(​ភ្នំពេញ)៖ ​​​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦​នេះ បាន​​បើក​​សវនាការ​ជំនុំជម្រះ​កំបាំង​មុខ ​លើ​សំណុំ​រឿង​ក្ដី​លោក សុខ ប៊ុន ​ដែល​បាន​​ប្រើ​​អំពើ​ហិង្សា​​​វាយ​តប់​​ទៅ​លើ​អតីត​ពិធីការនី​ទូរទស្សន៍ ​CTN ​​កញ្ញា ឯក សុជាតា ​ហៅ សា​សា ដោយ​សម្រេច​លើក​​ពេល​​ប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦​ ខាង​មុខ​។

នៅក្នុងសវនាការនាព្រឹកថ្ងៃទី២៦ ខែម​ករា ឆ្នាំ២០១៦នេះ មិនមានវត្តកញ្ញា សាសា និងលោក សុខ ប៊ុន នោះឡើយ គឺមានតែវត្តមានមេធាវីរបស់ខ្លួនតែប៉ុណ្ណោះ។ សវនាការជំនុំជម្រះនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ ធ្វើឡើងនៅចំពោះមុខចៅក្រមជំនុំជម្រះលោកស្រី ស៊ លីនណា។

នៅក្នុងបណ្តឹងចោទពីបទ «ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់‍» ដើមបណ្តឹងកញ្ញា សាសា បានប្តឹងទាមទារសំណងជំងឺចិត្ត ប្រមាណ ២លានដុល្លារអាមេរិក ពីលោក សុខ ប៊ុន។

នៅក្នុងសវនាការនាព្រឹកនេះ ក៏បានលេចនូវរឿងដ៏គួរឲ្យភ្ញាក់ផ្អើលផងដែរ គឺកញ្ញា សាសា បានយល់ព្រមដកពាក្យបណ្តឹងលើលោក សុខ ប៊ុន តាំងពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីមានការសម្របសម្រួលរវាងឪពុកសាសា និងលោក សុខ ប៊ុន។ ការសម្របសម្រួលបញ្ចប់រឿងនេះ ត្រូវបានប្រភពបង្ហើបថា លោក សុខ ប៊ុន បានផ្តល់សំណងជំងឺចិត្តជូនទៅកញ្ញា សាសា ខ្ទង់លានដុល្លារ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ ដោយសារតែភាពជោកជាំនៃគ្រឿងស្រវឹងលោក សុខ ប៊ុន និងកញ្ញា សាសា បានផ្ទុះជម្លោះពាក្យសម្តី រហូតឈានដល់ការប្រើហិង្សាវាយទាត់ធាក់យ៉ាងធ្ងន់ធ្ងរ។

បន្ទាប់ពីការព្យាយាមរត់គេចខ្លួនអស់ជាច្រើនថ្ងៃ លោក ស៊ុន ប៊ុន ក៏បានចូលខ្លួនទទួលទោសតាមការអំពាវនាវរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ លោក សុខ ប៊ុន ត្រូវបានតុលាការចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ដោយចោទពីបទ «ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់‍»។ តែលោក សុខ ប៊ុន ត្រូវបានធានាឲ្យក្រៅឃុំ ក្រោមហេតុផលមានជំងឺជាប់ខ្លួន៕

សំណុំរឿងកញ្ញា សាសា ជាមួយលោក សុខ ប៊ុន ដើមបណ្ដឹងព្រមដកពាក្យ ក្រោយទទួលបានសំណងជំងឺចិត្ត២លានដុល្លារ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់