(សៀមរាប)៖ ដើម្បី​រួម​ចំណែក​ថែរក្សា​ការ​ប្រើប្រាស់​ឧបករណ៍​ខ្មែរ​បុរាណ​ និង​រក្សា​ទំនៀមទម្លាប់​ប្រពៃណី​ឲ្យ​បាន​គង់វង្ស ព្រម​ទាំង​ទាញ​ផល​ប្រយោជន៍​ពី​ឧបករណ៍​ទាំង​នេះ សម្រាប់​ការ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​ ទើប​អាជ្ញាធរ​ជាតិ​អប្សរា តាម​រយៈ​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហគមន៍ និង​បេតិកភណ្ឌ​អង្គរ ហៅ​កាត់​ថា ​ACHA សហការ​ជាមួយ​ប្រទេស​ញូវ​ហ្សេ​ឡែន បាន​ដឹក​នាំ​បង្កើត​សហគមន៍​ជិះ​រទេះគោ​ឡើង​។ នេះបើតាមប្រភពព័ត៌មានពីទំព័រFacebook របស់អាជ្ញាធរជាតិអប្សរា។

អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១០​ ខែកុម្ភៈ ឆ្នាំ២០១៦ បានបង្ហោះសារនៅលើទំព័រFacebook របស់ខ្លួនថា អាជ្ញាធរជាតិអប្សរាដឹកនាំបង្កើតសហគមន៍រទេះគោ នៅភូមិស្រះស្រង់ និងភូមិរហាល ដើម្បីបង្កើនចំណូលដល់ប្រជាពលរដ្ឋ។

អាជ្ញាធរជាតិអប្សរា លើកឡើងថា រទេះគោគឺជាយានជំនិះ និងជាឧបករណ៍ដឹកជញ្ជូនផលកសិកម្ម ដ៏យូរលង់របស់បុព្វបុរសខ្មែរ។ បច្ចុប្បន្ន មធ្យោបាយដឹកជញ្ជូននេះបានបាត់បង់ជាបណ្តើរៗ ដោយជំនួសមកវិញនូវគ្រឿងចក្រមានឡាន និងគោយន្តជាដើម។ នៅតំបន់អង្គរ មធ្យោបាយដឹកជញ្ជូននេះនៅមានប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃនៅឡើយ តែក៏មិនមានគ្រប់ផ្ទះ ឬច្រើនលើសលុបដូចសម័យបុរាណនោះដែរ។

ដើម្បីរួមចំណែកថែរក្សាការប្រើប្រាស់ឧបករណ៍ខ្មែរបុរាណ និងរក្សាទំនៀមទម្លាប់ប្រពៃណីឲ្យបានគង់វង្ស ព្រមទាំងទាញផលប្រយោជន៍ពីឧបករណ៍ទាំងនេះ សម្រាប់ការចិញ្ចឹមជីវិតប្រចាំថ្ងៃ ទើបអាជ្ញាធរជាតិអប្សរា តាមរយៈគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរ ហៅកាត់ថា ACHA សហការជាមួយប្រទេសញូវហ្សេឡែន បានដឹកនាំបង្កើតសហគមន៍ជិះរទេះគោឡើង។

ប្រភពព័ត៌មានពីទំព័រFacebook របស់អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា សហគមន៍នេះ បានប្រើប្រាស់រទេះគោដែលអ្នកស្រុកប្រើប្រាស់ប្រចាំថ្ងៃ មកដឹកជញ្ជូនភ្ញៀវទេសចរ ហើយបានកម្រៃផ្តល់មកម្ចាស់រទេះគោ និងសហគមន៍របស់ពួកគាត់។ សហគមន៍នេះបានបង្កើតឡើងនៅឆ្នាំ២០១០ ក្នុងភូមិរហាល និងស្រះស្រង់ខាងជើង។

លោក ទស្ស សុមនាថ ប្រធាននាយកដ្ឋានស្តីទីនៃនាយកដ្ឋានរៀបចំដែនដីនិងលំនៅឋាន ក្នុងឧទ្យានអង្គរ បានមានប្រសាសន៍ថាៈ ការបង្កើតគម្រោងនេះឡើង គឺដើម្បីជួយទាញចំណូលដោយផ្ទាល់ពីវិស័យទេសចរណ៍ឲ្យបានដល់ដៃប្រជាពលរដ្ឋ។ យើងជួយគាត់រៀបចំជាក្រុមឡើង ហើយឲ្យក្រុមគាត់ដំណើរការទៅដោយខ្លួនឯង។ យើងជួយគាត់ផ្នែកបច្ចេកទេសដូចជារៀបចំបញ្ជីស្នាម រៀបចំអង្គប្រជុំ និងជួយផ្សព្វផ្សាយទៅកាន់ភ្នាក់ងារទេសចរណ៍ សណ្ឋាគារ ក្រុមហ៊ុនឯកជនជាដើម។

អនុប្រធានសហគមន៍លោក ឈុំ សឿត បញ្ជាក់ថា ក្នុងសហគមន៍របស់យើងមាន ២០រទេះគោ។ ក្នុងការដឹកជញ្ជូនភ្ញៀវម្តងៗយើងយកកម្រៃ៧ដុល្លារ ដោយចំណូលនោះត្រូវបានបែងចែកជា៣ចំណែក គឺម្ចាស់រទេះគោបាន៥ដុល្លារ គណៈកម្មការគ្រប់គ្រង១ដុល្លារ និងសម្រាប់ជួយសហគមន៍១ដុល្លារ។ លោក សឿត បន្ថែមថា កន្លងមកនេះថវិកាហិបសហគមន៍របស់យើងបានចូលរួមការងារសង្គមមួយចំនួនដូចជា ចូលរួមកសាងផ្លូវក្នុងភូមិ ចូលរួមកសាងឈាបនដ្ឋាន ចូលរួមឧបត្ថម្ភក្រុមសន្តិសុខភូមិឃុំមានសុវត្ថិភាព។ល។

ទំព័រFacebook ដដែល បានស្រង់សម្ដីរបស់លោក សម កុសល បុគ្គលិកបច្ចេកទេសនៃគម្រោងACHA ទទួលបន្ទុកសម្របសម្រួលគម្រោងទេសចរណ៍ជិះរទេះគោ បញ្ជាក់ថា គម្រោងរបស់យើងបានព្យាយាមជួយដល់អ្នកស្រុកឱ្យមានលទ្ធភាពទាញយកប្រាក់ចំណូលដោយផ្ទាល់ពីភ្ញៀវទេសចរ តាមរយៈការលក់ផលិតផលទេសចរណ៍ សេវាកម្មទេសចរណ៍នេះឯង។ ដូច្នេះ បច្ចុប្បន្នភ្ញៀវទេសចរបរទេសបានមកលេងដល់ផ្ទះអ្នកស្រុកតែម្តង។

លោក កុសល រៀបរាប់ថា សព្វថ្ងៃនេះ យើងព្យាយាមជួយផ្សព្វផ្សាយបន្ថែមទៀត តាមរយៈការបោះពុម្ពផ្សាយខិត្តបណ្ណ ទំនាក់ទំនងទៅក្រុហ៊ុនឯកជន។ យើងក៏មានគម្រោងលើកបដាធំមួយនៅត្រង់ផ្លូវចូលសហគមន៍ ដើម្បីឲ្យភ្ញៀវទេសចរដែលមកដល់កន្លែងនេះ ហើយស្គាល់សហគមន៍កាន់តែច្បាស់៕

1  3 4 5

 

អាជ្ញាធរជាតិអប្សរាដឹកនាំបង្កើតសហគមន៍រទេះគោ រួមចំណែកថែរក្សាការប្រើប្រាស់ឧបករណ៍ខ្មែរបុរាណ និងបង្កើនចំណូលរបស់ប្រជាពលរដ្ឋ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់