(ភ្នំពេញ)៖ អាជ្ញាធរក្រុងភ្នំពេញ នឹងចាប់ផ្តើមបំពាក់ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ តទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ សាលារាជធានីភ្នំពេញ។

ក្នុងសេចក្ដីជូនដំណឹង ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ឲ្យដឹងថា ការអនុវត្តគម្រោងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងចរាចរណ៍ នេះ គ្រោងដំណើរការចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០១៧។ ក្នុងនោះការងារសំខាន់ៗ រួមមាន៖ មានការផ្លាស់ប្តូរស្លាកសញ្ញាចរាចរណ៍ចាស់ ហើយបំពាក់ភ្លើងសញ្ញាចរាចរណ៍ថ្មី ១០០ទីតាំង, ការបំពាក់កាមេរ៉ាវីដេអូចាប់រូបភាពចលនាយានយន្ត ១៨៩គ្រឿង និង CCTV កាមេរ៉ា ២៦គ្រឿង សម្រាប់ត្រួតពិនិត្យតាមដានស្ថានភាពចរាចរណ៍ នៅតាមចំណុចផ្លូវប្រសព្វនានា ក្នុងខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌចំការមន និងខណ្ឌទួលគោក, ហើយក៏នឹងមានការសាងសង់មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងបញ្ជាចរាចរណ៍មួយកន្លែងផងដែរ នៅក្នុងបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

សេចក្ដីជូនដំណឹងដដែល បញ្ជាក់ថា តំបន់អនុវត្តគម្រោងទាំងនេះ ស្ថិតនៅតាមដងផ្លូវ និងបែកខាងក្នុងនៃផ្លូវខ្សែក្រវ៉ាត់លេខ២៧១ ផ្លូវលេខ៥៩៨ ផ្លូវលេខ៣៣៧ ផ្លូវលេខ២៧៣ ផ្លូវលេខ៧០ វិថីព្រះស៊ីសុវត្ថិ មហាវិថីសម្តេចសុធារស និងមហាវិថីព្រះនរោត្តម ជាដើម។

សូមជំរាបថា ការអនុវត្តគម្រោងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងចរាចរណ៍ នៅរាជធានីខាងលើនេះ ត្រូវបានធ្វើឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ គោលបំណងនៃគម្រោងនេះ សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជាពិសេសក្នុងភូមិសាស្រ្តខណ្ឌទាំងបួនកណ្ដាលរាជធានីភ្នំពេញ (ខណ្ឌដូនពេញ, ខណ្ឌ៧មករា, ខណ្ឌចំការមន, និង ខណ្ឌទួលគោក)៕

អាជ្ញាធរក្រុង ដំណើរការបំពាក់ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ចាប់ពីពេលនេះរហូតដល់ដំណាច់ ខែមេសា ឆ្នាំក្រោយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់