(ភ្នំពេញ)៖ សម្រាប់ថ្ងៃទិវានៃក្ដីស្រលាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានយកថ្ងៃនេះ រៀបចំមូលនិធិមួយហៅថា មូលនិធិក្តីស្រឡាញ់ដើម្បីរៃអង្គាសថវិការពីសប្បុរសជន ជួយឧបត្ថម្ភគំាទ្រចំពោះកុមារកំព្រា ពិការ គថ្លង់ និងជនចាស់ជរាគ្មានទីពឹងកម្ពុជា។

ជាការកត់សម្គាល់ឲ្យតែដល់ថ្ងៃទិវានៃក្ដីស្រលាញ់ ថ្ងៃ១៤កុម្ភៈ ជារៀងរាល់ឆ្នាំ ដែលមជ្ឈដ្ឋានមួយចំនួននៅតែយល់ច្រលំថា ជាថ្ងៃបុណ្យសង្សារនោះ មានយុវជនមួយចំនួននៅតែភ្លើតភ្លើន និងប្រើប្រាស់ទិវានេះ ជាលេសប្រព្រឹត្តនូវអំពើអវិជ្ជមាននានា ខុសឆ្គងគន្លងប្រពៃណីខ្មែរ។

ដោយមើលឃើញពីបញ្ហាប្រឈម និងផលប៉ះពាល់ទំាងអស់នេះ ក្រុមយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំមូលនិធិក្តីស្រឡាញ់ចំនួន៣លើកកន្លងមកហើយ ចាប់តំាងពីឆ្នំា២០១៤ រហូតដល់ឆ្នំា២០១៦នេះ ក្នុងគោលដៅជំរុញឱ្យបុត្រធីតាគ្រប់រូបត្រូវធ្វើអំពើជាកុសល​ដើម្បី​រំលឹក​​អំពី​ក្តី​ស្រលាញ់ ព្រហ្មវិហារធម៌ និងទឹកចិត្តកតញ្ញូតាធម៌ចំពោះ​លោកអ្នកមាន​គុណ​ដែល​​បានបង្កើត និង​​ចំណាយ​ពេលមួយជីវិតក្នុងការចិញ្ចឹមបីបាច់​ថែរក្សា និង​ អប់រំបុត្រធីតា​គ្រប់ៗរូប​ឲ្យក្លាយ​ជា​កូន​​ល្អ មិត្តល្អ សិស្សល្អ សម្រាប់សង្គមជាតិ។

ជាមួយគ្នានេះ គឺចង់ផ្ញើសារដល់យុវជនខ្មែរទំាងអស់យល់ឱ្យបានច្បាស់អំពីតម្លៃថ្ងៃនៃក្តីស្រឡាញ់ និងកែប្រែទស្សនៈ និងការយល់ឃើញនូវថ្ងៃ១៤កុម្ភះ ថាជា «ទិវាបុណ្យសង្សារ» ទៅជា «ថ្ងៃនៃក្តីស្រឡាញ់» ដែលខ្លួនអាចចូលរួមធ្វើសកម្មភាពរួមគ្នា ដើម្បីចែករំលែកធនធានថវិកា សម្ភារៈ សកម្មភាពជួយកុមារកំព្រា​ កុមារពិការ គថ្លង់ កុមារផ្ទុកមេរោគអេដស៍ ទុរគតជន ជនចាស់ជរាទីទាល់ក្រ  ឱពុកម្តាយ លោកគ្រូអ្នកគ្រូ និងអ្នកមានគុណ ជាដើម ។

ដោយឃើញពីស្មារតីរួបរួម សាមគ្គីគ្នាយ៉ាងសកម្មរបស់យុវជនស្ម័គ្រចិត្ត និងដោយទទួលបានទំនុកចិត្ត និងភាពជឿជាក់ សកម្មភាពមូលនិធិក្តីស្រឡាញ់នៅឆ្នំា២០១៦នេះ ទទួលបានការគាំទ្រ និងមានការចូលរួមយ៉ាងសកម្មពីសំណាក់ មន្រ្តីរាជការ កងកំលាំង​ប្រដាប់អាវុធ តាមបណ្តាក្រសួង ស្ថាប័ន សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ ព្រះសង្ស អាជីវករ កម្មករកម្មការនី អ្នករត់ម៉ូឌុប និងមានការចូលរួមជាច្រើនទៀតពីសំណាក់សាធារណៈជន សរុបទទួលបានថវិកាចំនួន ៧៨,៤៤៣,​៤០០ លានរៀល និង ១១,៤១៩.០០ ដុល្លារសហរដ្ឋអាមេរិក ព្រមជាមួយសម្ភារៈមួយចំណួនទៀត (គិតត្រឹមម៉ោង៩:០០ យប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នំា២០១៦) ។

សូមបញ្ចាក់ថា ថវិកា និងសម្ភារៈទំាងអស់ដែលបានពីសប្បុរសជនខាងលើ គ្រោងនឹងបែងចែកយកទៅជួយតាមទីតំាង និងចំនួនដូចខាងក្រោម៖ ១-អង្គការកូលាប (កុមារកំព្រា គ្រួសារក្រីក្រ ក្មេងតាមចិញ្ចើមថ្នល់ ក្មេងទទួលរងអំពើហឹង្សា​ក្នុងគ្រួសារ សរុប ៧៩នាក់)​ ២-អង្គការSFODAS Orphanage (កុមារកំព្រា គ្រួសារក្រីក្រ និងកុមារផ្ទុកមេរោគអេដស៍ សរុប​ ៥០នាក់) ៣-អង្គការ CPCBO អង្គការ House of Family (កុមារកំព្រា ក្មេងចិញ្ចើមថ្នល់ សរុប ៣០នាក់) ៤-អង្គការបុរីទារកនិងកុមារ (ក្មេងផ្ទុកមេរោគអេដស៏ សរុប ១១៧នាក់) ៥-អង្គការការ៉ាម៉ាណា (កុមារពិការ និងផ្ទុកមេរោគអេដស៏ សរុប ១៥០នាក់) ៦-ផ្ទះបាយកុមារ (ក្មេងរស់នៅតាមសួនសាធារណៈ សំណង់មិនរៀបរយ ក្មេងរើសអេតចា កុមារសំទាន កុមារលក់ផ្កា លក់តាមហាងពេលយប់ និងលក់លៀសហាលជាដើម សរុប ៣០០នាក់) ៧-អង្គការ “ការអភិវឌ្ឍន៏ កុមារកម្ពុជា” (ក្មេងកំព្រា គ្រួសារក្រីក្រ សរុប ៤១នាក់) ៨-ជនចាស់ជរា ទុរគតជន និងទីទ័លក្រ រស់នៅតាមសំយ៉ាបផ្ទះ ទីផ្សារ លូទឹកស្អុយ សួនច្បារនៅលើផ្លូវថ្នល់ សរុប ៤០០នាក់ និង ៩-មន្ទីពេទ្យគន្ធរបុប្ផា៕

សហភាពសហព័ន្ធយុវជនកម្ពុជា យកថ្ងៃ១៤កុម្ភៈ រៀបចំ “មូលនិធិក្តីស្រឡាញ់” រៃអង្គាសថវិការពីសប្បុរសជន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់