(ភ្នំពេញ)៖ ក្រសួងការបទេសកម្ពុជា នឹងមានវិធានការចំពោះជនបំផុសព័ត៌មានមិនពិត ជុំវិញរឿងធ្វើលិខិតឆ្លងដែន។ នេះបើតាមការអះអាងពីអ្នកនាំពាក្យ លោក ជុំ សន្ទរី។

លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា មានប្រសាសន៍ ឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែមីនា នេះ ថា ក្រសួង និងស្ថានទូតកម្ពុជា នៅបាងកក កំពុងរកមុខអ្នក ដែលបំផុសព័ត៌មានមិនពិត ជុំវិញរឿងធ្វើលិខិតឆ្លងដែន នេះ។ លោកថា មិនមែនជាលើកទី១ទេ ដែលមានជនខិលខូច បំផ្លៃព័ត៌មាននេះ ដូច្នេះ ប្រសីនបើមានចម្ងល់ ឬមានភាពមិនច្បាស់លាស់ សូមធ្វើទំនាក់ទំនង មកកាន់ក្រសួងកាបរទេសកម្ពុជា។

អ្នកនាំពាក្យដដែលរូបនេះ បញ្ជាក់ថា “ទោះបីជាស្ថានទូតកម្ពុជា ប្រចាំនៅក្រុងបាងកក ពុំមែនជាអ្នកចេញ ឬទទួលខុសត្រូវ ក្នុងការបែងចែកលិខិតឆ្លងដែនជូនពលករក្តី ប៉ុន្តែបងប្អូនពលករ ដែលបានជួបបញ្ហាខាងលើ អាចដាក់បណ្តឹងមកស្ថានទូត ហើយជាការល្អបំផុតភ្ជាប់មកនូវភ័ស្តុតាង ស្តីពីបាតុភាពអវិជ្ជមាន ដើម្បីងាយស្រួលឲ្យស្ថាប័ន មានចាត់វិធានការ សមស្របតាមផ្លូវច្បាប់”។

សូមបញ្ជាក់ថា ការព្រមានចាត់វិធានការចំពោះជនបំផុសព័ត៌មានមិនពិត ជុំវិញរឿងធ្វើលិខិតឆ្លងដែន ពេលនេះ ក្រោយពីមានសេចក្ដីរាយការណ៍អំពីករណីមនុស្សមួយក្រុមអះអាងថាជាមន្រ្តីមកពីស្ថានទូតកម្ពុជា ប្រចាំទីក្រុងបាងកក ដើរគៀងគរនិយោជគ និងពលករខ្មែរនៅថៃ ឲ្យបង់លុយពី៣០០០ ដល់ ៤០០០បាត ឬ ៥០០០ ដល់ ៦០០០បាត សម្រាប់ការចេញលិខិតឆ្លងដែន ឲ្យពលករខ្មែរខុសច្បាប់នៅថៃ យកទៅបំពេញបែបបទ ធ្វើជាពលករស្របច្បាប់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបទេស។

យ៉ាងណាក៏ដោយ តាមសេចក្តីប្រកាសព័ត៌មាន ពីស្ថានទូតកម្ពុជានៅបាងកក ដែលបានចេញផ្សាយ កាលពីថ្ងៃទី១១ ខែមីនា ឲ្យដឹងថា ស្ថានទូតកម្ពុជានៅថៃ បដិសេធជុំវិញព័ត៌មានថា យកលុយពីពលរដ្ឋក្នុងការធ្វើលិខិតឆ្លងដែនខុសច្បាប់ ជារឿងមិនពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថានទូតជាស្ថាប័នតំណាងប្រទេសជាតិ។

ក្រសួងការបរទេស បញ្ជាក់ថា ក្នុងបំណងទប់ស្កាត់ការរំលោភបំពានដល់ពលករខ្មែរដែលកន្លងមកបានចូលមកធ្វើការដោយខុសច្បាប់នៅថៃ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំគណកម្មការអន្តរក្រសួងឲ្យបញ្ជូនមន្ត្រីមកពីប្រទេសថៃ ដើម្បីចេញប័ណ្ណពលករកម្ពុជានៅបរទេស និងលិខិតឆ្លងដែនជូនពលករតាមតម្រូវការម្ចាស់ប្រទេស សម្រាប់យកទៅបំពេញបែបបទធ្វើជាពលការស្របច្បាប់៕

 

អ្នកនាំពាក្យ៖ ក្រសួងការបទេស នឹងមានវិធានការចំពោះជនបំផុសព័ត៌មានមិនពិត ជុំវិញរឿងធ្វើលិខិតឆ្លងដែន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់