(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ តំណាងសហជីព និងអង្គការសង្គមស៊ីវិល ចំនួន២១ស្ថាប័ន បានស្នើដល់រដ្ឋសភាឲ្យផ្តល់ពេលវេលាឲ្យបានគ្រប់គ្រាន់ដើម្បីផ្ដល់យោបល់ និងទទួលសំណើររបស់ពួកគេ ដាក់បញ្ចូលទៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព។ 

សេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ បានបង្ហាញឲ្យដឹងថា តំណាងសហជីព និងអង្គការសង្គមស៊ីវិល​ចំនួន ២១ស្ថាប័ន បានស្នើឲ្យរដ្ឋសភាផ្តល់ពេលវេលាគ្រប់គ្រាន់ សម្រាប់សហជីពផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីសហជីពឲ្យបានគ្រប់ជ្រុងជ្រោយ និងស្នើឲ្យយកសំណើរបស់សហជីពដាក់បញ្ចូលទៅ ក្នុងសេចក្តីព្រាងច្បាប់ ស្តីពីសហជីព។

តំណាងសហជីព និងអង្គការសង្គមស៊ីវិលខាងលើសង្ឃឹមថា សមាជិករដ្ឋសភាទាំងអស់ នឹងទទួលយកសំ​ណើរបស់សហជីពខាងលើ ដើម្បីឲ្យច្បាប់នេះធានាដល់ការរៀបចំ និងចូលរួមសកម្មភាពរបស់កម្មករ និយោជិតនាពេលអនាគត។

គួរកត់សម្គាល់ថា សេចក្តីថ្លែងការណ៍រួម របស់តំណាងសហជីព និងអង្គការសង្គមស៊ីវិល ខាងលើ ធ្វើឡើងខណៈសេចក្តីព្រាងច្បាប់ស្ដីពីសហជីព នឹងត្រូវរដ្ឋសភាលើកយកទៅពិភាក្សាពិគ្រោះយោបល់ នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ដែលគ្រោងនឹងរៀបចំធ្វើឡើងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ខាងមុន។

យ៉ាងណាក៏ដោយ យោងតាមសេចក្តីថ្លែងការណ៍រួមខាងលើ បានបញ្ជាក់ទៀតថា សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសហជីព ដែលគ្រោងធ្វើនៅថ្ងៃទី០៩ ខែមីនា ខាងមុខនេះ នៅក្នុងរបៀបវារៈ គឺផ្តល់ពេលវេលារយៈពេលកន្លះម៉ោងឲ្យភាគីពាក់ព័ន្ធសួរសំណួរ។ រយៈពេលនេះហើយ ដែលតំណាងសហជីព និងអង្គការសង្គមស៊ីវិល យល់ឃើញថា សិក្ខាសាលាខាងលើហាក់ដូចជា គ្មានអត្ថន័យក្នុងការពិគ្រោះយោបល់ ហើយមានពេលវេលាមិនគ្រប់គ្រាន់ សម្រាប់សហជីពឯករាជ្យដើម្បីបង្ហាញពីការព្រួយបារម្ភនូវមាត្រាមួយចំនួន ដែលជាកង្វល់របស់សហជីព។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​ថ្លែងថា សេចក្ដីព្រាងច្បាប់​នេះ​នៅតែ​ជា​ក្ដី​កង្វល់​របស់​សហជីព ហើយវា​ហាក់ដូចជា​ខ្លី​ពេក​សម្រាប់​ពេលវេលា​ផ្ដល់​ឲ្យ​ត្រឹមតែ ៣០​នាទី សម្រាប់​ឲ្យ​សហជីព​ផ្ដល់យោបល់​។​ ពាក់ព័ន្ធ​នឹង​ការស្នើ​របស់​សហជីព និង​សង្គម​ស៊ីវិល ខាងលើនេះដែរ  ទាំងអ្នកស្រី ជា វណ្ណាត អ្នកវិភាគ ពី​បញ្ហា​សង្គម និងលោក ណៃ វ៉ាន់ដា មន្ត្រី​នៃ​សមាគមន៍​អាដហុក ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍ​នៅ​កម្ពុជា បាន​ថ្លែង​គាំទ្រ និងដាក់ក្ដី​សង្ឃឹម​ថា រដ្ឋសភា​នឹង​យល់ព្រម​ទទួល​យក​តាម​ការស្នើ​នេះ​ មុនពេល​ធ្វើ​ការអនុម័ត ដើម្បី​ឲ្យ​ការពិភាក្សាក្នុង​សិក្ខាសាលា​ប្រកប​ដោយ​អត្ថ​ន័យ មិនមែន​គ្រាន់តែ​ជា​រូបភាព​ធ្វើឲ្យ​ល្អមើល​នោះទេ​។​

​សូមបញ្ជាក់​ថា សេចក្តីព្រាងច្បាប់​ស្តីពី សហជីព​ដ៏​ចម្រូងចម្រាស់​នេះ មាន ១៧ ជំពូក និង ៩១ មាត្រា ត្រូវបាន​យកមក​ដាក់​លើ​តុ ដើម្បី​បើក​ការពិភាក្សា​ជា​ថ្មី រវាង​ភាគី​សហជីព​កម្មករ ភាគី​តំណាង​ថៅកែ​រោងចក្រ​សហគ្រាស និង​ភាគី​រដ្ឋាភិបាល តំណាង​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ​។ ដោយ​មើលមិនឃើញ​មាន​ការកែប្រែ​អ្វី​ជា​ដុំកំភួន​នោះ ទើប​សហជីព​បាន​ដាក់​សំណើ​បន្ថែមទៀត ដើម្បី​ឲ្យ​ច្បាប់​នេះ​ធានា​ដល់​ការរៀបចំ និង​ចូលរួម​សកម្មភាព​របស់​កម្មក​រ​និយោជិត​នាពេល​អនាគត​។

សេចក្តីព្រាងច្បាប់នេះ នឹងត្រូវរដ្ឋសភាតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋសភា​នឹង​រៀបចំ​សិក្ខាសាលា​ពី​គ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពីស​ហ​ជីព នៅ​ថ្ងៃ​ទី​៩ មីនា ឆ្នាំ​២០១៦​ខាងមុខនេះ ដោយ​មាន​ការចូលរួម​ពី​សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ ព្រមទាំង​មន្ត្រី​នៃ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ព្រឹទ្ធសភា​ផងដែរ​៕

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍រួម របស់តំណាងសហជីព និងអង្គការសង្គមស៊ីវិល៖

1 2

 

សហជីពនិងសង្គមស៊ីវិល២១ស្ថាប័ន ស្នើរដ្ឋសភាផ្តល់ពេលវេលាឲ្យបានគ្រប់គ្រាន់ដើម្បីផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់