(ព្រះវិហារ)៖  អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តព្រះវិហារ បានរួមគ្នាបង្កើតគណៈកម្មការចម្រុះដោយបែងចែកជា៣ក្រុម ដើម្បីពង្រឹងប្រសិទ្ធភាពការងារអភិរក្សបេតិកភណ្ឌ និងគ្រប់គ្រងព្រៃ​​ឈើនៅ​តំបន់ប្រាសាទកោះកេរ។ 

ក្រុមការងារទាំង៣ដែលត្រូវបានរៀបចំឡើង រួមមាន៖ ទី១) ក្រុមការងារផ្សព្វផ្សាយ និងអប់រំសហគមន៍ក្នុងតំបន់អភិរក្សប្រាសាទកោះកេរ ដែលនឹងត្រូវបំពេញភារកិច្ចទៅ​លើការចុះផ្សព្វផ្សាយ​អំពីច្បាប់ការពារ​បេតិកភណ្ឌ អប់រំប្រជាពលរដ្ឋក្នុង​តំបន់ឲ្យយល់ដឹង និងចូលរួមក្នុងការងារអភិរក្សបេតិកភណ្ឌ និងព្រៃឈើ។

ក្រុមការងារទី២) គឺ ក្រុមការងារទប់ស្កាត់បទល្មើសព្រៃឈើ និងវិធានការផ្លូវច្បាប់។ ក្រុមនេះត្រូវបំពេញភារកិច្ចសំខាន់ៗ ទាក់ទងនឹង ការរៀបចំយុទ្ធសាស្ត្រថែរក្សាព្រៃឈើ និងបង្ក្រាបបទល្មើស​ព្រៃឈើផ្សេងៗ។

ចំណែកក្រុមការងារទី៣) គឺ ក្រុមការងារចងក្រងទិន្នន័យដីព្រៃ និងលំនៅឋាន។ ក្រុមនេះនឹងត្រូវស្រង់ទិន្នន័យដីលំនៅឋាន ដីស្រែ ដីព្រៃ ក្នុងតំបន់កោះកេរ ដែលបច្ចុប្បន្ន ធ្វើឡើងដើម្បីទប់ស្កាត់ការរុករានដី ធ្វើលំនៅឋាន និងកាន់កាប់ជាកម្មសិទ្ធិតាមរូបភាពផ្សេងៗ។

សមាសភាពក្រុម និងការបែងចែកភារកិច្ចខាងលើនេះ ត្រូវបានធ្វើឡើងនៅរដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក  ឈរ ថាណាត អគ្គនាយករងអាជា្ញធរជាតិអប្សរា និងជាប្រធានគណៈ​កម្មការចម្រុះនេះ។

គួររម្លឹកថា គណៈកម្មការចម្រុះគ្រប់គ្រង អភិរក្ស និងការពារព្រៃតំបន់ប្រាសាទកោះកេរ ដែលត្រូវបានបង្កើតឡើង កាលពីទី២០ ខែមករា ឆ្នាំ២០១៦កន្លងទៅ គឺក្នុងគោលដៅពង្រឹង​កិច្ចសហការរវាង​អាជ្ញាធរ​​ជាតិអប្សរា និងរដ្ឋបាលខេត្តព្រះវិហារ ដើម្ប ​ទប់ស្កាត់ បទល្មើសព្រៃឈើ និងការរុករានដីធ្វើជាកម្មសិទ្ធិក្នុងតំបន់អភិរក្សកោះកេរ។ ការបង្កើតក្រុមការងារចម្រុះនេះឡើង ស្រប​​ពេ​​​លដែលបទល្មើសព្រៃឈើនៅតំបន់អភិរក្សនេះ នៅតែបន្តកើតឡើង ដោយពេលខ្លះ ឈ្មួញទុច្ចរិតមាន​ទំាងអាវុធជាប់ដៃទៀតផង៕

 

អាជ្ញាធរជាតិអប្សរាបង្កើតគណៈកម្មការចម្រុះការពារអភិរក្សបេតិកភណ្ឌ និងគ្រប់គ្រងព្រៃឈើនៅតំបន់កោះកេរ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់