(ត្បូងឃ្មុំ)៖ សម្ដេច ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាកលវិទ្យាល័យ ហេង​ សំរិន ត្បូងឃ្មុំ (ស...ត) នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអះអាងជាថ្មីថាFacebook របស់សម្តេច មិនមែន​ប្រឆាំងនរណាទេ តែដើម្បី​ពន្លឿន​ការងារ​ជូន​ប្រជា​ពលរដ្ឋ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាកលវិទ្យាល័ ហេង​ សំរិន ត្បូងឃ្មុំ (ស.ហ.ស.ត) ពីខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញអំពីការបង្កើតទំព័រ Facebook របស់សម្តេច។ សម្តេច ហ៊ុន សែន អះអាងជាថ្មីថា ការបង្កើតទំព័រ Facebook នេះ មិនមែនដើម្បីប្រឆាំងនឹងនរណាម្នាក់នោះឡើយ តែបង្កើតឡើង ដើម្បីពន្លឿនការងារជូនប្រជាពលរដ្ឋ និងឲ្យកាន់តែ មានប្រសិទ្ធភាព។

សូមបញ្ជាក់ថា បន្ទាប់ពីការប្រកាសប្រើប្រាស់ជាផ្លូវការក្នុងរយៈពេលជាង ៤ខែ បច្ចុប្បន្នទំព័រ Facebook របស់នាយករដ្ឋមន្រ្តីកម្ពុជា មានអ្នកចុចគាំទ្រ (Like) ជាង ២,៣លាននាក់ហើយ។ តាមរយៈទំព័រ Facebook នេះ សម្តេច ហ៊ុន សែន បានទទួលសេចក្តីរាយការណ៍ដោយផ្ទាល់ពីប្រជាពលរដ្ឋ ដែលជួបនូវទុក្ខកង្វល់ និងបញ្ហានានា ហើយក៏បានឆ្លើយតប និងដោះស្រាយជូនពួកគាត់ភ្លាមៗផងដែរ។

ក្រៅពីការអះអាងជាថ្មីនេះ សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃព្រហសត្បិ៍នេះ ក៏បានបញ្ជាក់ថា បញ្ហារបស់ប្រជាពលរដ្ឋ មិនមែនជាបញ្ហាតូចតាចទេ ហើយសម្ដេចថាមិនចោលទម្លាប់ធ្វើការរងានោះទេ តែការបង្កើតFacebook គ្រាន់តែបន្ថែមល្បឿន ការងារប៉ុណ្ណោះ។ តែយ៉ាងណា សម្តេច ហ៊ុន សែន ក៏បានថ្លែងបញ្ឆិតបញ្ឆៀងឲ្យឯកឧត្តម សម រង្ស៊ី​ ប្រធានគណបក្សសង្រ្គោះជាតិ ថា កាលពីមុននិយាយអួតតែរឿង Facebook របស់ខ្លួន តែពេលនេះមានអ្នកគាំទ្រតិចជាងសម្តេច។

សូមរម្លឹកផងដែរថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្មីៗនេះ បានចេញលិខិតណែនាំដោយបញ្ជាឱ្យស្ថាប័ន ក្រសួងជំនាញ និងអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋ ដែលបានរាយការណ៍នៅលើបណ្តាញសង្គម Facebook នាយករដ្ឋមន្រ្តី ឱ្យទាន់ពេលវេលា។ សម្តេចនាយករដ្ឋមន្រ្តី នៅព្រឹកនេះ ក៏បានរំលឹកផងដែរអំពីការចាត់ចែងការងារមួយចំនួនជាមួយមន្រ្តីតាមប្រព័ន្ធ Whatsapp ក្រោយពេលទទួលបានសំណូមពរពីប្រជាពលរដ្ឋ។

សូមជម្រាបថា នៅ​​ព្រឹក​​ថ្ងៃ​ទី​១១ ​ខែ​​កុម្ភៈ ឆ្នាំ​២០១៦ នេះ សម្ដេច​ ហ៊ុន សែន និង​ភរិយា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ក្នុង​ពិធី​​សម្ពោធ​ដាក់​ឲ្យ​​ដំណើរ​ការ​ជា​ផ្លូវ​ការ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ និគមលើ (តំបន់​ចម្ការ​ម៉ៃ​សាក់) ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។

​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ (The University of Heng Samrin Tbongkhmum) គឺ​ជា​សាកលវិទ្យាល័យ​រដ្ឋ​មួយ ដែល​មាន​តួនាទី​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ស្រប​តាម​គោល​នយោបាយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។ សម្ដេច​ ហ៊ុន សែន បានសរសេរលើទំព័រ Facebook ថា សាកល​វិទ្យាល័យ​នេះ មាន​មហាវិទ្យាល័យ​ចំនួន​បី និង​វិទ្យាស្ថាន​បី ក្នុង​នោះ​មាន​ដូច​ជា​ មហាវិទ្យាល័យ កសិកម្ម មហាវិទ្យាល័យ​វិស្វកម្ម មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្ស​សាស្ត្រ វិទ្យាស្ថាន​ភាសាបរទេស វិទ្យាស្ថាន​បច្ចេកវិទ្យា​ព័ត៌មាន និង​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​៕

 

 

សម្តេច ហ៊ុន សែន អះអាងជាថ្មីថាFacebook របស់សម្តេច មិនមែនប្រឆាំងនរណាទេ តែដើម្បីពន្លឿនការងារជូនប្រជាពលរដ្ឋ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់