(ភ្នំពេញ)៖ អំឡុងបុណ្យចូលឆ្នាំចិន៣ថ្ងៃ នៅទូទាំងប្រទេសមានគ្រោះអគ្គិភ័យកើតទ្បើង១៤លើក ខណៈគ្រោះថ្នាក់ចរាចរស្លាប់៣៨នាក់។ នេះបើយោងតាមរបាយការណ៏របស់នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះរបស់ក្រសួងមហាផ្ទៃ និងរបាយការណ៍គ្រោះថ្នាក់ចរាចរផ្លូវគោកពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ។

អំឡុងថ្ងៃចូលឆ្នាំប្រពៃណីចិនរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ដល់០៩ ខែកុម្ភៈ ឆ្នាំ២០១៦ មានគ្រោះអគ្គិភ័យកើតទ្បើងនៅទូទាំងប្រទេសចំនូន១៤លើក ក្នុងនោះ ឆេះផ្ទះអស់ចំនួន១១៥ខ្នង បន្ទប់កម្មករ០៦ និងរោងលក់ទឹកត្នោតជូរ២រោង ផងដែរ។ នេះបើយោងតាមរបាយការណ៏របស់នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះរបស់ក្រសួងមហាផ្ទៃ​​ ឲ្យដឹងដូច្នេះ។

គ្រោះអគ្គីភ័យចុងក្រោយនេះ គឺកើតឡើងនៅខេត្តតាកែវ ដោយបានឆេះផ្ទះប្រជាពលរដ្ឋ នៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ រហូតមដល់នៅម៉ោងប្រមាណ៨យប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ តែបានរលត់ទាំងស្រុង បន្ទាប់ពីឆេះខ្ទេចគ្មានសល់ បើទោះបីរថយន្តពន្លត់អគ្គិភ័យ ព្យាយាមបាញ់ទឹកពន្លត់យ៉ាងណាក្តី។ ចំពោះមូលហេតុនៃការឆាបឆេះនេះ ត្រូវសមត្ថកិច្ចដាក់ការសន្និដ្ឋានជំហានដំបូងថា អាចមកពីទុស្សេចរន្តអគ្គិសនី ខណៈករណីមួយចំនួនទៀត បង្ករឡើងដោយការអុជធូបទៀនសែនកុងម៉ា ថ្ងៃបុណ្យចូលឆ្នាំចិន និងវៀតណាម។

ខណៈមានគ្រោះអគ្គិភ័យកើតទ្បើងគួរឲ្យកត់សម្គាល់នេះ ក៏មានផងដែរគ្រោះថ្នាក់ចរាចរសម្លាប់មនុស្សចំនួន៣៨នាក់ អំឡុងថ្ងៃចូលឆ្នាំប្រពៃណីចិនរយៈពេល៣ថ្ងៃនេះ ដោយរងរបួសចំនួន១២៧នាក់ ក្នុងនោះរបួសស្រាល៤២ និងរបួសធ្ងន់៨៧នាក់។

យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរផ្លូវគោកពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ បានបង្ហាញឲ្យដឹងថា រាជធានី-ខេត្ត ដែលគ្រោះថ្នាក់ និងរងគ្រោះច្រើនរួមមាន​​​​​​​៖ ខេត្ត រតនគីរី គ្រោះថ្នាក់ចរាចរ កើតឡើងចំនួន៤លើក ស្លាប់៦នាក់ និងរបួស៥នាក់។ ខេត្ត ព្រៃវែង គ្រោះថ្នាក់ចរាចរ កើតឡើងចំនួន៤លើក ស្លាប់៥នាក់ របួសម្នាក់។ រាជធានីភ្នំពេញ គ្រោះថ្នាក់ចរាចរ កើតឡើងចំនួន៣លើក ស្លាប់៤នាក់របួស៥នាក់។ ខេត្ត កណ្តាល គ្រោះថ្នាក់ចរាចរ កើតឡើងចំនួន៤លើក ស្លាប់៤នាក់របួស៧នាក់។ខេត្តកំពត គ្រោះថ្នាក់ចរាចរ កើតឡើងចំនួន៦លើក ស្លាប់៣នាក់ របួស១០នាក់។ ខេត្ត បន្ទាយមានជ័យ គ្រោះថ្នាក់ចរាចរ កើតឡើងចំនួន៦លើក ស្លាប់៣នាក់ របួស៧នាក់។

បើប្រៀបធៀបគ្រោះថ្នាក់ចរាចររយៈពេល៣ថ្ងៃ ដូចគ្នាក្នុងឆ្នាំ២០១៥គឺគ្រោះថ្នាក់ចរាចរក្នុងឆ្នាំ២០១៦ មានការកើតឡើង គឺ៧២លើក/៦៦លើក៕

 

 

អំឡុងបុណ្យចូលឆ្នាំចិន៣ថ្ងៃ នៅទូទាំងប្រទេសមានគ្រោះអគ្គិភ័យកើតទ្បើង១៤លើក ខណៈគ្រោះថ្នាក់ចរាចរស្លាប់៣៨នាក់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់