(ភ្នំពេញ)៖ សេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធានការហាមការជក់ ឬការបង្ហុយផ្សែងផលិតផល ថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ បានកំណត់ថា សម្រាប់អ្នកជក់បារីនៅកន្លែងហាមឃាត់ នឹងត្រូវពិន័យ២ម៉ឺនរៀល ចំណែកម្ចាស់ទីតាំង ដូចជាម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ដែលមិនបានបិទស្លាកសញ្ញាហាមជក់បារី ហើយដាក់ចានគោះបារីឲ្យភ្ញៀវ នឹងត្រូវពិន័យ៥ម៉ឺនរៀល។ 

សេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធានការហាមការជក់ ឬការបង្ហុយផ្សែងផលិតផល ថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ ដែលត្រូវបង្ហាញនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ នេះ ត្រូវក្រសួងសុខាភិបាលបានរៀបចំតាក់តែងឡើង ក្នុងគោលបំណងចូលរួមការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ, ការពារនិងទប់ស្កាត់ ការរងផ្សែងផលិតផលថ្នាំជក់ ដែលបង្កឲ្យមានហានិភ័យសុខភាពដល់អ្នកនៅជុំវិញ និងបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់​ផលិតផលថ្នាំជក់។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ឲ្យដឹងថា សេចក្តីព្រាងអនុក្រឹត្យនេះ បានឆ្លងអង្គប្រជុំអន្តរក្រសួង នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ហើយត្រូវបានលើកយកមកពិភាក្សា និងអនុម័តរួចរាល់ហើយ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦នេះ ដោយមានការកែសម្រួលពាក្យពេចន៍ និងខ្លឹមសារមួយចំនួន។ នៅក្នុងសេចក្តីព្រាងអនុក្រឹត្យនេះ បានបញ្ជាក់ថា ការផាកពិន័យខាងលើ បើប្រៀបធៀបជាមួយបណ្តាប្រទេសក្នុងអាស៊ានទំហំ នៃប្រាក់ពិន័យរបស់កម្ពុជា មានលក្ខណៈអនុគ្រោះជាងគេក្នុងគោលបំណងជំរុញ ការចាប់អារម្មណ៍ និងដើម្បីអប់រំដល់ប្រជាជន អំពីគ្រោះថ្នាក់ នៃការជក់បារី។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការហាមការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ ក្រសួងសុខាភិបាលបានពិចារណាទៅលើតថភាពជាក់ស្តែង ក្នុងសង្គម និងលទ្ធភាព នៃការអនុវត្តអនុក្រឹត្យនេះប្រកបដោយប្រសិទ្ធភាព និងអនុលោមតាមស្តង់ដាអាស៊ានដោយនឹងកំណត់កន្លែង ហាមជក់ជាជំហានៗ នៅតាមទីតាំងមួយចំនួន តាមរយៈការចេញប្រកាសរបស់ក្រសួងសុខាភិបាល។

យោងតាមសេចក្តីព្រាងអនុក្រឹត្យ បានឲ្យដឹងថា ប្រទេសជាច្រើនក្នុងតំបន់អាស៊ាន ផាកពិន័យទឹកប្រាក់យ៉ាងច្រើនសម្រាប់អ្នក​ជក់បារី នៅតាមទីហាមឃាត់ ដូចជា ប្រទេសម៉ាឡេស៊ី ពិន័យជាប្រាក់ចំនួន ៣,០៣០ដុល្លារ ប្រទេសឥណ្ឌូនេស៊ី ៥,៥៨៧ដុល្លារ ប្រទេសប្រ៊ុយណេ ៧៩០.៧៤ដុល្លារ ប្រទេសសឹង្ហបុរី ៧៥៦ដុល្លារ ប្រទេសមីយ៉ាន់ម៉ា ១៥៧ដុល្លារ ទៅ ៧៨០ដុល្លារ ប្រទេសហ្វីលីពីន ១១ដុល្លារទៅ ២៥៧ដុល្លារ ប្រទេសថៃ ៦ដុល្លារ ទៅ ៦៥ដុល្លារ និងប្រទេសវៀតណាម ៤ដុល្លារ ទៅ ១៤ដុល្លារ។

របាយការណ៍របស់ក្រសួងផែនការ ឆ្នាំ២០១៤ បានបង្ហាញថា អ្នកមិនជក់បារី ៦០% កំពុងស្រូបផ្សែងបារីពីគេ។ ទីកន្លែងដែលប្រជាពលរដ្ឋកម្ពុជាស្រូបផ្សែងបារីពីគេខ្ពស់ជាងគេ គឺនៅភោជនីយដ្ឋាន/អាហារដ្ឋាន ៧៦% ក្នុងអគារធ្វើការរបស់រដ្ឋ ៤៩% និងនៅពេលធ្វើដំណើរការតាមមធ្យោបាយធ្វើដំណើរសាធារណៈ៣៤%។ បើធៀបទៅនឹងប្រទេសអាស៊ានទាំង១០ ប្រទេសកម្ពុជាមានអត្រាស្រូបផ្សែងបារីពីគេ ខ្ពស់ជាងគេនៅភោជនីយដ្ឋាន។ អត្រារងគ្រោះដោយសារស្រូវផ្សែងបារីពីគេខ្ពស់បំផុតក្នុងចំណោមអ្នកមិនជក់បារី៕

អ្នកជក់បារីនៅកន្លែងហាមឃាត់ត្រូវពិន័យ២ម៉ឺនរៀល រីម្ចាស់ទីតាំងមិនបានបិទសញ្ញាហាមជក់បារី ពិន័យ៥ម៉ឺនរៀល

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់