ចិន និង​ស្រីលង្កា នៅថ្ងៃ​សៅរ៍​ទី ២៩​កក្កដា ២០១៧ បាន​ចុះ​ហត្ថលេខា លើ​កុងត្រា ទិញ លក់​កំពង់ផែ នៅ​តំបន់​ទឹកជ្រៅ Hambantota ដែល​ស្ថិតនៅ​ភាគខាងត្បូង​របស់​ប្រទេស​ស្រីលង្កា។ ទីក្រុង​កូឡុំបូ​សង្ឃឹម​យក​ប្រាក់ ដែល​មក​ពីការលក់​កំពង់ផែ ទៅដោះសង​បំណុល ដែលនៅក្នុង​នោះ មាន​មួយភាគ ជា​បំណុល​របស់​ចិន។

តាម​កុងត្រា​ដែល​ចុះ​ហត្ថលេខា នៅ​ថ្ងៃ​សៅរ៍ ដោយ​រដ្ឋាភិបាល​ស្រីលង្កា​បាន​ជំនះ លក់​កំពង់ផែ Hambantota ទៅ​ឲ្យ​ក្រុមហ៊ុន​រដ្ឋ​ចិន ក្នុង​តម្លៃ ១ពាន់ ១​រយ​លាន​ដុល្លារ សម្រាប់​គម្រោង​វិនិយោគ ៩៩​ឆ្នាំ។ សម្រាប់ ១ពាន់​លាន​ដុល្លារ ក្រុមហ៊ុន​រដ្ឋ ចិន​បាន​ទទួល​ផងដែរ ដីធ្លី ទំហំ ១៥ ០០០​ហិចតា នៅ​ក្បែរ​កំពង់ផែ សម្រាប់​ធ្វើ​ជាតំបន់​ឧស្សាហកម្ម។

 

កុងត្រា​លក់​កំពង់ផែ​ក្នុង​ស្រុក​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន ត្រូវ​បាន​ពន្យារ​ពេល ជាច្រើនដង ដោយសារ​ចលនា​ប្រឆាំង​ពី​សហជីព​កម្មករ​នៅ​កំពង់ផែ ផ្ទាល់ និង​ពី​សំណាក់​ក្រុមបក្ស​ប្រឆាំង​ស្រីលង្កា ដែល​បារម្ភ​ពី​ផលវិបាក​ពីរយ៉ាង។ ទីមួយ គេ​ខ្លាច​ក្រែង​ចិន​ប្រើ​កំពង់ផែ​ Hambantota ជា​មូលដ្ឋាន​ទ័ព និង​ទី២ គេ​បារម្ភ​ថា ចិន​បង្កើត​តំបន់​អាណានិគមកិច្ច នៅក្នុង​ទឹកដី​ស្រីលង្កា។ ដើម្បី​ធានាថា ចិន​នឹង​មិន​អាច​ប្រែក្លាយ​កំពង់ផែ ជា​កន្លែង​តាំងទ័ព​ចិន ទៅ​ថ្ងៃ​អនាគត រដ្ឋាភិបាល​ស្រីលង្កា​បាន​អះអាងថា ខ្លួន​បាន​បញ្ចុះ ចំណែក​ភាគហ៊ុន​របស់​ចិន នៅក្នុង​ការគ្រប់គ្រង​កំពង់ផែ ពី​៨០ មក​នៅ​៧០​ភាគរយ ចំណែក បញ្ហា​សន្តិសុខ ការធ្វើ​គមនាគមន៍​ផ្លូវទឹក ត្រូវ​គ្រប់គ្រង និង​សម្រេច ដោយ​រដ្ឋាភិបាល​ស្រីលង្កា គឺ​មិនមែន​ដោយ​ភាគី​ក្រុមហ៊ុន​ចិន​នោះឡើយ។

កំពង់ផែ Hambantota​ចាប់​បើក ដំណើរការ​នៅ​ឆ្នាំ ២០១០ នៅក្រោម​ជំនួយ​ឥណទាន​របស់​ចិន ប្រមាណ ១ពាន់ ៣រយ​លាន​ដុល្លារ។ ដោយសារ​ទីតាំង​សេដ្ឋកិច្ច មិន​សូវ​អំណោយផល ព្រោះថា ទំនិញ​ភាគច្រើន​ត្រូវ​ស្រូប​ដោយ​កំពង់ផែ ដ៏ធំ ​នៅ​ក្រុង​កូឡុំបូ កំពង់ផែ Hambantota រក​ប្រាក់​ចំណូល មិន​សូវបាន និង​បាន​ធ្វើ​ឲ្យ​រដ្ឋ​ស្រីលង្កា​ជាប់បំណុល ដោយសារ​តែ​ការខាតបង់​ប្រមាណ ៣០០​លាន​ដុល្លារ ចាប់តាំង​ពី​បើក​សម្ពោធ​កំពង់ផែ។

នៅ​ថ្ងៃ​សុក្រ នាយករដ្ឋមន្រ្តី ស្រីលង្កា​បាន​និយាយ​ប្រាប់​អ្នកកាសែតថា កុងត្រា​លក់​កំពង់ផែ Hambantota​ទៅ​ឲ្យ​ចិន នឹងអាច​ជួយ​ឲ្យ​រដ្ឋាភិបាល​បាន​ប្រាក់​យក​ទៅ​សងបំណុល ជាតិ ដែល​មាន​ប្រមាណ​៦៥ ពាន់​លាន​ដុល្លារ ដែលនៅក្នុង​នោះ ៨ពាន់​លាន​ដុល្លារ ជា​បំណុល​ដែល​ស្រីលង្កា​ជំពាក់​ចិន។

 

ស្ថិតនៅ​ក្នុង​តំបន់​ទឹកជ្រៅ កំពង់ផែ​ Hambantota​ជា​កំពង់ផែ​ទី២ របស់​ស្រីលង្កា ដែល​ចិន​បាន​ផ្តល់​ថវិកា​សាងសង់ ក្រោម​ស្លាក​ប្រាក់ជំនួយ​ឥណទាន។ ឥណ្ឌា​ព្រួយបារម្ភ​ពីការពង្រីក​ដែន ជាពិសេស វត្តមាន​ទ័ព របស់​ចិន នៅ​ស្រីលង្កា ដែល​ស្ថិតនៅ​ចុងច្រមុះ ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឥណ្ឌា។ ប៉ុន្តែ ប៉េកាំង​បានអះអាង​ថា កំពង់ផែ​នៅ​ស្រីលង្កា​នឹង​ដើរតួ​ជា​ចំណត​សំខាន់ នៅក្នុង​នយោបាយ​សេដ្ឋកិច្ច ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ ដែល​ចិន​ត្រូវការ​ប្រើ​សម្រាប់​ភ្ជាប់​ពី​អាស៊ី ទៅ​អឺរ៉ុបឡើយ៕

ស្រីលង្កាកំពុង​​​លក់​​កំពង់ផែ​ដ៏​ចម្រូងចម្រាស​ទៅ​ឲ្យ​ក្រុមហ៊ុននៅ​ចិន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Oeun Sophea

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner

មតិយោបល់