សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ ក្នុងពិធីចែកសញ្ញាបត្រដល់ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលធ្វើឡើងនៅកោះពេជ្រ បានថ្លែងឲ្យដឹងថា សម្ដេចនឹងស្នើឲ្យមានការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយចែងថាប្រធានគណបក្សទាំងអស់នៅកម្ពុជា ត្រូវមានសញ្ជាតិតែមួយប៉ុណ្ណោះ។

ស្របពេលឯកឧត្តម សម រង្ស៊ី មានសញ្ជាតិបារាំង សម្ដេចហ៊ុន​ សែន ថានឹងស្នើឲ្យរៀបចំច្បាប់ កំណត់ប្រធាន គណបក្ស ត្រូវមានសញ្ជាតិតែមួយ។

ថ្លែងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃ​សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត​និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែល​ធ្វើឡើង​នៅកោះពេជ្រ បុរសខ្លាំងកម្ពុជា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារនយោបាយ​ដល់គណបក្សនយោបាយនានា​ដែលចូលរួមប្រកួតប្រជែង​​ក្នុងពេលខាងមុខ​ដោយ​បញ្ជាក់ថា​ ចាប់ពីឆ្នាំ២០១៦ទៅ​ មេដឹកនំាគណបក្សនយោបាយ​ទំាងអស់ត្រូវមានសញ្ជាតិតែមួយ។ សម្ដេចហ៊ុន សែន បានប្រកាសជំហរថា នឹងស្នើ​ឲ្យ​ក្រុមការងារ​ដើម្បីពិភាក្សា​ពី​ការធ្វើ ​វិសោធនកម្ម​ច្បាប់ស្តីពីគណបក្ស​នយោបាយ បញ្ចូល​ចំណុច​មួយ​ដែល​ចែង​ថា​ប្រធាន គណបក្ស​នយោបាយ​ត្រូវ​មាន​សញ្ជាតិតែមួយ​ប៉ុណ្ណោះ។​​

សម្ដេចនាយករដ្ឋមន្រ្តី បានថ្លែង​បែប​នេះ​ ក្រោយ​ពី​សម្ដេច​បាន​និយាយ​ពាក់​ព័ន្ធ​នឹង​ឯកឧត្តម ​ សម រង្ស៊ី ដែល​សញ្ជាតិ​បារាំង និង​កំពុ​ងនិរទេសខ្លួន​ពីការចាប់ខ្លួនពីសំណាក់តុលាការក្រុងភ្នំពេញ។​ សម្ដេចហ៊ុន សែន នៅព្រឹកនេះ បានសន្យាថា​នឹងកាត់ដៃខ្លួន​ឯង​ចោល​ ប្រសិនបើ​សម្ដេចស្នើឲ្យមានការលើកលែងទោស​ឯកឧត្តម ​សម រង្ស៊ី ជា​លើក​ទី៣។

សម្ដេច ហ៊ុន សែន ក៏​ស្នើ​ឲ្យ​មាន​ការ​ចែង​ថា​ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ប្រធាន​តុលាការ​កំពូល អគ្គព្រះរាជអាជ្ញា អគ្គសវនករ​និង​ប្រធានក្រុមប្រឹក្សាភិបាល​ប្រឆាំងអំពើ​ពុករលួយ ត្រូវ​មា​ន​សញ្ជាតិតែមួយ និង​បញ្ជាក់​ថា​ការមានសញ្ជាតិតែ​មួយ​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​ពី​បរទេស ពេល​មាន​បញ្ហាអ្វីមួយ។​

គួរបញ្ជាក់​ថា​ថ្មីៗនេះ រដ្ឋាភិបាលប្រកាស​​បង្កើត​គណៈកម្មការ​មួយ ដើម្បីសិក្សា​ស្រាវជ្រាវ​រៀបចំសំណើ​វិសោ​ធនកម្ម​ច្បាប់ស្តីពី​គណ​បក្ស​នយោបាយ​ ដែល​មាន​សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​ជា​ប្រធាន។​​ គណបក្ស​សង្រ្គោះជាតិ​ក៏​នឹង​ចូលរួម​ពិភាក្សា​លើ​ការធ្វើវិសោធនកម្ម​លើ​ច្បាប់នេះផងដែរ។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់​មានប្រសាសន៍ថាបើតាមកិច្ច​ព្រមព្រៀងធ្វើឡើង​​កាលពីពេលថ្មីៗនេះ ​គណបក្ស​ទាំងពីរ​នឹង​បង្កើត​ក្រុមការងារ​ចំនួន​៣ គឺ​ក្រុមការងារដំឡើង​កម្រិត​ វប្បធម៌សន្ទនា ក្រុមការងារ​ពិនិត្យ​មើល​សេចក្តីព្រាងច្បាប់សហជីព និង​ក្រុមការងារពិនិត្យ​មើល​ច្បាប់​ស្តីពីគណ​បក្ស​នយោបាយ។​ លោក​បន្តថា​ការពិនិត្យ​លើ​ច្បាប់នេះ ស្ថិតក្នុងក្របខណ្ឌ​នៃ​កំណែ​ទម្រង់​ការបោះឆ្នោត​ ដែល​មាន​ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្រ្ត ច្បាប់បោះឆ្នោតឃុំ​សង្កាត់និង​ច្បាប់​គណបក្ស​នយោបាយនេះ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍ថា​ប្រទេសកម្ពុជា​ត្រូវ​ការធនធានមនុស្ស ហើយ​ដោយសារ​សង្រ្គាម​ស៊ីវិល ប្រជា​ពលរដ្ឋកម្ពុជា​ជាច្រើន​ត្រូវភៀសខ្លួន​ទៅប្រទេស​ទីបី។ លោក​បន្តថា​អ្នកនៅក្រៅប្រទេស​ជាមនុស្ស​មានឆន្ទៈ សមត្ថភាពនិង​ចំណេះដឹង ហើយ​ពួកគាត់​ចង់​ចូល​មកប្រទេស​ ដើម្បី​ជួយ​ប្រទេស​ជាតិ៕

 

ស្របពេលឯកឧត្តម សម រង្ស៊ី មានសញ្ជាតិបារាំង សម្ដេចហ៊ុន សែន ថានឹងស្នើឲ្យរៀបចំច្បាប់ កំណត់ប្រធានគណបក្ស ត្រូវមានសញ្ជាតិតែមួយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់