លើយគ្រប់គ្រាន់ហើយ។ និង ៣) នៅពេលនេះ ក្រុមហ៊ុនទូកនេសាទ បានយល់ព្រមទូទាត់ ឲ្យពលករនូវទឹកប្រាក់ចំនួន ២៥០០០បាតក្នុងម្នាក់ៗ រួចហើយ ដោយប្រគល់ឲ្យមជ្ឈមណ្ឌលរក្សាទុកជូនដល់ជនរងគ្រោះ។

អ្នកនាំពាក្យក្រសួងការបរទេស ក៏បានបញ្ជាក់បន្ថែមទៀតថា តាមការពនិត្យរបស់ស្ថានទូត ពលករខ្មែរទាំងនេះ ត្រូវបានមជ្ឈមណ្ឌល យកចិត្តទុកដាក់មើលយ៉ាងល្អ ដោយមានកន្លែងស្នាក់នៅសមរម្យ ការហូបចុក៣ពេលក្នុងមួយថ្ងៃ និងម្ហូប៣មុខក្នុង១ពេល ស្ថានទូត ក៏បានទំនាក់ទំនង ជូនព័ត៌មានដល់គ្រួសារ ពលករទាំង ១៥ នាក់ រួចហើយ ដើម្បីកុំឲ្យមានការព្រួយបារម្ភ ហើយក៏បានជួយសម្រួលឲ្យសាច់ញាតិរបស់ពលករមួយចំនួន បាន ធ្វើដំណើរទៅសួរសុខទុក្ខដល់មជ្ឈមណ្ឌល។

សូមបញ្ជាក់ថា ពលករខ្មែរទាំង ១៥ នាក់នោះ មាន៥នាក់ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ, ៣នាក់ មានស្រុកកំណើត នៅខេត្តស្វាយរៀង, ២នាក់ មានស្រុកកំណើត នៅខេត្តកំពត, ៤នាក់ មានស្រុកកំណើត នៅខេត្តកំពង់ធំ, និងខេត្តកំពង់ចាម ១នាក់៕

 

អ្នកនាំពាក្យ៖ ពលករខ្មែរ១៥នាក់ ដែលអាជ្ញាធរថៃឃាត់ខ្លួនពីលើទូកនេសាទ កំពុងស្ថិតនៅកន្លែងមានសុវត្ថិភាព

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់